អានតួអត្ថបទ
កម្ពុជា

CNRP បន្ត​ពង្រឹង​វប្បធម៌​សន្ទនា តែ​ទាមទារ​ដោះលែង​លោក​ អ៊ុំ សំអាន និង​សមាជិក​របស់​ខ្លួន​១៥​នាក់​ទៀត

លោក សុន ឆៃ ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​នេះ បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សមាជិក​សភា​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន និង​សមាជិក​របស់​ខ្លួន​ចំនួន​១៥​នាក់​ផ្សេង​ទៀត។ ការ​អំពាវនាវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ដែល​ធ្វើ​ឡើង នៅ​ទីស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​នេះ។ គណបក្ស​សង្រ្គោះ​ជាតិ​ក៏​បាន​ប្រកាស​ជំហរ​ថា​ នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​នេះ​ទេ។

តំណាង​គណបក្ស​សង្រ្គោះ​ជាតិ។​
តំណាង​គណបក្ស​សង្រ្គោះ​ជាតិ។​ សហការី
ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា ដែល​មក​តែ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​បើក​កិច្ច​ប្រជុំ​ដើម្បី​លើក​របៀប​វារៈ​ស្តី​ពី​អភ័យ​ឯក​សិទ្ធិ​សភា​របស់​លោក អ៊ុំ សំអាន នោះ ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក សុន ឆៃ ឯ​ណោះ​វិញ​ ក៏​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ដើម្បី​ប្រកាស​ពី​ជំហរ​របស់​គណបក្ស​ប្រឆាំង។

ជំហរ​របស់​គណបក្ស​ប្រឆាំង គឺ​នឹង​មិន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​សភា​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក និង​ការ​មិន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១២​មេសា​នេះ​ទេ។ ​ជា​កិច្ច​ប្រជុំ​ដែល​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ជឿ​ថា គឺ​ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក អ៊ុំ សំអាន ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ បន្ត​នីតិវិធី​ទៅ​លើ​លោក អ៊ុំ សំអាន​។ ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​ទីស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​នេះ លោក សុន ឆៃ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​លើក​ឡើង​ថា រដ្ឋសភា​នឹង​មិន​អាច​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក អ៊ុំ សំអាន បានទេ បើ​គ្មាន​ការ​ចូលរួម​ពី​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ។ បើ​តាម​ការ​ពន្យល់​របស់​លោក សុន ឆៃ ដោយ​យោង​ទៅ​តាម​មាត្រា​៨០​នៃ​រដ្ឋ​ធម្មនុញ្ញ​ រដ្ឋសភា​កម្ពុជា​ត្រូវ​ការ​សម្លេង​យ៉ាង​ហោច​ណាស់ ២/៣ ឬ​សមាជិក​សភា​៨៣​រូប​ឡើង​ទៅ ដើម្បី​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​សមាជិក​សភា​ណា​ម្នាក់ និង​សម្លេង​៣/៤ ឬ​ចំនួន​សមាជិក​សភា​៩២​រូប​ឡើង​ទៅ ដើម្បី​ប្រជុំ​បញ្ឈប់​ការ​បន្ត​នីតិ​វិធី​របស់​តុលាការ​ក្នុង​ការ​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​សមាជិក​សភា​ណា​ម្នាក់។

ដូច្នេះ បើ​ផ្អែក​ទៅ​លើ​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បច្ចុប្បន្ន​មាន​តែ​៦៨​រូប​នោះ នឹង​មិន​អាច​ប្រជុំ​ដក​អភ័យ​ឯក​សិទ្ធិ​សភា​ពី​លោក អ៊ុំ សំអាន ​នៅ​ថ្ងៃ​នេះ​បាន​ទេ។

គួរ​ជម្រាប​ជូន​ថា លោក អ៊ុំ សំអាន សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​មណ្ឌល​សៀមរាប​ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​១០​ខែ​មេសា នៅ​ពេល​លោក​បាន​វិល​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក​វិញ។ នៅ​មុន​នេះ​បន្តិច លោក អ៊ុំ សំអាន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ឃាំង​ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃសរ ក្រោម​បទ​ចោទ​ចំនួន​២គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ និង​ បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ តាម​មាត្រា​៤៩៥និង​៤៩៦​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​មិញ លោក សុន ឆៃ ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ដែល​អង្គុយ​អម​សង​ខាង​ដោយ​លោក អេង ឆៃអ៊ាង និង​លោក ហូ វ៉ាន់ ថា គណបក្ស​សង្រ្គោះ​ជាតិ នៅ​តែ​បន្ត​អនុវត្ត​នូវ​វប្បធម៌​សន្ទនា​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច តែ​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង លោក អ៊ុំ សំអាន ជា​បន្ទាន់ រួម​ទាំង​សមាជិក​របស់​គណបក្ស​ចំនួន​១៥​នាក់​ផ្សេង​ទៀត ដែល​កំពុង​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃសរ។ លោក សុន ឆៃ បាន​ហៅ​ករណី​របស់​លោក អ៊ុំ សំអាន​ថា គឺ​ជា​រឿង​នយោបាយ ដូច្នេះ ត្រូវ​បញ្ចប់​ដោយ​ការ​ចរចា​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ