អានតួអត្ថបទ
កម្ពុជា

ថៃ ​កំពុង​ចុះ​បញ្ជី​ឈ្មោះ​ពលករ​ ខ្មែរ​!

គណៈ​កម្មការ​ជាតិ​សិទ្ធិ​មនុស្ស​ថៃ បញ្ជាក់​ថា នៅ​ក្នុង​ខែ​កញ្ញា​នេះ រដ្ឋាភិបាល​ថៃ​ ចាប់​ផ្តើម​ចុះ​ឈ្មោះ​ពលករ​បរទេស​ដែល​ធ្វើការ ដោយ​គ្មាន​ឯកសារ​ត្រឹម​ត្រូវ​ និង​ដែល​កំពុង​តែ​ធ្វើការ​នៅ​តាម​កប៉ាល់​នេសាទ​សមុទ្រ។ ពលករ​ទេសន្ត​ប្រវេសន៍​ទាំង​នោះ មាន​ទៅ​ពី​ប្រទេស​ភូមា ឡាវ និង​កម្ពុជា។

ពលករខ្មែររាប់រយនាក់ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជួនមកទម្លាក់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងមួយថ្ងៃៗ។
ពលករខ្មែររាប់រយនាក់ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជួនមកទម្លាក់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងមួយថ្ងៃៗ។ RFI/Im Navin
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៣​កញ្ញា គណៈ​កម្មការ​ជាតិ​សិទ្ធិ​មនុស្ស​ថៃ បញ្ជាក់​ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ រដ្ឋាភិបាល​ថៃ ផ្តើម​ចុះ​បញ្ជី​ពលករ​បរទេស​ ដើម្បី​ដាក់​ពួក​គេ​ឲ្យ​ស្ថិត​ក្រោម​ការ​ការពារ​ស្រប​ច្បាប់​។

នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា  ចុះ​ថ្ងៃទី​៩ខែ​សីហា ដែល​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ពលករ​ខ្មែរ​នៅ​ស្រុក​ថៃ។ ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ដឹង​ច្បាស់​ថា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស លើ​កម្មករ​នេសាទ​ជនជាតិ​ខ្មែរ ដែល​ត្រូវ​​គេ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ការ និង​បង្ខំ​ឲ្យ​ប្រើប្រាស់​គ្រឿង​ញៀន​ដើម្បី​មាន​កម្លាំង​ធ្វើការ​ដោយ​ឥត​សម្រាក។ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​សុំ​ឲ្យ​គណៈ​កម្មាការ​ជាតិ​សិទ្ធិមនុស្ស​ថៃ ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់ខ្លួន ចុះ​បញ្ចី​កម្មករ​នេសាទ និង​បង្កើត​យន្តការ​ត្រួត​ពិនិត្យ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ឧស្សាហកម្ម​នេសាទ។

គណៈកម្មាការ​ជាតិ​សិទ្ធិ​មនុស្ស​ថៃ បាន​បំភ្លឺ​វិញ​ថា ចំពោះ​ពលករ​ដេល​បាន​ចុះ​ឈ្មោះ​ហើយ ត្រូវ​បំពេញ​បែប​បទ​បញ្ជាក់​អត្ត​សញ្ញាណ​ជាតិ ដើម្បី​ទទួល​បាន​អត្តសញ្ញា​បណ្ណសម្គាល់​ខ្លួន​ពីរដ្ឋាភិបា​លនៃ​ប្រទេស​រៀង​ៗខ្លួន។​ ករណី​ពលករ​ដែល​មាន​ឯកសារ​អត្តសញ្ញាណ​ត្រឹមត្រូវ​ហើយ គឺ​អាច​ដាក់​ពាក្យ​សុំ​ធ្វើការ​ តែ​ដោយ​ឡែក ចំពោះ​ពេលវេលា​ដែល​អាច​ធ្វើការ​ជាក់​លាក់ គឺត្រូវ​សម្រេច​អនុញ្ញាត​ដោយ​គណៈ​រដ្ឋមន្ត្រី​ថៃ។

គណៈ​កម្មការ​ជាតិ​សិទ្ធិមនុស្សថៃ បាន​លើក​ឡើង​ថា បួន​ប្រាំឆ្នាំ​ចុងក្រោយ​នេះ គណៈ​កម្មការ បាន​ទទួល​ពាក្យ​បណ្ដឹង​ និង​អនុសាសន៍​ជា​ច្រើន​ពី​ប្រទេស​ជិត​ខាង ហើយបាន​បើក​ការ​ស៊ើប​អង្កេត​ ព្រមទាំង​ដាក់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​របស់​ខ្លួន​។ ជា​លទ្ធផល នៅ​ឆ្នាំ​២០១៥ គឺមាន​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទៅ​ដល់​ប្រធានកប៉ាល់ និង​ម្ចាស់ទូក​នេសាទ ព្រោះថា​ ​ពួក​ថៅកែ​ទាំង​នោះ បាន​ប្រើ​កម្លាំង​ពលករ​តាម​សមុទ្រ ដែល​គ្មាន​អត្តសញ្ញាណ​បណ្ណ​ត្រឹមត្រូវ ឬគ្មាន​កិច្ច​សន្យា​​ការងារ​ជាក់លាក់។ ទន្ទឹមនឹង​នេះ រដ្ឋាភិបាល​​ថៃ​ក៏​បាន​ផ្តន្ទាទោសចំពោះ​ប្រធាន​កប៉ាល់​ដែល​រំលោភលើរាង​កាយ​កម្មករលើទូក ហើយ​បាន​​ផ្តល់​ជំនួយ​ផ្សេង​ៗ​ដល់​ពលករ​ទាំង​នោះ​ទៀត​ផង។

ជុំវិញ​រឿង​ពលករ​នេះដែរ គណៈកម្មាការ​នេះ បាន​ស្នើសុំថា ត្រូវ​អនុវត្ត​កម្មវិធី​បង្កា ពន្យល់​អប់រំ​​​ណែនាំ​ចំពោះ​ប្រជាជន​នៅ​តាម​បណ្តា​ខេត្ត​នានា ឲ្យ​យល់​ពី​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព និង​គ្រោះថ្នាក់​នៃការ​ជួញដូរ​កេប្រវ័ញ្ច​ការងារ។

គួរ​បញ្ជាក់​ដែរថា ចំនួន​ពលករ​ខ្មែរ​ ដែល​កំពុង​ធ្វើការ​ទាំង​ស្របច្បាប់ និង​ខុស​ច្បាប់ នៅស្រុក​ថៃ​ គឺ​មាន​ចំនួន​មិន​តិច​ជាង​១លាន​នាក់​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ