អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី ជូន​ពរ​លោក ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា លោក សម រង្ស៊ី ជូន​ពរ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​។ ការ​ជូន​ពរ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ទំព័រ Twitter របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​សុក្រ ទី​៥ ឧសភា ម្សិលមិញ​។ អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​បាន​ចាត់​ទុកការ​ជូនពរ​របស់​លោក សម រង្ស៊ី ​ថា ​ជា​ការ​គួរ​សម​របស់​អ្នក​នយោបាយ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា បើ​ទោះ​បី​ជា​ឈ្លោះ​គ្នា​ខ្លាំង​យ៉ាង​ណា ក៏​អ្នក​នយោបាយ​មិន​ទុក​គ្នា​ជា​សត្រូវ​ដែរ គឺ​នៅ​តែ​អាច​​សម្ដែង​សមានចិត្ត​ស្រឡាញ់​រាប់​អាន​​គ្នា​បាន​ជា​ដរាប​។

សារ​ជូន​ពរ​របស់​លោក សម រង្ស៊ី ចំពោះ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​លើ​បណ្ដាញ​សង្គម Twitter ថ្ងៃ​ទី​៥ ឧសភា ២០១៧
សារ​ជូន​ពរ​របស់​លោក សម រង្ស៊ី ចំពោះ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​លើ​បណ្ដាញ​សង្គម Twitter ថ្ងៃ​ទី​៥ ឧសភា ២០១៧
ផ្សាយពាណិជ្ជកម្ម

«ខ្ញុំ​សូម​ជូន​ពរ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​»​។ នេះ​គឺ​ជា​អ្វី​ដែល​លោក សម រង្ស៊ី សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក នៅ​ថ្ងៃ​ទី​៥​ឧសភា​។ ការ​ជូន​ពររបស់​អតីត​ប្រធាន​បក្ស​ប្រឆាំង​​នេះ ធ្វើ​ឡើង​ខណៈ​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន កំពុង​តែ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ឯ​ប្រទេស​សិង្ហបុរី​។

សូម​ជម្រាប​ជូន​ថា លោក​នាយក​រដ្ឋ​មន្ដ្រី បាន​ធ្លាក់​ខ្លួន​ឈឺ និង​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​សិង្ហបុរី តាំង​តែ​ពី​ថ្ងៃ​ទី​៣​ខែ​ឧសភា​មក​ម្ល៉េះ​។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន បាន​បង្ហោះ​រូប​ថត​របស់​លោក​សម្រាក​នៅ​លើ​គ្រែ​ក្នុង​មន្ទីរ​ពេទ្យ ភ្ជាប់​ជាមួយ​សារ​ពន្យល់​ថា ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​លោក បណ្ដាល​មក​ពី​ការ​ហត់​នឿយ​ខ្លាំង​ពេក​។ ប៉ុន្តែ​លោក​នឹង​វិល​ត្រឡប់​​មក​បំពេញ​ការងារ​ជា​ធម្មតា​វិញ នៅ​ថ្ងៃ​ទី​៧​ឧសភា​។

ចំពោះ​ការ​ជូន​ពរ​របស់​លោក​សម រង្ស៊ី ឲ្យ​លោក​នាយក​រដ្ឋ​មន្ដ្រី​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​បាន​ចាត់​ទុក​ថា ​ជា​ការ​គួរ​សម​របស់​អ្នក​នយោបាយ។ បើ​ទោះ​បី​ជា​ឥឡូវ​នេះ លោក សម រង្ស៊ី លា​ឈប់​ពី​គណបក្ស​នយោបាយ​ក៏​ដោយ ក៏​ប្រវត្តិ​ទំនាក់ទំនង​រវាង​លោក​ទាំង​ពីរ​នៅ​លើ​ឆាក​នយោបាយ​កន្លង​មក វា​ច្រើន​ល្មម​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ ដើម្បី​ឲ្យ​លោក សម រង្ស៊ី សម្ដែងសមានចិត្តចំពោះ​លោក​នាយក​រដ្ឋ​មន្ដ្រី​។ និង​ថា បើ​ទោះ​បី​ជា​ឈ្លោះ​គ្នា​ខ្លាំង​យ៉ាង​ណា ក៏​អ្នក​នយោបាយ​មិន​ទុក​គ្នា​ជា​សត្រូវ​ដែរ គឺ​នៅ​តែ​អាច​​សម្ដែង​សមានចិត្ត​ស្រឡាញ់​រាប់​អាន​​គ្នា​បាន​ជា​ដរាប​។

អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​ដដែល​កត់​សម្គាល់​ថា ការ​សម្ដែង​សមានចិត្ត​​រវាង​អ្នក​នយោបាយ​គូ​បដិបក្ខ​នៅ​ស្រុក​ខ្មែរ មិន​មែន​ជា​រឿង​ថ្មី​ទេ​។ ជាក់​ស្ដែង លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ​ធ្លាប់​​ផ្ញើ​សារ​រំលែក​ទុក្ខ លោក​ស្រី ជូឡុង សូមូរ៉ា ភរិយា​លោក សម រង្ស៊ី ចំពោះ​មរណភាពមាតា​បង្កើត​របស់​លោក​ស្រី កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​។ ចំណែក​លោក សម រង្ស៊ី អតីត​ប្រធាន​បក្ស​ប្រឆាំង​វិញ ធ្លាប់​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០១៣ នៅ​ពេល​បិតា​របស់​លោក​នាយករដ្ឋ​មន្ដ្រី ទទួល​មរណភាព​។ សារ​រំលែក​ទុក្ខ​កាល​ណោះ បាន​ធ្វើ​ឲ្យ​លោក​នាយករដ្ឋ​មន្ដ្រី ទន់​ចិត្ត ស្នើ​សុំ​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន​លើក​លែង​ទោស និង​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៊ី បាន​វិល​ចូល​ស្រុក​​វិញ​ថែម​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ