អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​«បន្ទប់​ស្ថានការណ៍​ស្តីពី​ការ​បោះ​ឆ្នោត​»​ អាច​នឹង​បន្ត​មាន​ តែ​ក្រោម​រូបភាព​ផ្សេង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ព្រមាន​ចំនួន​២ ចំពោះ​ប្រធាន​អង្គការ​២​នាក់ ដែល​ជា​សមាជិក​ជាន់​ខ្ពស់​របស់​«បន្ទប់​ស្ថានការណ៍​ស្តី​ពី​ការ​បោះ​ឆ្នោត​»​។ ការ​ព្រមាន​នេះ គឺ​គ្រាន់​តែ​បញ្ជាក់​ថា កុំ​ឲ្យ​ពួក​គេ​ធ្វើ​សកម្មភាព​បន្ត​ទៀត។ ទោះ​យ៉ាង​ណា​ក្តី អ្នក​វិភាគ​ខ្លះ គិត​ថា«​បន្ទប់​ស្ថានការណ៍​»នេះ​ អាច​នឹង​នៅ​តែ​បន្ត​មាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​ទៀត ប៉ុន្តែ​អាច​ស្ថិត​ក្រោម​រូប​ភាព​ផ្សេង។​

បន្ទប់​ស្ថាន​ការណ៍ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ស​ង្កាត់ ​អាណត្តិទី៤នេះ​
បន្ទប់​ស្ថាន​ការណ៍ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ស​ង្កាត់ ​អាណត្តិទី៤នេះ​ Phearak Soeung
ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត ក្រសួង​មហាផ្ទៃ បាន​សម្រេច​ត្រឹម​តែ​ចេញ​លិខិត​ជូន​ដំណឹង​ថា សកម្មភាព​កន្លង​មក​របស់​«បន្ទប់​ស្ថានការណ៍» គឺ​ខុស​ច្បាប់ ហើយ​របាយការណ៍​ និង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​នេះ គឺ​គ្មាន​តម្លៃ​គតិយុត្តទេ​។ ​ការ​ចេញ​លិខិត​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នេះ គឺ​ធ្វើ​ឡើង​១​សប្តាហ៍​ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី បាន​ចេញ​បញ្ជា​ផ្ទាល់​ឲ្យ​ពិនិត្យ​ភាព​ស្រប​ច្បាប់​ របស់​«បន្ទប់​ស្ថានការណ៍​ស្តីពី​ការ​បោះ​ឆ្នោត» ដែល​ជា​បណ្តុះ​អង្គការ​សង្គម​ស៊ីវិល ​ប្រមាណ​៤០​អង្គការ។​

ចំពោះ​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា ការ​ចេញ​លិខិត​ព្រមាន​បែប​នេះ គឺ​ជា​រឿង​​ល្អ​មួយ ដែល​អាច​បញ្ជ្រៀស​ការ​ចាប់​បញ្ចូន​មន្ត្រី​សង្គម​ស៊ីវិល​ទៅ​ញាត់​ដាក់​ពន្ធនាគារ។ គឺ​វា​ផ្ទុយ​ពី​អ្វី​ដែល​អ្នក​ខ្លះ​យល់​ឃើញ​ថា ការ​ដោះ​លែង​មន្ត្រី​សង្គម​ស៊ីវិល ​ទាំង​៤​នាក់ រួម​និង​មន្ត្រី​គ.ជ.ប.ម្នាក់ សម្រាប់​ដាក់​សមាជិក​ខ្លះ​របស់​​«បន្ទប់​ស្ថានការណ៍» ទៅ​ក្នុង​គុក​ជំនួស​វិញ។​

ជាមួយ​គ្នា​នេះ ការ​ត្រឹម​តែ​ព្រមាន​ដូច្នេះ​ ក៏​ស្តែង​ដែរ​ថា ក្រសួង​មហាផ្ទៃ មាន​ការ​យោគ​យល់ ចំពោះ​អ្នក​ជំនាញ​របស់​«បន្ទប់​ស្ថានការណ៍» ឬ​ក៏​និយាយ​ដោយ​ឡែក គឺ​ក្រសួង​មាន​អធ្យាស្រ័យ​ច្រើន​ចំពោះ​មន្ត្រី​សង្គម​ស៊ីវិល​ច្រើន​ជាង​មុន​។​ ពោល​គឺ​មិន​ប៉ះ​ដៃ​យក​ដៃ ប៉ះ​ជើង​យក​ជើង​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ ចំពោះ​ស្ថានភាព​ផ្លូវ​ច្បាប់​វិញ បើ​ផ្អែក​ទៅលើ​ស្មារតី​ច្បាប់​ ស្តី​ពី​ការ​គ្រប់​គ្រង​ សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល​ ត្រង់​មាត្រា​២១ បាន​គូស​បង្ហាញ​ក្នុង​អត្ថន័យ​ ថា ប្រសិន​បើ​អង្គការ​ សមាគម ដែល​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​រួច​ហើយ មាន​សិទ្ធិ​ចុះ​កិច្ច​សន្យា និង​ធ្វើ​សកម្មភាព​ជាមួយ​អង្គការ​ដៃ​គូ​ផ្សេង​ទៀត​ តាម​គម្រោង​សកម្មភាព​របស់​ខ្លួន ដែល​សម​ស្រប​ច្បាប់​របស់​ស្រុក​ខ្មែរ។​

ដូច្នេះ ប្រសិន​បើ​អង្គការ​ទាំង​ប្រមាណ​៤០ នៃ​«បន្ទប់​ស្ថានការណ៍»នោះ​ គឺ​សុទ្ធ​តែ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ត្រឹម​ត្រូវ​ដោយ​ក្រសួង​មហាផ្ទៃ រួច​ហើយ គឺ​អាច​ធ្វើ​សកម្មភាព​បាន​។ ​ពោល​គឺ​គ្រាន់​តែ​ឈ្មោះ​ថា ​«បន្ទប់​ស្ថានការណ៍»នេះ គ្មាន​ការ​ចុះបញ្ជី​ប៉ុណ្ណោះ តែ​វា​គឺ​ជា​ផែន​ការ​សកម្មភាព​រយៈ​ពេល​ខ្លី​សម្រាប់​តែ​ពេល​បោះឆ្នោត​ ធ្វើ​ឡើង​ដោយ​អង្គការ​ប្រមាណ​​៤០ ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ។​

លើស​ពី​នេះ បើ​ផ្អែក​តាម​ការ​អះ​អាង​របស់​សមាជិក​នៃ​«បន្ទប់​ស្ថានការណ៍» ​​សេចក្តី​ថ្លែង​ការណ៍​របស់​ពួក​គេ គឺ​ស្ថិត​ក្នុង​គោល​បំណង​ចង់​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត ​ប្រព្រឹត្តិ​ទៅ​ឲ្យ​កាន់​តែ​ប្រសើរ​តែប៉ុណ្ណោះ។ ចំពោះ​របាយការណ៍​របស់​ក្រុម​នេះ​ទៀត​សោត​ គឺ​ភាគ​ច្រើន​ចាប់​ផ្តើម​ឡើង​ដោយ​វាយ​តម្លៃ​ជា​វិជ្ជមាន​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គ.ជ.ប. មាន​តួ​យ៉ាង ការ​រៀប​ចំ​បញ្ជី​ឈ្មោះ​តាម​ប្រព័ន្ធ​ទំនើប​ និង​ដំណើរ​ការ​បោះ​ឆ្នោត​ រួម​ទាំង​ភាព​ក្លាហាន​របស់​គ.ជ.ប. ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ផ្សេងៗ​ថែម​ទៀត​ផង។

ក៏​ប៉ុន្តែ សម្រាប់​សមាជិក​នៃ​«បន្ទប់​ស្ថានការណ៍», ការ​ដែល​យល់​ថា ​«បន្ទប់​ស្ថានការណ៍»​នេះ បាន​ខោក​ក្បាល​គ.ជ.ប. គឺ​ជា​ការ​យល់​ដោយ​ភ័ន្ត​ច្រឡំ​ទៅ​វិញ​ទេ។ ហើយ​បើ​ពិនិត្យ​ឲ្យ​ស៊ី​ជម្រៅ​មែន​ទែន​ទៅ សេចក្តី​ថ្លែងការណ៍​និង​របាយការណ៍​នៃ​«បន្ទប់​ស្ថានការណ៍» គឺ​ទំនង​ជា​គ្មាន​ចង់​ដាក់​បន្ទុក​ទៅ​លើ​គ.ជ.ប.ខ្លាំង​ពេក​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ចង់​ជូន​យោបល់​ទៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទៅ​វិញ​ទេ​ ឲ្យ​ពិនិត្យ​មើល ទិដ្ឋភាព​បរិយាកាស​មុន​បោះ​ឆ្នោត ដែល​គេ​ឃើញ​ថា មាន​ការ​ធ្វើ​ច្បាប់​ខ្លះ​ដើម្បី​កម្ចាត់​អ្នក​នយោបាយ​មក​ពី​បក្ស​ផ្ទុយ​គ្នា​ និង​នៅ​តែ​បន្ត​មាន​អ្នក​ទោស​នយោបាយ​ កំពុង​តែ​ដេក​គុក​នៅ​ឡើយ ដែល​ទាំង​នេះ គឺ​ធ្វើ​«បន្ទប់​ស្ថានការណ៍» យល់​ថា វា​អាច​ប៉ះពាល់​ដល់​បរិយាកាស​បោះ​ឆ្នោត​ ដែល​មិន​អាច​ឲ្យ​ការ​បោះ​ឆ្នោត ពោរ​ពេញ​ដោយ​សេរី និង​យុត្តិធម៌​ពេញ​លេញ​នោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ ឆ្នាំ​២០១៨ ឈ្មោះ​ពាក្យ​ថា «បន្ទប់​ស្ថានការណ៍» អាច​នឹង​គ្មាន​វត្តមាន​ទៀត​ទេ។ ទំនង​ជា​គ្មាន​ត​ទៅ​ទៀត​ ព្រោះ​ថា​ ក្រសួង​មហាផ្ទៃ​ បាន​ហាម​រួច​ស្រេច​ទៅ​ហើយ ថា​ឲ្យ​ត្រូវ​តែ​បញ្ឈប់​សកម្មភាព ដ្បិត​ក្រសួង​យល់​ឃើញ​ថា​ជា​សកម្មភាព​ខុស​ច្បាប់។

ហើយ​ធំ​ដុំ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ពាក្យ​ថា«បន្ទប់​ស្ថានការណ៍» ​នេះ​ វា​បាន​បង្ក​ភាព​ល្អ​កក​ករ​រួច​ហើយ​ដែរ​ចំពោះ​មុខ​រដ្ឋាភិបាល​ និង​រហូត​ដល់​លោក​នាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​ចាត់​ការ​ពិនិត្យ​ពី​ភាព​ស្រប​ច្បាប់​នៃ​«បន្ទប់​ស្ថានការណ៍»​នេះ​ទៀត។

ក៏​ប៉ុន្តែ បើ​តាម​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន ខ្លឹម​សារ​ស្នូល​នៃ​អ្វី​ដែល​គេ​ហៅ​«បន្ទប់​ស្ថានការណ៍​​ស្តីពី​ការ​បោះ​ឆ្នោត​» អាច​នឹង​នៅ​តែ​បន្ត​មាន តែ​ទំនង​ជា​អាច​ស្ថិត​ក្រោម​រូប​ភាព​ផ្សេង​ទៅ​វិញ​។​ មាន​សេណារីយ៉ូ​មួយ ដែល​គេ​អាច​ងាយ​គិត​ឃើញ នោះ​គឺ​ពួក​គេ​អាច​ឈប់​ប្រើ​ឈ្មោះ​នេះ តែ​ដោយ​នៅ​តែ​បន្ត​រក្សា​កម្លាំង ធនធាន និង​សមាជិក​បច្ចេកទេស​ឲ្យ​នៅ​ដដែល ហើយ​ចូល​រួប​រួម​គ្នា នៅ​ក្នុង​អង្គការ​តែ​ពីរ​បាន​ហើយ​ គឺ NICFEC ឬ/និង ​អង្គការ​ COMFREL ដែល​ជា​អង្គការ​ចុះ​បញ្ជី​ត្រឹម​ត្រូវ និង​មាន​ជំនាញ​សង្កេតការណ៍​បោះ​ឆ្នោត​ស្រាប់។ ធ្វើ​បែប​នេះ​ ​ពួក​គេ​ ក៏​នៅ​តែ​អាច​ធ្វើ​សកម្មភាព​សង្កេត​ការណ៍​បោះ​ឆ្នោត​ បាន​ដដែល​ និង​មាន​ការ​ទទួល​ស្គាល់​តាម​ការ​ជំរុញ​លើក​ចិត្ត​របស់​គ.ជ.ប. ឲ្យ​ចូលរួម​សង្កេត​ការណ៍​សម្រាប់​ការ​បោះឆ្នោត​នោះ​ឯង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ