អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សម័យ​បច្ចេកវិទ្យា​សតវត្សទី២១ គ្រូបង្រៀន​ខ្មែរ​ខ្លះ​មិនទាន់​ចេះ​ប្រើ​កុំព្យូទ័រ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីម្សិលមិញ​ ក្នុងពិធី​​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ក្រុមការងារ​គ្រូបង្រៀន​អន្តរជាតិ នៅ​ខេត្ត​សៀមរាប, លោក​រដ្ឋមន្ត្រី​អប់រំ​ បាន​ទទួល​ស្គាល់​ថា គុណភាព​គ្រូ​បង្រៀន​សព្វ​ថ្ងៃ គឺ​នៅ​មាន​បញ្ហា​។ បញ្ហា​ត្រង់​ថា មាន​គ្រូបង្រៀន​ខ្លះ​ នៅ​មិនទាន់​មាន​សមត្ថភាព​និង​ចំណេះដឹង​ច្រើននៅឡើយ ​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា។ ការ​មិន​សូវ​យល់​ដឹង​ពី​ប្រព័ន្ធ​បច្ចេកវិទ្យានេះ​ គឺអាច​ធ្វើ​ឲ្យ​គ្រូ​បង្រៀន​មួយ​ចំនួន ដើរ​មិន​ទាន់​កូន​សិស្ស​សម័យ​ទំនើប។

រូបភាពចាស់៖ ក្រុមគ្រូបង្រៀនកំពុងចូលរួមវគ្គបណ្តុះបណ្តាល
រូបភាពចាស់៖ ក្រុមគ្រូបង្រៀនកំពុងចូលរួមវគ្គបណ្តុះបណ្តាល © អ៊ឹម​ ណាវិន
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សម័យ​កាល​កំណែទម្រង់​អប់រំនេះ ក្រសួង បាន​និង​កំពុងយក​ចិត្ត​ទុក​ដាក់​​ទៅ​លើ​ការ​អភិវឌ្ឍ​ការ​អប់រំជា​ពិសេស​ ចំពោះ​​​វិស័យអប់រំ​​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​។ បើ​និយាយ​ផ្តោត​តែទៅលើ​វិស័យ​បច្ចេកវិទ្យា​ ពាក់​ព័ន្ធ​​កុំព្យូទ័រ​និង​អ៊ិនធឺណិត​ជាដើម ក្រសួង​អប់រំ​បាន​ចុះ​អនុស្សារណៈ​ជាមួយ​ក្រុម​ហ៊ុន ​Microsoft ហើយ​ក្រុម​ហ៊ុន​ទូរសព្ទ​មួយ​នៅក្នុង​ស្រុក ក៏​បាន​ជួយ​ផ្គត់​ផ្គង់​បំពាក់​កុំព្យូទ័រ និង​សេវាអ៊ិនធឺណិត​ ឲ្យ​ដល់​សាលា​រៀន​មួយ​ចំនួន​ផងដែរ។ ប៉ុន្តែវា​នៅ​មិនទាន់​គ្រប់​គ្រន់​នៅឡើយបើ​ប្រៀប​នឹង​ចំនួន​សាលា​រៀន​រដ្ឋ​រាប់​ម៉ឺន​គ្រឹះស្ថាន​នោះ​ ដោយសារតែ​គម្រោង​នេះ​ គឺវា​​មានតិច​តួច​ និង​មានតែ​នៅ​តាម​តំបន់សាលា​​ក្នុង​ទីប្រជុំជន និង​ទីក្រុង​តែប៉ុណ្ណោះ។​

បញ្ហា​ដែល​គេ​មើល​ឃើញ​ជាក់​ស្តែងហើយថា មេរៀនស្តី​ពី​កុំព្យូទ័រនិង​អ៊ិនធឺណិត មិន​ទាន់​ត្រូវ​បាន​ដាក់​បង្រៀន​ជាទូទៅ​នៅ​ក្នុងសាលា​សាធារណៈ​របស់​រដ្ឋ ​ឲ្យ​ទូលំទូលាយ​នៅឡើយទេ បើ​ជាបីជា​សម័យ​សតវត្សទី២១ ដែល​ជាសម័យ​បច្ចេកវិទ្យាទៅហើយក្តី​។ មាន​គ្រូ​បង្រៀន​អាយុច្រើន និង​សល់​ពី​សង្គម​ចាស់​មួយ​ចំនួន គឺ​មិន​ទាន់​ចេះ​ប្រើ​កុំព្យូទ័រ និងនិយាយ​ដោយ​ឡែក គឺ​មិន​សូវ​មាន​​មូលដ្ឋានចំណេះ​ដឹង​​នៃការវិវត្ត​​របស់​ប្រព័ន្ធ​បច្ចេកវិទ្យាតែម្តង​។ ចំណែក​កូន​សិស្ស​ភាគ​ច្រើន​នៅ​តាម​ទីជនបទវិញ អ្នក​ខ្លះ​ក៏ពុំ​មាន​លទ្ធភាព​រៀន​សូត្រ​ពី​វិស័យ​នេះ បាន​ច្រើន​នៅឡើយ។ កូន​សិស្ស​ខ្លះ ក៏ស្ទើរតែ​​មិនទាន់​មាន​លទ្ធភាព​ទិញ​ទូរសព្ទ​ទំនើប​ Smart Phone ដែល​អាច​ប្រើ​ប្រាស់​អ៊ិនធឺណិត បាន​នៅឡើយ​ផង​។​

នៅក្នុង​ដំណាក់​កាល​ដែល​មិនទាន់​ដំណើរ​ការ​ស្រួល​បួល និង​គ្មាន​គ្រឿ​ង​បរិក្ខា​គ្រប់​គ្រាន់​នៅ​សាលា​រដ្ឋ​យ៉ាង​ដូច្នេះ​! ជំហាន​ដំបូង គ្រូ​បង្រៀន​ខ្លួន​ឯងផ្ទា​ល់ គួ​រតែ​គិត​គូរ​ចាប់​ផ្តើម​ពីការ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ ចំណេះ​ដឹង​របស់​ខ្លួន​ជាមុន​សិន​ នៅក្នុង​​វិស័យ​បច្ចេកវិទ្យាទំនើប​នេះ។ ការ​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា​ គឺ​ជួយ​សម្រួល​ដល់​ការ​បង្រៀន​​របស់​គ្រូ កាន់តែ​មាន​ប្រសិទ្ធ​ភាព។ ហើយ​វា​នឹង​ជួយ​អភិវឌ្ឍ​ចំណេះ​ដឹងរបស់​គ្រូ ទៅ​​លើ​មុខ​វិជ្ជា​​ដែល​​ខ្លួនបង្រៀន និង​បញ្ជ្រាប​​ចំណេះ​ដឹង​សកលជា​ច្រើន​ទៀត​​ តាមរយៈ​ស្រាវជ្រាវបន្ថែម​ ក្នុង​​ប្រព័ន្ធអ៊ិនធឺណិត​។

ចំណែក​ឯការ​ឈ្វេង​យល់ពី​កម្មវិធី​មួយ​ចំនួន​ជាមូលដ្ឋាន​របស់​កុំព្យូទ័រ​ និង​ការ​វិវត្ត​ថ្មី​ៗ​របស់​បច្ចេកវិទ្យា​នោះទៀត​សោត គឺធ្វើ​ឲ្យ​​លោកគ្រូអ្នកគ្រូ​ អាច​យកទៅ​ពន្យល់​កូន​សិស្សបាន​ងាយឆាប់​យល់​ ហើយ​ការ​បង្រៀន​ដើរ​ទាន់​បច្ចុប្បន្នភាព​​។ លើសពីនេះ​ នៅពេល​ដែល​គ្រូ​បង្រៀន​ ​យល់​ច្បាស់ពី​​​ប្រព័ន្ធបច្ចេកវិទ្យា​អ៊ិនធឺណិត គឺអាច​នឹងណែនាំឬ​ចែក​រំលែក​ចំណុច​ណា​ដែល​កូន​សិស្ស​គួរ​ជៀស​វៀង​និងត្រូវ​​ប្រុង​ប្រយ័ត្នដើម្បី​រក្សា​សុវត្ថិភាព ​ក្នុង​​ពេល​ប្រើ​ប្រព័ន្ធ​អ៊ិនធឺណិត ឬ​ក៏​​បណ្តាញ​សង្គម​នានា ជាដើម។

ប្រការដែល​គ្រូ​បង្រៀន​ដើរ​ទាន់​សម័យ​កាលទំនើប​នេះ គឺ​នឹង​ទទួល​ការ​គោរព​កោត​សរសើរ​ពី​កូន​សិស្ស​ និងធានា​បាន​នូវការ​ប្រសិទ្ធភាព​នៃការ​អប់រំ​។ បើ​ពុំ​ដូច្នោះទេ កូន​សិស្សមួយ​ចំនួន​ក្នុង​សម័យ​ទំនើប​នេះ នឹង​វ៉ា​ដាច់​​គ្រូ​បង្រៀន​ ក៏អាច​ថា​បាន។

ក្រៅពីការ​ខំប្រឹង​ប្រែង​របស់តាម​លទ្ធភាព​របស់​គ្រូ​ដោយ​ខ្លួន​ឯង ក្រសួង​និង​ស្ថាប័ន​មាន​សមត្ថកិច្ច ពិសេស​ក្រសួង​អប់រំ និង ​ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍ តែម្តង​​ ត្រូវតែ​បង្កើត​វគ្គ​​បណ្តុះ​បណ្តាល​ ដូចជា​វគ្គបំបិ​ន​ខ្លីៗ​ ជា​ដើមឲ្យ​បានច្រើន​ និង​ទៀតទាត់ ជូន​ដល់​លោកគ្រូ​អ្នក​គ្រូ​ជាទូទៅ​ ឲ្យលោក​​យល់ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​ការ​វិវត្តនៃ​វិស័យ​នេះ។

ដោយ​ឡែក ចំពោះ​ការ​បណ្តុះ​បណ្តាល​គរុសិស្ស គឺត្រូវតែ​​ការ​បង្រៀនពី​បច្ចេកវិទ្យា​កុំព្យូទ័រ​​ស្រេច​ឲ្យ​ហើយ​ ព្រោះ​ថា​នៅពេល​ដែល​គរុសិស្ស​ទាំង​នោះ រៀន​ចប់ និង​ចេញទៅ​បង្រៀន​ គឺពួក​គេ​នឹង​មាន​ចំណេះ​ដឹង​មូលដ្ឋានបច្ចេកវិទ្យា​ស្រាប់ ដើម្បី​យក​ទៅ​​បង្រៀន​សិស្ស​តែម្តង។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​សាធារណៈ​ គប្បីតែ​មានគោល​នយោបាយ​បំពាក់​ប្រព័ន្ធអ៊ិនធឺណិត​និង​​កុំព្យូទ័រ​ យ៉ាងតិច​ក្នុង​ចំនួន​ណាមួយ​ សម្រាប់​នៅ​​សាលា​នីមួយ​ៗទូទាំង​ប្រទេស។ លើស​ពីនេះ គេគួរត្រូវតែ​ជំរុញ​ការ​បង្កើន​​បញ្ចប់​ថវិកា​ ចំពោះការ​អភិវឌ្ឍ​វិស័យ​អប់រំ​ផ្នែកព័ត៌មាន​និងទំនាក់ទំនង​​បច្ចេកវិទ្យា​ទំនើប​ (ICT)។ គម្រោង​នេះ គឺទាល់តែមាន​ការ​ជួយ​​ទំនុក​បម្រុងពី​វិស័យឯកជន​ និង​ការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល ទើប​អាច​ទៅរួច។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​តម្រង់​ទិសសង្គម​ទាំងឡាយ ទំនង​ជាមិន​ចង់​ឃើញថា ក្នុង​សម័យ​អភិវឌ្ឍន៍សតវត្សទី២១ទៅហើយ​ គ្រូបង្រៀនខ្មែរមិនទាន់ចេះប្រើកុំព្យូទ័រ និង​ដើរ​តាម​មិន​ទាន់​បច្ចេកវិទ្យា​ ​ទៀត​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ