អានតួអត្ថបទ
កម្ពុជា-ច្បាប់

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​សិក្សា​​រដ្ឋធម្មនុញ្ញ ​ខណៈ​ដែល​ប្រមុខ​រដ្ឋាភិបាល​ចង់​បង្រួម​គណៈរដ្ឋ​មន្ត្រី​ “​ខ្លួន​តូច​ក្បាល​ធំ​”​

រដ្ឋាភិបាល​​កម្ពុជា ​បាន​​បង្កើត​​ក្រុម​ការងារ​​មួយ​​ដែល​មាន​​សមាសភាព​​ចម្រុះ ​ដើម្បី​​ធ្វើ​ការ​​សិក្សា​​ស្រាវ​ជ្រាវ​​ពី​​រដ្ឋធម្មនុញ្ញ​​នៃ​​ព្រះរាជាណា​ចក្រ​​កម្ពុជា​។ ​ក្រុម​ការងារ​​នេះ ​មាន​​ភារកិច្ច​​ជួយ​​នាយក​រដ្ឋ​មន្ត្រី​​ក្នុង​ការ​​សិក្សា​​ស្រាវ​ជ្រាវ​​រដ្ឋ​ធម្មនុញ្ញ​​នៃ​​ព្រះរាជាណាចក្រ​​កម្ពុជា ​ដើម្បី​​ផ្តួច​ផ្តើម​​អំពី​​ជម្រើស​​នានា​​ក្នុង​​ការ​ធ្វើ​​វិសោធនកម្ម​​រដ្ឋ​ធម្មនុញ្ញ​​នៃ​​ព្រះ​រាជាណា​ចក្រ​​កម្ពុជា​​តាម​​ការ​ចាំ​បាច់។​ ការ​សម្រេច​​បង្កើត​​ក្រុម​ការងារ​​នេះ ​គឺ​​ស្រប​ពេល​ដែល​​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា ​ចង់​​បង្រួម​​គណៈ​រដ្ឋមន្ត្រី​​រប​ស់​លោក​​ដែល​​គេ​​រិះគន់​ថា ​“ខ្លួន​តូច​ក្បាល​ធំ"។​  

រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ google
ផ្សាយពាណិជ្ជកម្ម

ក្រុមការងារ​ចម្រុះ​នេះ មាន​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ជា​ប្រធាន អមដោយ​អនុប្រធាន៣រូប និង​សមាជិក៨រូប​ទៀត ដែល​សុទ្ធសឹងតែ​ជា​ក្រុមអ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ជាដើម។ ក្រុមការងារ​ថ្មី​នេះ មាន​ភារកិច្ច​ជា​សេនាធិការ លោកនាយក​រដ្ឋមន្ត្រី ក្នុងការ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្តួចផ្តើម​អំពី​ជម្រើស​នានា​ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​ការចាំបាច់ ស្រប​តាម​​មាត្រា ១៥១ថ្មី និង​មាត្រា ១៥៣ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា។ នេះ​បើ​យោងតាម​សេចក្តី​សម្រេច​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី ០១ ធ្នូ ប៉ុន្តែ​ទើបតែ​ត្រូវបាន​ផ្សព្វផ្សាយ​ដល់ដៃ​អ្នកកាសែត នៅ​ថ្ងៃទី២៧ ធ្នូ នេះ។

គួរ​ជំរាបជូន​ថា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​បង្ហើប​ពី​បំណង​របស់ខ្លួន ចង់​បង្រួម​គណៈរដ្ឋមន្ត្រី​រប​ស់លោក ដែល​កន្លងមក​មានកា​រ​គេ​រិះគន់ថា ជា​គណៈរដ្ឋមន្ត្រី “ខ្លួន​តូច ក្បាល​ធំ។ ក្នុងនោះ រដ្ឋាភិបាល​របស់លោក​គ្រោង​នឹង​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ប្រទេស ដើម្បី​បើកផ្លូវ​ឲ្យ​លោក​អាច​តែងតាំង​មន្ត្រី​ថ្នាក់ រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ តាមរយៈ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដោយ​មិនចាំបាច់​ឆ្លងកាត់ ការបោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត ពី​រដ្ឋសភា​ទៀត​នោះទេ។

គួរ​ជំរាបជូន​ដែរ​ថា រដ្ឋាភិបាល​របស់លោក ហ៊ុន សែន ធ្លាប់​ទទួលរង​ការរិះគន់​ជា​យូ​មកហើយ ពី​ការបង្កើត​ឲ្យ​មាននូវ​វប្បធម៌ «អតិផរណា​មុខតំណែង» នៅតាម​ក្រសួង ឬ ស្ថាប័នរដ្ឋ​នានា ដែល​វា​បានធ្វើ​ឲ្យ​មានការ​ចាយវាយ​ខ្ជះខ្ជាយ​លើ​ថវិកាជាតិ។ ប៉ុន្តែ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើងថា គណៈរដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី០៦ខាងមុខនេះ នឹង​មានតែ នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ប៉ុណ្ណោះ ដែល​ត្រូវសុំ​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា ប្រសិនបើ​វិសោធនកម្ម​ច្បាប់​ទាំងនោះ​ត្រូវបានធ្វើ​មែន។ លោក​ថា ការកែ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ នឹង​បើកផ្លូវ​ឲ្យ​នាយករដ្ឋមន្ត្រី មាន​សិទ្ធិ​តែងតាំង រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងនីមួយៗ មាន​ភាពងាយស្រួល​ជាង​មុន ដោយ​មិនចាំបាច់​សុំ​ការយល់ព្រម​ពី​រដ្ឋសភាជាតិ​ទៀត​ទេ។

ចំណែក លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​នៃ​ក្រុមការងារ​ថ្មី​នេះ បាន​លើកឡើងថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ មិនមែន​សំដៅ​ការពារ​អំណាច​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ តែ​គឺជា​ការធ្វើ​កំណែរ​ទម្រង់​មួយ ទៅលើ​សមាសភាព​រដ្ឋាភិបាល ដែល​កន្លងមក​ធ្លាប់តែ​មានការ​រិះគន់ថា គណៈរដ្ឋមន្ត្រី “ខ្លួន​តូច ក្បាល​ធំ”ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ