អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

មណ្ឌល​សង្គម​កិច្ច ដែល​មិន​បាន​បម្រើ​សង្គម​គួរ​តែ​បិទ ជា​ជាង​ដំណើរ​ការ​ប្រកប​ដោយ​កេរ្តិ៍​ឈ្មោះ​អាស្រូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៦៧ នៃ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនាខួប​លើក​ទី​១៥ ទិវា​ពិភពលោក​ប្រឆាំង​ និង​ពលកម្ម​កុមារ១២ មិថុនានិង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០១៦ ដែល​បាន​ធ្វើ​នៅ​សាល​មហោស្រព កោះ​ពេជ្រកាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ធ្វើ​ការ​រំលឹក​ដាស់​តឿន ដល់​ក្រសួង​សង្គម​កិច្ច​ និង​សាលា​រាជធានី​ភ្នំពេញ​ពី​ការ​ ដែល​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​ទាល់​តែ​សោះ​នូវ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ។ កន្លង​មក​នៅ​ពេល​ដែល​មាន​ការ​សួរ​ដេញ​ដោល​ពី​រដ្ឋសភា រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​បាន​សន្យា​ពី​ការ​កែ​លម្អ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​ ដែល​រង​ការ​រិះ​គន់​មួយ​នេះ។

អ្នកសុំទានក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
អ្នកសុំទានក្នុងពិធីបុណ្យភ្ជុំបិណ្ឌ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​ស្ថិត​នៅ​ឯ​ជាយរាជធានី​ភ្នំពេញ បាន​រង​ការ​រិះគន់​នៅ​មិន​ទាន់​អស់​ចំហាយ​នៅ​ឡើយ​ទេ ពី​ការ​ដែល​មិន​មាន​ការ​យក​ចិត្ត​ទុកដាក់​ និង​ផ្តល់​សេវា​គ្រប់​គ្រាន់​ដល់​ជន​អាណាថា អ្នក​សុំទាន ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ និង​អ្នក​ញៀន​គ្រឿង​ញៀន ដែល​អាជ្ញាធរ​ប្រមូល​យក​ទៅ​ដាក់​នៅ​ទីនោះ។

ជា​ការ​កត់​សម្គាល់ ការ​រិះ​គន់​នានា បាន​ធ្វើ​ឡើង​ដោយ​អង្គការ Human Rights Watch អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ កាល​ពី​ឆ្នាំ​២០១៥ ដែល​ថា​ក្នុង​តែ​រយៈ​ពេល​១១​ខែ​ប៉ុណ្ណោះ បាន​បណ្តោយ​ឲ្យ​មាន​មនុស្ស​ស្លាប់​រហូត​ដល់​ទៅ​៣​នាក់ បន្ទាប់​ពី​ជន​ទាំង​៣​នាក់​នោះ​ ត្រូវ​បាន​ចាប់​ទៅ​ដាក់​ក្នុង​មណ្ឌល​សង្គម​កិច្ច​ព្រៃស្ពឺ ជា​កន្លែង​ដែល​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​មួយ​នេះ​បរិយាយ​ថា​ហួស​ពី​បម្រើ​តួនាទី​ជា​មណ្ឌល​អប់រំ និង​ផ្តល់​ជំនាញ​វិជ្ជាជីវៈ ប្រៀប​បាន​ទៅ​នឹង​មន្ទីរ​ឃុំឃាំង​ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​សង្ស័យ​ថា​បាន​ធ្វើ​ទារុណកម្ម​ និង​ការ​រំលោភ​ផ្លូវ​ភេទ។

តាម​រយៈ​សារ​ចុង​ក្រោយ​កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រាប់​ដល់​ចៅហ្វាយ​ក្រុង​ភ្នំពេញ និង​ក្រសួង​សង្គម​កិច្ច ពី​លទ្ធភាព​ក្នុង​ការ​បិទ​មណ្ឌល​សង្គម​កិច្ច​ដែល​មាន​រឿង​មិន​ល្អ​មួយ​នេះ ដោយ​លោក​យល់​ថា​មិន​ចាំបាច់​ទុក​គ្រាន់​ចិញ្ចឹម​រឿង​ទេ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ចង់​បន្ត​ត្រូវ​តែ​ធ្វើ​ឲ្យ​ស្អាត ដោយ​មាន​ការ​អាក់​អន់​ចិត្ត​ពី​មណ្ឌល​មួយ​នេះ​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ភាព​ល្អក់​កករ ផ្ទុយ​ទៅ​នឹង​ការ​ប្រឹង​ប្រែង​ផ្តល់​សេវា​របស់​រដ្ឋាភិបាល​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស។

ការ​រំលឹក​ពី​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​នេះ កាល​ពី​ចុង​ឆ្នាំ​២០១៤ រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច លោក វង សូត បាន​សន្យា​នៅ​ចំពោះ​មុខ​រដ្ឋសភា ខណៈ​ដែល​គណៈកម្មការ​ទី​៨​រដ្ឋ​សភា​កោះ​ហៅ​ឲ្យ​ទៅ​ចូល​ឆ្លើយ​បំភ្លឺ​ថា នឹង​ធ្វើ​ការ​កែប្រែ​ឲ្យ​មាន​លក្ខខណ្ឌ​ល្អ​ប្រសើរ រាប់​តាំង​ពី​ការ​គ្រប់គ្រង និង​ថែទាំ​អ្នក​ជំងឺ​នៅ​ក្នុង​មណ្ឌល ដើម្បី​គេច​ផុត​ពី​ការ​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស​នានា។ ការ​កែប្រែ​នោះ​ត្រូវ​បាន​កត់​សម្គាល់​ថា​មាន​ការ​តម្លើង​របប​អាហារ ដែល​មាន​ការ​កែប្រែ​អនុក្រឹត្យ​កាល​ពី​ឆ្នាំ​២០០៦ ដោយ​តម្លើង​របប​អាហារ​ដល់​ជន​អនាថា​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​ពី​ពី​១៥០០​រៀល ទៅ​ដល់ ៤០០០រៀល ក្នុង​មួយ​ថ្ងៃ​នៅ​ដើម​ឆ្នាំ​២០១៥ ព្រម​ទាំង​កែ​លម្អ​ឲ្យ​មាន​ការ​បើក​ទូលាយ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​នានា​ និង​សប្បុរសជន អាច​ចូល​ជួយ​មណ្ឌល​ទាំង​អស់​ផង​ដែរ​ មិន​គិត​ថា​តែ​មណ្ឌល​ព្រៃ​ស្ពឺ​មួយ​ទេ។

ក៏​ប៉ុន្តែ​តាម​រយៈ​សារ​បច្ចុប្បន្ន​ភាព​របស់​ប្រមុខ​រដ្ឋាភិបាល​ចំ​ៗ​នៅ​ពេល​នេះ បង្ហាញ​ថា​ការ​តាំង​ចិត្ត កែប្រែ​ឲ្យ​មាន​លក្ខខណ្ឌ​ល្អ​ប្រសើរ ដែល​បាន​លើក​ឡើង​កន្លង​មក​របស់​លោក​រដ្ឋ​មន្ត្រី ឬ​ក៏​ទម្លាក់​ទៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​សាលារាជធានី​ភ្នំពេញ​យ៉ាង​ណា​នោះ មិន​ត្រូវ​បាន​គេ​អនុវត្ត​ទេ។ ប្រសិន​បើ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​បាន​ធ្វើ​ការ​កែ​ប្រែ​មែន​នោះ នោះ​ប្រហែល​ជា​មិន​ត្រូវ​មាត់​របស់​ប្រមុខ​រដ្ឋាភិបាល​ឡើយ។

ហេតុ​ដូច្នេះ ដើម្បី​ឲ្យ​យន្តការ​សង្គម​កិច្ច​ជា​ពិសេស ការ​គ្រប់​គ្រង​ជន​អនាថា កុមារ​កំព្រា​តាម​ផ្លូវ​ថ្នល់ អ្នក​សុំទាន ឬ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ជា​ដើម​នោះ មាន​ដំណើរ​ការ​ល្អ និង​ចៀស​ផុត​ពី​ការ​រិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​នានា​នោះ គប្បី​បង្ហាញ​ពី​តម្លាភាព​ឡើង​វិញ។ តម្លាភាព​តាម​រយៈ​នៃ​ការ​គ្រប់​គ្រង​មួយ ដែល​ផ្តោត​ទៅ​លើ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ ដែល​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅ​ក្នុង​មណ្ឌល។ ផ្តល់​សេវា​អប់រំ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នោះ​ទើប​អ្នក​ដែល​ត្រូវ​ប្រមូល​ផ្តុំ​ក្នុង​មណ្ឌល ចេញ​មក​វិញ​មិន​ជ្រើស​រើស​ទៅ​ផ្លូវ​ដើម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណ្ឌភាព​ និង​សណ្តាប់​ធ្នាប់​របស់​សង្គម។ បើ​ពុំ​នោះ​ទេ​ស្ថានភាព​ជន​អនាថា អ្នក​សុំទាន ឬ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ជា​ដើម​នោះ​ ពិត​ជា​មិន​អាច​ដោះស្រាយ​បាន​ទេ ហើយ​សង្គម​នៅ​តែ​ត្រូវ​គេ​មើល​ឃើញ​នូវ​រូបភាព​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​សិទ្ធិ​អ្នក​ក្រីក្រ​ និង​ជន​អនាថា​ទាំង​នោះ។

មួយ​វិញ​ទៀត ប្រសិន​បើ​គ្មាន​ការ​តាំង​ចិត្ត ក្នុង​ការ​កែ​ប្រែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ទេ ដូច​ជា​ការ​កត់​សម្គាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នា​ពេល​នេះ ការ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ចោល​ អាច​ជា​ការ​ព្រមាណ​ដល់​មណ្ឌល​សង្គម​កិច្ច​ផ្សេង​ៗ​ទៀត ដែល​នេះ​ក៏​បាន​បង្ហាញ​ពីប​រាជ័យ​នៅ​ក្នុង​ការងារ​របស់​វិស័យ​សង្គម​កិច្ច ដែល​ចាំ​បាច់​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​លើ​បញ្ហា​នេះ ស្រប​តាម​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ចាប់​តាំង​ពី​ដើម​អាណត្តិ​ទី​៥​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ