អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​៖ ការ​ផ្អាក​ធ្វើ​ប័ណ្ណ​បើកបរ​ អាច​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក

កាល​ពី​ថ្ងៃ​ម្សិល​មិញ លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន បាន​បញ្ជា​អោយ​ផ្អាក​ការ​ធ្វើ​ប័ណ្ណ​បើក​បរ ជា​បណ្តោះ​អាសន្ន​សិន ដើម្បី​ទុក​ពេល​អោយ​រដ្ឋាភិបាល​ធ្វើ​ការ​សិក្សា​ឡើង​វិញ​នូវ​នីតិ​វិធី និង​កម្រៃ​នៃ​ការ​បង់​សេវា​សាធារណៈ។ ការ​ផ្អាក​នេះ អាច​នឹង​ប៉ះ​ពាល់​ដល់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ដែល​នឹង​ត្រូវ​ដាក់​អោយ​អនុវត្ត​នៅ​ដើម​ឆ្នាំ​២០១៦។ នេះ​បើ​តាម​អង្គការ​សង្គម​​ស៊ីវិល​មួយ​ចំនួន​ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍។

ការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ នា​ពេល​ថ្មី​ៗ​នេះ។
ការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ នា​ពេល​ថ្មី​ៗ​នេះ។
ផ្សាយពាណិជ្ជកម្ម

លោក​អ៊ា ចរិយា នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ និយាយ​ថា ការ​ផ្អាក​ធ្វើ​ប័ណ្ណ​បើកបរ​ជា​​បណ្តោះ​អាសន្ន អាច​នឹង​ប៉ះពាល់​ដល់​មាត្រា​៧៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​និយាយ​អំពី​ការ​ផ្ទន្ទាទោស​អ្នក​បើកបរ​យាន​យន្ត​ដែល​គ្មាន​ប័ណ្ណ​បើក​បរ។

លោក ចរិយា​ បន្ត​ថា បើ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន ក្រសួង​មហាផ្ទៃ និង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ព្រម​ទាំង​ស្ថាប័ន​ពាក់​ព័ន្ធ អាច​នឹង​ពន្យារ​ការ​អនុវត្ត​មាត្រា​នេះ ​ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។ ទោះ​យ៉ាង​ណា លោក​ថា រដ្ឋាភិបាល​អាច​អនុវត្ត​មាត្រា​ផ្សេងៗ​ទៀត​របស់​ច្បាប់​ចរាចរណ៍ ដែល​មិន​ទាក់​ទង​នឹង​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី។

ចំណែក​លោក គុំ អ៊ុយនិច មន្ត្រី​កម្មវិធី នៃ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ ដែល​ធ្វើ​ការ​ទាក់ទង​នឹង​សុវត្ថិភាព​ចរាចរណ៍​នេះ​ដែរ និយាយ​ថា បើ​ទោះ​ជា​ច្បាប់​មាន​វិសាលភាព​ធំ​ជាង បញ្ជា​នាយក​រដ្ឋមន្ត្រី​ក៏​ដោយ ក៏​លោក​ជឿ​ថា មន្ត្រី​ថ្នាក់​ក្រោម​នឹង​មិន​ទាន់​អនុវត្ត​មាត្រា​៧៥​ នេះ​នោះ​ទេ។

ទាក់ទង​នឹង​រឿង​នេះ លោក ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ និយាយ​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក នឹង​ត្រូវ​អនុវត្ត​គ្រប់​មាត្រា​ទាំង​អស់ នៅ​ឆ្នាំ​២០១៦​នេះ លើក​លែង​តែ​មាន​សេចក្តី​ណែនាំ​ថ្មី។ លោក​​ថា នៅ​ថ្ងៃ​ស្អែក មន្ត្រី​របស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ប្រជុំ​ពិភាក្សា លើ​បទ​បញ្ជា​របស់​លោក​​នាយក​រដ្ឋមន្ត្រី។

សូម​បញ្ជាក់​ថា មាត្រា​៧៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​បាន​ចែង​អំពី ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់ ចំពោះ​ជន​ណា​ដែល​បើកបរ​យាន​យន្ត​ដោយ​គ្មាន​ប័ណ្ណ​បើក​បរ ​ឬ​ក្នុង​រយៈ​ពេល​ដែល​ប័ណ្ណ​បើកបរ​ត្រូវ​បាន​ដក​ហូត ព្យួរទុក ឬ​ទុក​ជា​មោឃៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ