អានតួអត្ថបទ
កម្ពុជា

តុលាការ​ក្រុង​ភ្នំ​ពេញ​សម្រេច​ឃុំ​ខ្លួន​លោក ​ហុង ​សុខ​ហួរ ​នៅ​ព្រៃ​សរ​ ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​បី​

ក្រោយ ពី​ការ​សាក​សួរ​អស់​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ ​តុលាការ​ក្រុង​ភ្នំ​ពេញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យនេះ​ បាន​សម្រេចឃុំ​ខ្លួន លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សមរង្ស៊ី​ ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគា​ព្រៃសរ ដើម្បី​រង​ចាំសវនាការ​កាត់​ទោស​នៅ​ពេល​ខាង​មុខ​។ លោក ហុង សុខហួរ ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន​៣​ចំណុច។

លោក ហុង សុខហួរ សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​សម​រង្ស៊ី​ ត្រូវ​​បាន​​បញ្ជូន​​ទៅ​​ឃុំ​​ខ្លួន​​ជា​​បណ្តោះ​​អាសន្ន​​នៅ​​ពន្ធ​​នា​គា​​ព្រៃ​សរ​​
លោក ហុង សុខហួរ សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​សម​រង្ស៊ី​ ត្រូវ​​បាន​​បញ្ជូន​​ទៅ​​ឃុំ​​ខ្លួន​​ជា​​បណ្តោះ​​អាសន្ន​​នៅ​​ពន្ធ​​នា​គា​​ព្រៃ​សរ​​ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក ហុង សុខហួរ​ សមា​ជិក​ព្រឹទ្ធ​សភា​គណបក្ស​សម​រង្ស៊ី ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅពន្ធនាគា​ព្រៃសរ​ហើយ កាល​ពី​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃ​អាទិត្យ​ទី១៦​សីហា​។ លោក​ ហុង សុខហួរ ស្ថិត​ក្នុង​សំលៀក​បំពាក់ អាវធំ ក្រវ៉ាត់​ករ​ផង ត្រូវ​បាន​ដឹក​ចេញ​ពី​តុលាការ​ក្រុង​ភ្នំពេញ តាម​រថយន្ត​ឃ្លុប​មួយ​គ្រឿង ក្រោមការ​ការពារ​យ៉ាង​តឹង​រឹង​បំផុត​ពីសមត្ថកិច្ច​កម្ពុជា បន្ទាប់​ពីការ​សាក​សួរ​របស់​លោក​ចៅ​ក្រម​ស៊ើប​សួរ លោក កោ វណ្ឌី ដែល​បាន​បញ្ចប់​ទៅ នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​

បើ​តាម​លោក ជូង ជូងី មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក ហុង សុខហួរ បាន​បញ្ជាក់​ថា កូន​ក្តី​របស់​លោក ត្រូវ​បានចោទ​ប្រកាន់​ចំនួន​បី​ករណី ទី១.បទ​ក្លែង​ឯក​សាធារណៈ ទី២.ប្រើ​បាស់​ឯក​សារសាធារណៈ​ក្លែង​ក្លាយ និង​ទី៣ពី​បទ​ញុះ​ញង់​អោយ​មាន​បទ​ល្មើស​មជ្ឈឹម ឬឧក្រិដ្ឋ​មិន​សម្រេច​។ បើ​តាម​លោក ជូង ជូងី ដដែល ក្នុងចំណោម​បទ​ល្មើស​ទាំង​បី​នេះ មាន​ន័យ​ថា កូន​ក្តី​របស់​លោក​មិន​ស្ថិត​នៅ​ក្នុង​បទ​ល្មើស​ក្បត់​ជាតិ​នោះ​ទេ ហើយ​លោក​នឹង​ត្រៀម​ដាក់​ពាក្យ​ធានា​សុំ​ឲ្យ​កូន​ក្តី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។

កាល​ពី​ថ្ងៃ​សៅរិ៍​ម្សិល​ម៉ិញ លោក ហុង សុខហួរ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​គាំទ្រ​របស់​លោក ដែល​បានទាមទារ​ឲ្យ​ដោះ​លែង​រូប​លោក មុន​ពេល​គេ​ចាប់​បញ្ចូល​ទៅ​ក្នុង​រថយន្ត ក្រោយ​ការ​សាក​សួរ​អស់​រយៈ​ពេល​៤ម៉ោង​ ពី​លោក​ព្រះរាជ​អាជ្ញា​រង មាស ច័ន្ទ​ពិសិដ្ឋ កាល​ពី​ថ្ងៃ​សៅរិ៍។

លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ផង​នោះ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំ​ពេញ ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​សៅរិ៍ទី​១៥​សីហា ពី​ភូមិ​គ្រឹះ​មួយ​កន្លែងស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំ​ពេញ​ថ្មី ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ក្លែង​បន្លំ​ឯក​សារ​នៃ​សន្ធិ​សញ្ញា​ព្រំដែន ​កម្ពុជា-​វៀតណាម ​ឆ្នាំ​១៩៧៩។

អ្វី​ជា​ការ​កត់​សម្គាល់ នៅ​ជុំវិញ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ទាំង​នៅ​បរិវេណ​តុលាការ និង​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ខណៈ​ដែល​អ្នក​សារ​ព័ត៌​មាន អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នក​គាំទ្រ​លោក ហុង សុខ​ហួរ  ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​ក្បែរ​បរិវេណ​តុលាការ​ឡើយ។

យ៉ាង​ណាក៏​ដោយ ការ​ចាប់​ឃុំ​ខ្លួន​លោក ហុង សុខហួរ ដោយ​មិន​ទាន់​មាន​ការ​ដក​អភ័យ​ឯក​សិទ្ធិ​នៅ​ឡើយនេះ ​នៅ​តែ​ជា​ចម្ងល់​របស់​សាធារណៈ​ជន​នៅ​ឡើយ​។ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ទី​១៦​សីហា​នេះ​ ព្រឹទ្ធ​សភា​ក៏​នៅ​តែមិន​ទាន់​កោះ​ប្រជុំ​លើក​អភ័យ​ឯក​សិទ្ធិ​របស់​លោក ហុង សុខហួរ នៅ​ឡើយ​ដែរ​ បើ​ទោះ​បី​ជា​មាន​របាយការណ៍​ពី​លោក នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ដែល​បាន​ផ្ញើ​ទៅ​កាន់​លោក នៃ ប៉េ​ណា ​ប្រធាន​ស្តីទី​ព្រឹទ្ធ​សភា ជុំវិញ​ការ​ឃាត់​ខ្លួន​លោក ហុង សុខ​ហួរ កាល​ពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១៥​ខែ​សីហា។ ការ​សម្រេចឃុំ​ខ្លួន​លោក ហុង សុខហួរ ជា​បណ្តោះ​អាសន្ន នៅ​ព្រៃសរ​នាព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ធ្វើ​ឡើង​ នៅ​មុន​ពេលតែ​ប្រមាណ​ជា១​ម៉ោង​កន្លះ​ប៉ុណ្ណោះ នៃ​ការ​មក​ដល់​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ នៅឯ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ