អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី បញ្ចេញ​ឯកសារ​បន្ថែម​បង្ហាញ​ថា​រូប​លោក​ជាប់​ពាក់​ព័ន្ធ​រឿង​ក្បត់​ជាតិ​ជាមួយ​លោក កឹម សុខា​

ប្រធាន​ស្តីទី​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ លោកសម រង្ស៊ី នៅយប់ថ្ងៃអាទិត្យ ទី២៦ ខែមករា បាន​បង្ហោះ​នូវ​ឯកសារ​បន្ថែម​ទៀត​ដែល​ចង់​បញ្ជាក់​ថា​រូប​លោក​ក៏​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ជាមួយលោក​កឹម សុខាដែរ។ ការ​បង្ហាញ​បន្ថែម​នេះ គឺ​បន្ទាប់​ពី​រូប​លោក​បាន​បង្ហោះ​នូវ​ឯកសារ​បែប​ជា​ច្រើន​រួច​មក​ហើយ។ មេធាវី​រដ្ឋា​ភិបាល​កម្ពុជា​ថា ឯកសារ​លោក​សម រង្ស៊ី អាច​យក​ធ្វើ​ជា​ភស្តុ​តាង​ដាក់​បន្ទុក​បន្ថែម​លើ​លោក​កឹម សុខា។ ប៉ុន្តែ​មេធាវី​លោក​កឹម សុខាវិញ លើកឡើងថា វា​គ្មាន​តម្លៃ​ជា​ភស្តុ​តាង​នោះ​ឡើយ​។ 

លោក សម រង្ស៊ី និង លោក កឹម សុខា
លោក សម រង្ស៊ី និង លោក កឹម សុខា @Internet
ផ្សាយពាណិជ្ជកម្ម

រូបភាព​៣សន្លឹក​បន្ថែមទៀត​ត្រូវបានលោក​សម រង្ស៊ី បង្ហោះនៅលើទំ​ព័រហ្វេសប៊ុក​របស់លោក​នៅថ្ងៃទី២៦ ខែមករាជា​មួយសារឌឺ​ដងផងទៅ​កាន់លោកនា​យករដ្ឋមន្រ្តីហ៊ុន សែន និង តុលាការ​កម្ពុជា។ រូបភាព​ទាំងនេះ គឺជាជំនួបរ​វាងលោកសម រង្ស៊ីនិងលោកកឹម សុខា ជាមួយ​មន្ត្រីជាន់ខ្ព​ស់នៃក្រសួ​ងការបរទេ​សជប៉ុន​កាលពីឆ្នាំ ២០១៦ ជំនួប​ជាមួយប្រធា​នសហភាពអ​ន្តរសភា(IPU)កាលពីឆ្នាំ២០​១៨ និង ជំនួបរវាងលោ​កសម រង្ស៊ីជាមួយរដ្ឋមន្ត្រី​ក្រសួងការបរទេ​សប្រទេសវៀតណា​មនៅទីក្រុ​ងហាណូយ កាលពីឆ្នាំ ២០០១។

ជាមួយនឹងរូបភាពទាំងនេះ លោកសម រង្ស៊ី ក៏បានអះ​អាងថា កាលលោកនៅ​ធ្វើជាប្រធា​នគណបក្សជា​តិខ្មែរ ប្រធានគណ​បក្សសម រង្ស៊ី និងជាប្រធានគណ​បក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១២-២០១៧ គឺលោ​កបានធ្វើសកម្មភាព​ជាមួយបរទេសច្រើនជាង ញឹក​ញាប់​ជាង និង​ស៊ី​ជម្រៅ​ជាង​លោក កឹម សុខា ឆ្ងាយ​ណាស់​ក្នុង​រយៈ​ពេល​២៥ ឆ្នាំកន្លង​ទៅ​នេះ​។ ដូច្នេះ​ហើយ លោក​ថា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន និង តុលាការ​កម្ពុជា​ត្រូវ​យក​រូប​លោក​ទៅ​កាត់​ទោស​ជំនួស​លោក​កឹម សុខា​។

សូម​បញ្ជាក់​ថា នេះមិនមែនជាលើកទី១ និងជាឯកសារទី១ទេដែ​លលោកស​ម រង្ស៊ី បានបង្ហោះដើម្បីជំរុញឱ្យ​តុលា​ការកម្ពុជាកាត់​ទោសលើរូ​បលោកជា​មួយលោកកឹម សុខា។ កាល​ពីសប្តាហ៍មុន ពោល គឺនៅមុនសវនាការលោកកឹម សុខា លោកសម រង្ស៊ី ក៏បានបង្ហាញ​រូបភាព និងឯក​សារជាច្រើន​បែបនេះ​ផងដែរ។ មេធាវីតំណា​ងឱ្យរដ្ឋាភិ​បាលកម្ពុជា លោកគី តិច បានអះអាងថា ឯកសារ និង​ការលើកឡើ​ងរបស់លោ​កសម រង្ស៊ី ទាំងនេះ​នឹងក្លាយជា​ភស្តុតាង​បន្ថែមនៅក្នុ​ងសំណុំរឿងក្បត់ជា​តិរបស់លោកកឹម សុខា។ ចំណែក លោកសម រង្ស៊ី ខ្លួនឯ​ងក៏នឹងមិន​រួចខ្លួននោះ​ដែរ។

ក៏ប៉ុន្តែ​មេធាវីកា​រពារក្តីលោក​កឹម សុខា គឺលោកផែង ហេង វិញ ធ្លាប់បា​នអះអាងប្រាប់​វិទ្យុបារាំង​អន្តរជាតិថា ការលើកឡើ​ងរបស់លោ​កសម រង្ស៊ីទាំងនេះ មិនអាចយ​កមកធ្វើភស្តុ​តាងបាននោះទេ ព្រោះជា​សម្តីបែបឌឺដងដាក់លោក​នាយករដ្ឋ​មន្រ្តីហ៊ុន សែន និង តុលាកា​រកម្ពុជាតែប៉ុណ្ណោះ​។ លោកគូស​បញ្ជាក់ទៀ​តថា ការលើកឡើង​ទាំងនេះមិនទាន់​អាចចាត់ទុក​បានថា ជាបទល្មើ​សបាននៅ​ឡើយទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ