អានតួអត្ថបទ
កម្ពុជា-នយោបាយ

ទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហបុរី ​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ​អវិជ្ជមាន​​របស់ ​CNA ​ស្តីពី ​​ការ​វិនិយោគ​​របស់​​ចិន​​នៅ​​កម្ពុជា​

ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហបុរី ​បាន​ប្រតិកម្ម​ចំពោះ​ទូរទស្សន៍ ​Channel ​News​ Asia ​(CNA)​ដែល​បាន​ចុះ​ផ្សាយ​ពី​​អវិជ្ជមាន ​ជុំវិញ​ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​។ ​តាម​រយៈ​លិខិត​កម្រាស់​៣​ទំព័រ​ផ្ញើ​ទៅ​កាន់​ប្រធាន​ប្រតិបត្តិ​នៃ​ទូរ​ទស្សន៍​​ដ៏​​មាន​​ប្រជា​ប្រិយ​ភាព​​របស់​​ប្រទេស​​សិង្ហបុរី ​​កាល​​ពី​​ថ្ងៃទី ​​១​២​​ មិថុនា ​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហបុរី ​បាន​ចាត់​ទុក​ការ​ផ្សាយ​របស់​ទូរទស្សន៍​សិង្ហបុរី​ថា ​គឺ​ជា​ព័ត៌មាន​មិន​ពិត ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា​។  

ទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហបុរី ​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ​អវិជ្ជមាន​របស់ ​​Channel ​News ​Asia​ ស្តីពី​ ការ​វិនិយោគ​របស់​ចិន​នៅ​​កម្ពុជា​​ កាល​ពី​ថ្ងៃទី ​១២​ មិថុនា​ ឆ្នាំ ​២០១៩​។
ទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហបុរី ​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ​អវិជ្ជមាន​របស់ ​​Channel ​News ​Asia​ ស្តីពី​ ការ​វិនិយោគ​របស់​ចិន​នៅ​​កម្ពុជា​​ កាល​ពី​ថ្ងៃទី ​១២​ មិថុនា​ ឆ្នាំ ​២០១៩​។ @FB
ផ្សាយពាណិជ្ជកម្ម

ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហបុរី ​លោក​ ងួន​ សុខវេង​ បាន​លើក​ឡើង​ថា ​លោក​ពិត​ជា​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​អត្ថបទ​ដែល​ចុះ​ផ្សាយ​ដោយ​ទូរទស្សន៍​ Channel News​ Asi​a​ កាល​ពី​ថ្ងៃទី ​០១ ​ខែកុម្ភៈ​ ដែល​មាន​ចំណង​ជើង​ថា ​«​ការ​ទូត​មូលប្បទានប័ត្រ​របស់​ចិន​»​។ ​តាម​រយៈ​លិខិត​ចុះ​ថ្ងៃទី​ ១២ ​មិថុនា ​ផ្ញើ​ទៅ​កាន់​លោក​ស្រី ​ថាំ ​ឡុក​ខេង ​ប្រធាន​ប្រតិបត្តិ​សាជីវកម្ម​ផ្សព្វផ្សាយ​នៃ​ទូរទស្សន៍​ព័ត៌មាន​ដ៏​មាន​ប្រជាប្រិយភាព​របស់​ប្រទេស​សិង្ហបុរី​នេះ ​ថា​ជា​អត្ថប​ទ​ដែល​មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ពី​ប្រទេស​កម្ពុជា​ឡើយ​។ ​ជា​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​ឈរ​លើ​ព័ត៌មាន​តែ​មួយ​ផ្នែក​ ហើយ​ការ​វិភាគ​ក៏​មិន​បាន​ស៊ី​ជម្រៅ ​ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទី​ក្រុង​ព្រះ​សីហនុ និង​​បញ្ហា​ជម្លោះ​ដីធ្លី​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ និង​កិត្តិនាម​របស់​ប្រទេស​កម្ពុជា​។​

នៅ​ក្នុង​ប្រតិកម្ម​តាម​រយៈលិខិត​ដែល​មាន​កម្រាស់​៣​ទំព័រ​នេះ ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហបុរី ក៏​បាន​បដិសេធ​ចំពោះ​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​នេះ​ដែរ​ថា ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​បាត់​បង់​ភាព​បត់​បែន​ ក្នុង​ការ​កំណត់​ក្រប​ខ័ណ្ឌ​នយោបាយ​ការ​បរទេសឯ​ករាជ្យ​របស់​ខ្លួន​ បន្ទាប់​ពី​បាន​ធ្លាក់​ជ្រៅ​ទៅ​ក្នុង​រង្វង់​ឥទ្ធិពល​របស់​ចិន ​ដោយ​លើក​ជា​ឧទាហរណ៍​ថា ​នៅ​ឆ្នាំ ​២០១៦ ​កម្ពុជា​គឺ​ជា​អ្នក​ដែល​បាន​រាំង​ស្ទះ ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​អាស៊ាន ​ស្តីពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​ជា​ដើម​។ ​ប៉ុន្តែ​នៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ ​កម្ពុជា​ដែល​បាន​ប្រកាន់​ជំហរ​ដោយ​ឥត​ប្រែ​ប្រួល ​ដោយ​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ដែល​មិ​ន​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​អធិបតេយ្យភាព​នៅ​ក្នុង​តំបន់​នេះ ​មិន​ប្រកាន់​ជំហរ​លំអៀង​ទៅ​ភាគី​ណា​មួ​យ​ឡើយ​។ ​ដោយ​ឡែក ​ជុំវិញ​ការ​ចុះ​ផ្សាយ​ថា ​កម្ពុជា​បាន​​និង​កំពុង​តែ​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​ដក​ខ្លួន​មិន​រួច​ តាម​រយៈ​ការ​ទទួល​បាន​ឥណទាន​ដ៏​ច្រើន​មហិមា ​ការ​វិនិយោគ ​និង​ជំនួយ​ហិរញ្ញវត្ថុ​ពី​ប្រទេស​ចិន​វិញ​ លោក​ឯកអគ្គរា​ជទូ​តក​ម្ពុជា​បាន​ពន្យល់​ថា ​អ្វី​ដែល​ជា​ការ​ពិត​គឺ ​កម្ពុជា​នៅ​មាន​សមត្ថភាព​អាច​គ្រប់គ្រង​គោល​នយោបាយ ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​។ ​យ៉ាង​ណា​ក៏​ដោយ​ ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​សិង្ហបុរី ​មិន​បាន​ប្តឹង​ទូរទស្សន៍​របស់​សិង្ហបុរី​នេះ​ទៅ​កាន់​តុលាការ​ឡើយ ​ដោយ​គ្រាន់​តែទា​មទារ​ឲ្យ​ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយភាព​របស់​សិង្ហបុរី​នេះ ​ចុះ​ផ្សាយ​ប្រតិកម្ម​របស់​លោក​ទាំង​ស្រុង​នៅ​ក្នុង​គេហទំព័របស់ ​Channel ​News​ Asi​a ​និង​​បា​ន​​រំពឹង​ទុក​ថា ​នឹង​មិន​មាន​អត្ថបទ​ដែល​វាយ​ប្រហារ​ពី​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​អនាគត​ទៀត​ឡើយ ​ខណៈ​​លោក​​សម្គាល់​​ឃើញ​​ថា​ Channel​ News ​Asia ​នៅ​មាន​សេចក្តី​រាយការណ៍​ព័ត៌មាន​ផ្សេងៗ​ទៀត ​ដែល​រំលេច​ទិ​ដ្ឋភាព​អវិជ្ជមាន ​ស្តីពី ​កម្ពុជា​។

​គួរជំរាបជូន​ថា ​ប្រតិកម្ម​របស់​ឯកអគ្គរាជ​ទូត​កម្ពុ​ជា​ទៅ​នឹង​ទូរទស្សន៍​សិង្ហបុរី​នេះ ​ក៏​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប៉ះពាក្យ​សម្តី​គ្នា​កាល​ពី​សប្តាហ៍ក​ន្លង​ទៅ ​រវាង​នាយករដ្ឋ​មន្ត្រី​សិង្ហបុរី ​លោក​ លី សៀនឡុង ​និង​កម្ពុជា​ រួម​ទាំង​វៀតណាម​ផង​ដែរ ​ជុំវិញ​ការ​លើក​ឡើង​ថា​ «​កង​ទ័ព​វៀតណាម​បាន​ចូល​ឈា្លន​ពាន​ប្រទេស​កម្ពុជា​»​។ ​ក៏​ប៉ុន្តែ​បញ្ហា​នេះ ​ក៏​ត្រូវ​បាន​សម្រប​សម្រួល​ឲ្យ​ស្ងប់​ស្ងា​ត់ទៅ​វិញ ​បន្ទាប់​ពី​ប្រមុខ​ការ​ទូត​ប្រទេស​ទាំង​៣ ​បាន​និយាយ​គ្នា​តាម​ទូរ​ស័ព្ទ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ