អានតួអត្ថបទ
កម្ពុជា

អង្គការ​អន្តរជាតិ​៖ ភ្នំពេញ​នឹង​អស់​លទ្ធភាព​ផ្ទុក​សំរាម ក្នុង​ឆ្នាំ ២០២០

ទីក្រុង​ភ្នំពេញ​នឹង​មាន​សំរាម​កើន​ឡើង​រហូត​ដល់​ ៣ ពាន់តោន ក្នុង​មួយ​ថ្ងៃ នៅ​ឆ្នាំ ២០៣០​ ហើយ ថា ទីលាន​ចាក់​សំរាម នៅ​ក្នុង​ខណ្ឌ​ដង្កោ​នឹង​អស់​លទ្ធភាព​នៅ​ក្នុង​ការ​ផ្ទុក​សំរាម នៅ​ក្នុង​ឆ្នាំ ​២០២០។ នេះ​បើ​យោង​តាម​​ការ​ស្រាវជ្រាវ​​របស់​វិទ្យាស្ថាន​បច្ចេក​វិទ្យានៃកម្ពុជា ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ​អាស៊ី ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

សំរាម​ដែល​ហូរហៀរ​នៅ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ។
សំរាម​ដែល​ហូរហៀរ​នៅ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​ស្រាវជ្រាវ​មួយរបស់​វិទ្យា​ស្ថាន​បច្ចេក​វិទ្យានៃ​កម្ពុជា ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ​អាស៊ី នេះ​បាន​បង្ហាញ​ថា សំរាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នឹង​កើន​ឡើង​ទ្វេរដង​ ពោល​គឺ សំរាម ប្រមាណ ៣ ពាន់តោន នឹង​ត្រូវ​បាន​បង្កើត ក្នុង​មួយ​ថ្ងៃ ក្នុង​ឆ្នាំ ២០៣០។ ការ​ស្រាវជ្រាវ​ដដែល​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទីលាន​ចាក់​សំរាម នៅ​ក្នុង​ខណ្ឌ​ដង្កោ​នឹង​អស់​លទ្ធភាព​នៅ​ក្នុង​ការ​ផ្ទុក​សំរាម នៅ​ក្នុង​ឆ្នាំ ​២០២០។

ឆ្លើយ​តប​នឹង​ការ​ស្រាវជ្រាវ​នេះ លោក ឡុង ឌីម៉ង់ បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​នៃ​បរិមាណ​សំរាម​ចំនួន​ ៣ ពាន់តោន ក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​ ២០៣០ នេះ វា​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ ដោយសារ​តែ កំណើន​នៃ​ប្រជាជន មាន​ការ​កើនឡើង ហើយ​បច្ចុប្បន្ន​ សំរាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន ២ ពាន់ តោន រួច​ទៅ​ហើយ។

ប៉ុន្តែ អ្នក​នាំ​ពាក្យ រូប​នេះ បាន​បន្ត​ទៀត​ថា ដើម្បី​ធ្វើ​ការ​គ្រប់​គ្រង​សំរាម ឲ្យ​មាន​ប្រសិទ្ធិភាព​ សព្វ​ថ្ងៃ​នេះ សាលារាជធានី បាន​ស្វាគមន៍​ចំពោះ ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​វិនិយោគ ក្នុង​ការ​កែច្នៃ ឬ ដុត​សំរាម​ទាំង​នោះ។ ដោយ​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន ប្រមាណ​ជា​ ៦ ឬ ៧ បាន​នឹង​កំពុង​ធ្វើ​ការ​ដេញ​ថ្លៃ វិនិយោគ​សំរាម​នៅ​រាជធានី​ភ្នំពេញ។

ដោយ​ឡែក លោក សៅ សុភាព​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា ក្រសួង​បរិស្ថាន​ សាលា​រាជធានី​ភ្នំពេញ និង ស្ថាប័ន​ពាក់ព័ន្ធ បាន​នឹង​កំពុង​សិក្សា​ពី​លទ្ធភាព នៃ​ការ​បង្កើត ទីលាន​ចាក់​សំរាម​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ការ​ទុកដាក់​សំរាម ប្រកប​ដោយ​ប្រសិទ្ធិភាព និង​សណ្តាប់​ធ្នាប់។

លោក សៅ សុភាព បន្ថែម​ថា ក្រសួង​បរិស្ថាន ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការណ៍ ​ខាង​ផ្នែក​បច្ចេក​ទេស ពី អង្គការ JICA ដើម្បី​ធ្វើ​ការ​កែច្នៃ​សំរាម​ផង​ដែរ។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ លោក បាន​សង្កត់​ធ្ងន់​ថា បញ្ហា​ប្រឈម​មួយ នា​ពេល​បច្ចុប្បន្ន នេះគឺ សំរាម​នៅ​រាជធានី​ភ្នំពេញ មិន​បាន​ធ្វើ​ការ​គ្រប់​គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ ទៅ​តាម​ប្រភេទ​សំរាម​នៅ​ឡើយ​នោះ​ទេ។ ដួច្នេះ​ហើយ វា​នឹង​អាច​មាន​ការ​លំបាក​ខ្លះ ក្នុងការ​យក​សំរាម​ទាំង​នោះ​យក​មក​កែ​ច្នៃ៕

អត្តបទដោយ សរ ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ