អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​បញ្ហា​ចរាចរណ៍​៖ ច្បាប់​ថ្មី​ក្នុង​បរិបទ​នៃ​ទម្លាប់​ចាស់!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ច្បាប់​ចរាចរណ៍​ជើងគោក​ថ្មី​ដែល​រដ្ឋសភា​បាន​អនុម័តកាល​ពី​ចុង​ឆ្នាំ ​២០១៤​ បាន​បង្កើន​ការ​ផាក​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​បើកបរ​ល្មើសច្បាប់។ ​គេ​រំពឹង​ថា​វិធាន​ការ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​បើកបរ​គោរព​ច្បាប់​និង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជិត​២០០០​នាក់​បាន​ស្លាប់​ និង​ជាង​ ៥០០០ នាក់​រងរបួស​ក្នុង​មួយ​ឆ្នាំ។ ​ប៉ុន្តែ ​រហូត​មកដល់​ពេល​នេះ​ គេ​មិន​ទាន់​ឃើញ​មាន​ការ​ប្រែប្រួល​នៅលើ​ដងផ្លូវ​នៅ​ឡើយ​ទេ។ ​ប្រសិន​បើ​មាន​ច្បាប់​ថ្មី​ តែ​មនុស្ស​នៅ​តែ​អនុវត្ត​ទម្លាប់​ចាស់ ​គេ​ពិបាក​សង្ឃឹម​ណាស់​ថា​ច្បាប់នេះ​មាន​ប្រសិទ្ធភាព។

គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ជារៀងរាល់ថ្ងៃ។
គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ជារៀងរាល់ថ្ងៃ។ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​ចូលជា​ធរមាន ​អ្នក​បើកបរ​ល្មើសច្បាប់​នឹង​ត្រូវផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​រាប់​ទាំង​ទោស​ជាប់​ពន្ធនាគារ​និង​ការ​ផាកពិន័យ។ ​ជាក់ស្តែង​ អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដែល​មាន​ជាតិ​អាល់កុល​ចាប់​ពី ​០,៤០ មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឬ​ក៏​ចាប់​ពី​ ០,៨០ ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើង​ទៅ​ នឹង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​មួយ​ខែ​ដល់​៦​ខែ​និង​ផាកពិន័យ​ចាប់​ពី​៨០ម៉ឺន​រហូត​ដល់​៤លានរៀល។ ​ក្នុង​ករណី​បង្ក​គ្រោះថ្នាក់​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​របួស​ឬ​ស្លាប់ ​ទោសជាប់​ពន្ធនាគារ​អាច​កើន​ដល់​៥ឆ្នាំ ​រីឯប្រាក់​ពិន័យ​អាច​ឡើង​ដល់​ ២៥ លាន​រៀល​ឯណោះ។

ទោស​និង​ពិន័យធ្ងន់ធ្ងរ​ក៏​មាន​ដែរ​សម្រាប់​អ្នក​បើកបរ​ដោយ​គ្មានប័ណ្ណ​បើកបរ​ បើកបរ​ដោយ​បំពាន​ច្បាប់​ចរាចរណ៍​និង​បំពាន​បទ​បញ្ជា​របស់​សមត្ថកិច្ច​ជា​ដើម។ ​ក៏​មាន​ដែរ​ទោស​ជាប់​ពន្ធនាគារ​និង​ពិន័យ​ជាប្រាក់​ចំពោះ​ភ្នាក់ងារ​នគរបាល​ដែល​បំពាន​ទៅ​លើ​អ្នក​បើកបរ។ ទាំងអស់​នេះ​ជា​វិធានការ​ថ្មី​ដែល​ក្រុមអ្នក​តាក់តែង​ច្បាប់​និង​អ្នកធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ចរាចរណ៍​រំពឹងថា​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ក៏​ដូចជា​អាច​ជួយ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ចរាចរណ៍​ឡើងវិញ។ ​ប៉ុន្តែ​ ចំណោទ​នៅ​ត្រង់​ថា​ តើ​ច្បាប់​នេះ​អាច​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព​​ដូចការ​រំពឹង​ទុក​ដែរ​ឬ​ទេ?

ជា​ការ​ពិតណាស់ ​រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​ល្អ​ៗ​យ៉ាង​ច្រើន​មក​ហើយ​ក្នុង​រយៈពេល​ពីរទសវត្សរ៍​ចុង​ក្រោយ​នេះ​ ក្នុង​នោះ​ក៏​មាន​រដ្ឋធម្មនុញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ផង​ដែរ។ ​ប៉ុន្តែ ​បញ្ហា​នៅ​ត្រង់​ការ​អនុវត្ត​មិនបាន​តែ​ប៉ុណ្ណោះ។ ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​ពេល​នេះ​ជា​វិញ្ញាសារ​សាកល្បង​ថ្មី​មួយ​ទៀត​សម្រាប់​សមត្ថកិច្ច​និង​ប្រជាជន​កម្ពុជា​ពោល​គឺ​«ច្បាប់​ថ្មី​ក្នុង​បរិបទ​នៃ​ទម្លាប់​ចាស់»។

នៅ​កម្ពុជា​ ពាក្យ​ថា​«ច្បាប់​ទម្លាប់»​ត្រូវ​បាន​គេ​ប្រើ​ដោយ​ចង​ភ្ជាប់​គ្នា​ដោយសារ​តែ​វា​មាន​ឥទ្ធិពល​លើ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​អាច​កាត់​ផ្តាច់​បាន។ ​ជាញឹកញយ​ «ទម្លាប់» ​ធំជាង​ច្បាប់​ទៅ​ទៀត។ ​ក្នុង​ន័យ​នេះ ​ច្បាប់​ចរាចរណ៍​ជើងគោក​ថ្មី​នឹង​គ្មាន​ប្រសិទ្ធភាព​ទេ​ប្រសិន​បើ​សមត្ថកិច្ច​និង​អ្នក​បើកបរ​ទាំង​ឡាយ​នៅ​តែ​អនុវត្ត​ទម្លាប់​ចាស់​តែ​ដដែល​នោះ។ ​ទម្លាប់​ចាស់​មាន​ដូចជា ​ទម្លាប់​របស់​អ្នក​បើកបរ​ដែល​មិនសូវ​អើពើ​ចំពោះ​ច្បាប់​ ទម្លាប់​របស់​បុគ្គល​មួយ​ចំនួន​ដែល​អាង​អំណាច​បុណ្យស័ក្តិ​ឬ​អាងទឹកប្រាក់​ហើយ​មិន​ខ្លាច​បំពាន​ច្បាប់ ​និង​ទម្លាប់​រក​ផល​ចំណេញ​ដាក់​ហោប៉ៅ​របស់​ភ្នាក់ងារ​មាន​សមត្ថកិច្ច។ល។ និង។ល។

ប្រសិន​បើ​ទម្លាប់​ទាំងនេះ​មិន​ត្រូវ​បាន​កែប្រែ​ទេ​នោះ​ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​មិន​ត្រឹមតែ​គ្មាន​ប្រសិទ្ធ​ភាព​ប៉ុណ្ណោះ​ទេ​ តែ​វា​អាច​នឹង​ក្លាយ​ជា​ឧបករណ៍​បើក​ផ្លូវ​ឲ្យ​មាន​អំពើ​ពុករលួយ​ជម្រិត​ទារប្រាក់​កាន់​តែ​ខ្លាំង​ជាង​មុន​ក៏​ថា​បាន។ ​នេះ​គឺ​ជា​បន្ទុក​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​របស់​អ្នក​ប្រើប្រាស់​ទ្រូវ​ផ្លូវ​ដែរ​នៅ​ពេល​ដែល​ពួកគេ​ប្រព្រឹត្ត​ល្មើស​ដោយ​ប្រការ​ណាមួយ​ហើយ​ត្រូវ​បាន​ផាកពិន័យ​យ៉ាង​សន្ធឹក​សន្ធាប់។ ​ប្រសិន​បើប្រាក់ផាក​ពិន័យ​ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកា​ជាតិ​មិន​ជា​ថ្វី​ទេ ​តែ​ប្រសិន​បើ​ប្រាក់នោះ​បែរ​ជា​ធ្លាក់​ចូល​ក្នុង​ហោ​ប៉ៅ​បុគ្គលឯកជន​វិញ​នោះ​វា​រឹតតែ​ធ្ងន់ធ្ងរ​ជាង​ច្បាប់ចាស់​ទៅ​ទៀត។

នៅ​កម្ពុជា​ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​៥នាក់​ក្នុង​មួយ​ថ្ងៃ ​ធ្វើ​ឲ្យ​របួស​ ជាង​ ៥០០០ ​នាក់​ក្នុង​មួយ​ឆ្នាំ ​និង​បាន​បង្កការ​ខូចខាត​សេដ្ឋកិច្ច​ជាតិ​ជាង​ ៣០០ លានដុល្លារ​ជារៀង​រាល់​ឆ្នាំ។ ​នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​ក្រុម​អ្នក​ជំនាញ​ខាង​ចរាចរណ៍​។ គឺ​ជា​តួលេខ​អ្នក​ស្លាប់​ដ៏ខ្ពស់​បំផុត​គឺ​ខ្ពស់ជាង​អ្នក​ស្លាប់​ដោយ​គ្រាប់មីន​ឬ​ដោយ​ជំងឺ​អេដស៍​ដ៏​កាចសាហាវ​ទៅ​ទៀត។ ​ជាង​ ៩០ ភាគរយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​គេ​រក​ឃើញ​ថា​បណ្តាល​មក​ពី​កត្តា​មនុស្ស​ ដូចជា ​ការ​បើកបរ​ដោយ​មិន​គោរព​ស្លាក​សញ្ញាចរាចរណ៍​ មិន​គោរព​សិទ្ធិ​អាទិភាព ​បើកបរ​ក្នុង​ល្បឿន​លឿន​ហួសហេតុ​ និង​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ជាដើម។ ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​មុខព្រួញ​ដែល​ត្រូវ​ជាប់ទោស​និង​ត្រូវ​ផាកពិន័យ​ធ្ងន់ធ្ងរ​ក្នុង​ច្បាប់​ចរាចរណ៍​ថ្មី។

ដូច្នេះ​ ដើម្បី​ឲ្យ​ច្បាប់​ថ្មី​មាន​ប្រសិទ្ធភាព​ ការ​អប់រំ​សីលធម៌​ដល់​ពលរដ្ឋ​និង​ដល់ភ្នាក់ងារ​អនុវត្តច្បាប់​ដើម្បី​ឲ្យ​ពួកគេ​កែ​ទម្លាប់​ចាស់ ​ព្រម​ទាំង​ការ​ផ្សព្វផ្សាយ​ច្បាប់​ដល់​មនុស្ស​ជា​ទូទៅ​ឲ្យ​បាន​ទូលំទូលាយ​គឺ​ជា​បេសកកម្ម​ចាំបាច់​មួយ​ទៀត​ដែល​គេ​មិន​អាច​មើល​រំលង​បានឡើយ​។ ​ផ្ទុយទៅវិញ​ ប្រសិន​បើ​«ទម្លាប់​នៅ​តែ​ធំ​ជាង​ច្បាប់​»តែ​ដដែល​នោះ​ សោកនាដកម្ម​លើ​ដងផ្លូវ​នៅ​តែ​មិន​អាច​កាត់បន្ថយ​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ