អានតួអត្ថបទ
កម្ពុជា-តុលាការ

តុលាការ​កំពូល​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា

លោក កឹម សុខា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ឡើយ ក្រោយ​តុលាការ​កំពូល​បញ្ចប់​ការ​សួរ​ដេញ​ដោល​ជុំ​ទី​២ ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២២​សីហា​នេះ។ សេចក្ដី​សម្រេច​នេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ និង​អតីត​សហការី លោក កឹម សុខា ដែល​ជួប​ជុំ​នៅ​ក្រៅ​របង​តុលាការ​អស់​សង្ឃឹម​ឡើយ ព្រោះ​ពួក​គេ​ជឿ​ជាក់​ថា លោក កឹម សុខា នឹង​ត្រូវ​ដោះ​លែង​ក្នុង​ពេល​ឆាប់ៗ​នេះ។

រូបថត​ចាស់៖ លោក កឹម សុខា ពេលសមត្ថកិច្ចចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ
រូបថត​ចាស់៖ លោក កឹម សុខា ពេលសមត្ថកិច្ចចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ @the cambodia daily
ផ្សាយពាណិជ្ជកម្ម

ការ​សួរ​ដេញ​ដោល​លើ​សំណុំ​រឿង​លោក កឹម សុខា នៅ​ក្នុង​ជុំ​ទី​២​នេះ បាន​បិទ​បញ្ចប់​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ ដោយ​តុលាការ​កំពូល​ប្រកាស​តម្កល់​​សេចក្ដី​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល។ ពោល គឺ​លោក កឹម សុខា នឹង​ត្រូវ​បន្ត​ឃុំ​ខ្លួន​ត​ទៅ​ទៀត​។

ថ្លែង​បន្ទាប់​ពី​ចេញ​ពី​តុលាការ​កំពូល លោក ផែង ហេង​ តំណាង​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​គូស​បញ្ជាក់​ថា ជា​រឿង​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​តុលាការ​កំពូល​បន្ត​ឃុំ​ខ្លួន លោក កឹម សុខា ទាំង​ដែល​មេធាវី​ព្យាយាម​បង្ហាញ​ភស្តុតាង​ជា​ច្រើន​ដើម្បី​ជា​ការ​ដោះ​បន្ទុក​ទៅ​ហើយ​នោះ។ ឆ្លើយ​ទៅ​នឹង​សំណួរ​ថា តើ​មេធាវី​ធ្វើ​អ្វី​បន្ត​ទៀត​ដើម្បី​ឲ្យ​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ ? លោក ផែង ហេង នឹង​ជជែក​បន្ថែម​ជាមួយ​កូន​ក្ដី​លោក កឹម សុខា ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​សវនាការ​សួរ​ដេញ​ដោល​នៅ​ពេញ​មួយ​ព្រឹក​មិញ​នេះ លោក កឹម សុខា ដែល​បច្ចុប្បន្ន​ជាប់​ពន្ធនាគារ​ត្រពាំង​ថ្លុង ខេត្ត​ត្បូង​ឃ្មុំ ជិត​១​ឆ្នាំ ហើយ​នោះ ពុំ​ត្រូវ​បាន​បញ្ជូន​មក​ចូល​រួម​សវនាការ ឡើយ។

អ្វី​ជា​ការ​កត់​សម្គាល់​មុន​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ដែល​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ដដែល អតីត​សហការី​ធ្លាប់​រួម​ការងារ​ជាមួយ​លោក កឹម សុខា មិន​ភ្ញាក់​ផ្អើល​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ ឡើយ​ព្រោះ​ដឹង​ថា លោក កឹម សុខា នឹង​មិន​ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃ​ពុធ​នេះ​ឡើយ។ ប៉ុន្តែ លោក កឹម សុខា អាច​នឹង​ដោះ​លែង​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​វិញ។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​អ្នក​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចូល​រួម​អង្កេត​ដំណើរ​ការ​សវនាការ​ថ្លែង​ថា ករណី​លោក កឹម សុខា ខុស​គ្នា​ពី​ករណី​សកម្មជន​ដី​ អ្នក​ស្រី ទេព វន្នី និង​លោក គឹម សុខ និង​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី ។ ដូច្នេះ​តុលាការ​មិន​អាច​ធ្វើ​ការ​ដោះ​លែង​លោក​ កឹម សុខា ភ្លាមៗ​បាន​ទេ​ ដោយ​ត្រូវ​រង់​ចាំ​សភាពការណ៍​ពី​សហគមន៍​អន្តរជាតិ ជា​អ្វី​ដែល​លោក​ អ៊ូ ចន្ទរ័ត្ន យល់​ថា​ជា​សម្ពាធ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស គឺ​ជា​អំពើ​ត្រូវ​រ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ាយ ​ឬ​ឲ្យ​មាន​អំពើ​ឈ្លាន​ពាន​ប្រឆាំង​នឹង​កម្ពុជា។ បទ​ល្មើស​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ