អានតួអត្ថបទ
កម្ពុជា-ការងារ

ភាគី​ថៃ ពន្យារ​ពេល​ពី ៣ ទៅ ៦​ខែ​ទៀត ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា

ភាគី​ថៃ ប្រកាស​ពន្យា​ពេល​ពី ៣​ខែ ទៅ​៦​ខែ ទៀត ដើម្បី​ឲ្យ​ភាគី​កម្ពុជា ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ។ ការ​សម្រេច​របស់​រដ្ឋាភិបាល​ថៃ យ៉ាង​ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​រវាង​រដ្ឋមន្រ្តី​ក្រសួង​ការងារ​កម្ពុជា និង​ក្រសួង​ការងារ​ថៃ កាល​ពី​ថ្ងៃ​ទី ២២ ខែ​ធ្នូ។ សូម​ជម្រាប​ជូន​ថា រហូត​មក​ទល់​ពេល​នេះ មាន​ពលករ​កម្ពុជា ចំនួន ១៤​ម៉ឺន​នាក់​ហើយ ដែល​បាន​ធ្វើ​លិខិត​ឆ្លង​ដែន/លិខិត​ធ្វើ​ដំណើរ (TD) និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើ​ការ​នៅ​បរទេស។

លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ​កម្ពុជា នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ថៃ កាល​ពី​ថ្ងៃទី ២២ ខែ​ធ្នូ ឆ្នាំ​២០១៧។
លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ​កម្ពុជា នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ថៃ កាល​ពី​ថ្ងៃទី ២២ ខែ​ធ្នូ ឆ្នាំ​២០១៧។ @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​រវាង​លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ​កម្ពុជា និង​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ថៃ កាល​ពី​ថ្ងៃ​ទី ២២ ខែ​ធ្នូ នៅ​ទីក្រុង​បាងកក ភាគី​ថៃ ក៏​នឹង​អនុញ្ញាត​ឲ្យ​ពលករ​កម្ពុជា​ដែល​កាន់​ប័ណ្ណ​ស៊ី​ជម្ពូ និង​លិខិត​បញ្ជាក់​ទំនាក់​ទំនង​រវាង​និយោជក និង​ពលករ ស្នើ​សុំ​លិខិត​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​មក​ប្រទេស​កម្ពុជា-ថៃ ពី​មន្ទីរ​ការងារ​នៅ​តាម​បណ្តា​ខេត្ត​នៃ​ប្រទេស​ថៃ ដោយ​មិន​បង់​កម្រៃ​សេវា ដើម្បី​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើ​ការ​នៅ​បរទេស ឬ​ឯកសារ​ពាក់​ព័ន្ធ​ពី​អាជ្ញាធរ​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​កម្ពុជា។

ភាគី​កម្ពុជា ក៏​បាន​ស្នើ​ឲ្យ​ភាគី​ថៃ​ជំរុញ​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត ដល់​ពលករ​កម្ពុជា ដើម្បី​មក​បញ្ជាក់​អត្តសញ្ញាណ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ទទួល​បាន​ភាព​ស្រប​ច្បាប់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ភាគី​កម្ពុជា ក៏​នឹង​បង្កើន​ក្រុម​ការងារ​បន្ថែម និង​បង្កើត​ឲ្យ​មាន​ក្រុម​ចល័ត​តាម​សំណើ​របស់​ភាគី​ថៃ ដើម្បី​ធ្វើ​លិខិត​ធ្វើ​ដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ចាំ​ធ្វើ​ការ​នៅ​បរទេស ឲ្យ​កាន់​តែ​លឿន​បន្ថែម​ទៀត។

នៅ​ក្នុង​ជំនួប​ដដែល កម្ពុជា-ថៃ ក៏​បាន​ឯកភាព​គ្នា នឹង​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​សម្រាប់​រៀប​ចំ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ក្នុង​ការ​គ្រប់​គ្រង​ពលករ​កម្ពុជា ដែល​មាន​បំណង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​អនុស្សារណ​នៃ​ការ​យោគ​យល់​គ្នា ក្នុង​គោល​បំណង​កាន់​បន្ថយ​ពេល​វេលា និង​ចំណាយ។

កម្ពុជា-ថៃ ក៏​បាន​ប្តេជ្ញា​ថា នឹង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ការ​កេង​ប្រវ័ញ្ច​ពលករ​ខុស​ច្បាប់ ការ​ទប់​ស្កាត់​មេ​ខ្យល់​ជួញ​ដូរ​មនុស្ស ខុស​ច្បាប់ និង​ការ​អនុវត្ត​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ទាំង​ពីរ​ដែល​មាន​ស្រាប់ គឺ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​នៃ​វិស័យ​ការងារ និង​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ជួយ​ជន​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ។

ជា​ការ​កត់​សម្គាល់ ការ​សម្រេច​ពន្យា​ពេល​ដល់​ភាគី​កម្ពុជា ក្នុង​ការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​យ៉ាង​ដូច្នេះ ក៏​ធ្វើ​ឡើង​បន្ទាប់​ពី លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​ បាន​ស្នើ​ឱ្យ​ភាគី​ថៃ ជួយ​សម្រប​សម្រួល​ដល់​ពលករ​កម្ពុជា​ដែល​ទៅ ស្វែង​រក​ការងារ​ធ្វើ នៅ​ក្នុង​ប្រទេស​ថៃ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​មាន​ពលករ​កម្ពុជា​ចំនួន​ជាង ១ លាន​៥​ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​នៅ​ទី​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ