អានតួអត្ថបទ
កម្ពុជា

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នឹង​ត្រូវ​ដាក់​ប្រជុំ​ពេញ​អង្គ​ពេល​សភា​ចូល​កង

រដ្ឋសភា​នឹង​លើក​យក​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​ស្រប​ពេល​ដែល​រដ្ឋសភា​បញ្ចប់​វិស្សមកាល​របស់​ខ្លួន។ ការ​លើក​យក​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បោះឆ្នោត ក្រុម​ប្រឹក្សា ឃុំ សង្កាត់ នេះ​ទៅ​ពិភាក្សា​ពេញ​អង្គ ត្រូវ​គេ​មើល​ឃើញ​ថា​បន្ទាប់​ពី​ច្បាប់​នេះ​បាន​ឆ្លង​កាត់​ការ​ជជែក​ពិភាក្សា​គ្នា​ច្រើន​ដង​មក​ហើយ រវាង​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

សាលប្រជុំនៃរដ្ឋសភាកម្ពុជា។
សាលប្រជុំនៃរដ្ឋសភាកម្ពុជា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​រដ្ឋសភា​ពេញ​អង្គ​ធ្វើ​ការ​ប្រជុំ​នឹង​អនុម័ត នៅ​ពេល​ដែល​សមាជិក​សភា​ត្រឡប់​ពី​វិស្សមកាល​វិញ នៅ​ថ្ងៃ​ទី​២០​ខែ​តុលា ឆ្នាំ​២០១៥ ខាង​មុខ។

លោក សុខ ឥសាន្ត អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា គេ​នៅ​រងចាំ​មើល​កិច្ច​ប្រជុំ​រវាង​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​សម្លេង​ភាគ​ច្រើន និង​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​ ​សម្លេង​ភាគ​តិច​ក្នុង​រដ្ឋសភា ដែល​ប្រព្រឹត្តិ​ទៅ​មួយ​លើក​ទៀត​នៅ​ថ្ងៃ​ទី​១ ខែ​តុលា​ខាង​មុខ។ប្រសិន​បើ​មិន​មាន​អ្វី​ជឿន​លឿន​នោះ​ទេ គឺ​នឹង​មិន​មាន​ការ​ជជែក​គ្នា​រវាង​អ្នក​តំណាង​រាស្ត្រ​សម្លេង​ភាគ​តិច​និង​ភាគ​ច្រើន​ទៀត​ឡើយ គឺ​ដាក់​ទៅ​សភា​ពេញ​អង្គ​ដើម្បី​ប្រជុំ​អនុម័ត​តែ​ម្តង។

នៅ​ថ្ងៃ​នេះ​ដែរ លោក យ៉ែម បុញ្ញឬទ្ធិ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា​កិច្ច​ប្រជុំ​រវាង​សមាជិក​សភា​សម្លេង​ភាគ​តិច និង​ភាគ​ច្រើន​ដែល​នឹង​ជជែក​គ្នា​នូវ​ចំណុច​សេសសល់​មិន​ទាន់​ឯក​ភាព​គ្នា​នោះ លោក​ថា​នឹង​ព្យាយាម​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​មាន​ការ​បិទ​សិទ្ធិ​សេរីភាព កាត់​បន្ថយ​រយៈពេល​នៃ​ការ​ហែ​ក្បួន​ឃោសនា ការ​កំណត់​ការ​ហែរក្បួន​ឆ្លង​ឃុំ និង​បញ្ហា​ទោស​ពិន័យ​មន្ត្រី​រាជការ​ដែល​អនុវត្ត​ខុស​ជា​ដើម។

អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​ជជែក​គ្នា លើ​ពង្រាង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នេះ បើ​មិន​បាន​ប្រសើរ​ទេ​ក៏​គួរ​រក្សា​ទុក​ដូច​មុន។

សូម​បញ្ជាក់​ថា​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ក្រុម​ការងារ​គណបក្ស​ទាំងពីរ​ដែល​មាន​សមាសភាព​ម្ខាង​៤​នាក់ ក៏​នឹង​ជជែក​គ្នា​បន្ត​ពី បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា និង​ចំណុច​សេសសល់​ដទៃ​ទៀត​​ ដែល​ជា​ជំហ៊ាន​ឈាន​ទៅ​រក​កិច្ច​ប្រជុំ​ដឹកនាំ​ដោយ​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​សម្លេង​ភាគ​ច្រើន​និង​ភាគ​តិច​នៅ​ថ្ងៃ​ទី​១​តុលា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ