អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ដឹក​ធ្ងន់​ខូច​ស្ពាន​ត្សឹបាសា តើ​នរណា​ទទួល​ខុស​ត្រូវ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព័ត៌មាន​ស្ដីពី​រថយន្ត​ដឹក​អង្ករ​លើស​ទម្ងន់ ធ្វើ​ឲ្យ​ខូច​ខាត​កៅស៊ូ​​ក្រាល​ស្ពាន​អ្នក​លឿង ឬ​ស្ពាន​ត្សឹបាសា កាល​ពី​ថ្ងៃ​ទី​២៣​កុម្ភៈ នៅ​តែ​ជា​ប្រធានបទ​នៃ​ការ​ជជែក​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​។ កាល​ពី​ថ្ងៃ​ពុធ លោក ស ខេង រដ្ឋ​មន្ដ្រីក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឲ្យ​តាម​ចាប់​ម្ចាស់​រថយន្ត​បង្ក​ហេតុ​។ ជា​ការ​ពិត​ហើយ​ថា ម្ចាស់​រថយន្ត​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​ នៅ​ក្នុង​សំណុំ​រឿង​នេះ​។ ប៉ុន្តែ​ក្រៅ​ពី​ម្ចាស់​រថយន្តបង្ក​ហេតុ តើ​នរណា​ខ្លះ​ទៀត ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​?

ស្ពាន ​ត្សឹបាសា​​ ដែល​ជា​ជំនួូយ​របស់​រដ្ឋាភិបាល ​និង​ប្រជាជន​ជប៉ុន ​ត្រូវ​បាន​ខូខាត​បន្ទាប់​ពី​មាន​ការ​អនុញ្ញាត​ឲ្យ​មាន​រថយន្ត​ធន់​ធ្ងន់​ និង​លើស​កំណត់​បើក​បរ​ខុស​ច្បាប់​។​
ស្ពាន ​ត្សឹបាសា​​ ដែល​ជា​ជំនួូយ​របស់​រដ្ឋាភិបាល ​និង​ប្រជាជន​ជប៉ុន ​ត្រូវ​បាន​ខូខាត​បន្ទាប់​ពី​មាន​ការ​អនុញ្ញាត​ឲ្យ​មាន​រថយន្ត​ធន់​ធ្ងន់​ និង​លើស​កំណត់​បើក​បរ​ខុស​ច្បាប់​។​ រូបភាពពីគេហទំពរ័ក្រសួងពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម

ស្ពាន​អ្នក​លឿង ឬ​ស្ពាន​ត្សឹបាសា ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ទើប​តែ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥​កន្លង​ទៅ​តែ​ប៉ុណ្ណោះ​។ បើ​គិត​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​នេះ ប្រជាពលរដ្ឋ​កម្ពុជា ទើប​តែ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​ត្សឹបាសា បាន​ត្រឹម​ប្រមាណ​១០​ខែ​ប៉ុណ្ណោះ​ឯង​។ ១០​ខែ​ក៏​ពិត​មែន ប៉ុន្តែ​ចុង​ក្រោយ​នេះ ស្ពាន​ត្សឹបាសា​តម្លៃ​ជាង​មួយ​រយ​លាន​ដុល្លារ ត្រូវ​បាន​បំផ្លាញ​ឲ្យ​ខូច​ខាត​ហើយ​! ខូច​ខាត​ដោយ​សារ​ម្ចាស់​រថយន្ត​​​​មួយ​គ្រឿង ដែល​អាត្មា​និយម បង្ខំ​ផ្ទុកអង្ករ​​លើស​ទម្ងន់​កំណត់​។

លោក ស ខេង រដ្ឋ​មន្ដ្រីក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឲ្យ​តាម​ចាប់​ម្ចាស់​រថយន្ត​បង្ក​ហេតុ​។ ប៉ុន្តែ​បើ​តាម​សេចក្ដី​រាយការណ៍ ម្ចាស់​រថយន្តដែល​បាន​ធ្វើ​ឲ្យ​ខូច​កៅស៊ូ​ក្រាល​លើ​ស្ពាន​នេះ បាន​បង់​ប្រាក់​ពិន័យ​ចំនួន​១៥០​ដុល្លារ​ទៅ​ឲ្យ​អង្គការ JICA ដែល​ជា​អ្នក​គ្រប់​គ្រង​ស្ពាន​នេះ​រួច​ហើយ​។ ហើយ​ខាង​ក្រុមហ៊ុន​ជប៉ុន នឹង​ជួស​ជុល​ការ​ខូច​ខាត​នេះ​ឡើង​វិញ​។ នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ម្ចាស់​រថយន្ត​​បង្ក​ហេតុ នៅ​ក្នុង​សំណុំ​រឿង​នេះ​។ ប៉ុន្តែ​ក្រៅ​ពី​ម្ចាស់​រថយន្ត បង្ក​ហេតុ តើ​នរណា​ខ្លះ​ទៀត ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​?

មុន​នឹង​ឆ្លើយ​សំណួរ​នេះ គេ​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​មួយ​ថា បញ្ហា​រថយន្ត​ផ្ទុក​ទំនិញ​លើស​ទម្ងន់​កំណត់ គឺ​មិន​មែន​ទើប​តែ​កើត​មាន​ឡើង​នៅ​កម្ពុជា​នោះ​ទេ​។ ការ​ផ្ទុក​ទំនិញ​លើស​ទម្ងន់​កំណត់ កើត​មាន​តាំង​ពី​យូរ​មក​ហើយ នៅ​តាម​បណ្ដា​ខេត្ត​រាជធានី ទូទាំង​ប្រទេស​កម្ពុជា​។ កន្លង​មក មានស្ពាន​និង​​ផ្លូវ​ជា​ច្រើន​កន្លង​​ដែល​បាក់បែក​​និង​​​ខូច​ខាត ​ដោយ​សារ​តែ​​ការ​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​នេះ​ឯង​។

នៅ​ក្នុង​សំណុំ​រឿង​​នេះ គេ​ពិបាក​បន្ទោស​ទៅ​លើ​ឈ្មួញ​ម្ចាស់​រថយន្ត​តែ​ម្ខាង​ណាស់ ព្រោះ​ការ​ផ្ទុក​ទំនិញ​ច្រើន​តាម​ដែល​អាចធ្វើ​ទៅ​បាន គឺ​ជា​ផល​ចំណេញ​។ ហើយ​នៅ​ក្នុង​ជំនួញ សួរ​ថា​តើ​នរណា​មិន​ចង់​ចំណេញ?

នៅ​ពេល​ដែល​ឈ្មួញ ឬ​ម្ចាស់​រថយន្ត​នៅ​តែ​បន្ត​ផ្ទុក​ទំនិញ​លើស​ទម្ងន់ ការងារ​ទប់​ស្កាត់ត្រូវ​ធ្លាក់​ទៅ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ អាជ្ញាធរ​ជាប់​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ហាក់​ខក​ខាន មិន​បានយក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់ ឬ​រារាំង​​រថយន្ត​ដឹក​ទំនិញ​ធ្ងន់​លើស​កំណត់​ដែល​ធ្វើ​ដំណើរ​យ៉ាង​អាណាធិបតេយ្យ​នៅ​ទូទាំង​ប្រទេស​ឡើយ​។

ករណី​រថយន្ត​ដឹក​អង្ករ​ដែល​មាន​ទម្ងន់​សរុប​ជាង​៧០​តោន និង​ដែល​បាន​ធ្វើ​ឲ្យ​ខូច​ខាត​កៅស៊ូ​ក្រាល​ស្ពាន​អ្នក​លឿង គឺ​ជា​ភស្តុតាង​យ៉ាង​ច្បាស់​បញ្ជាក់​ពី​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​របស់​រថយន្ត​ដឹក​ទំនិញ​នៅ​តាម​ដង​ផ្លូវ។ វា​ជា​សំណាង​ល្អ ដែលឧបទ្ទវហេតុ​​លើក​នេះ​គ្រាន់​តែ​ធ្វើ​ឲ្យ​កៅស៊ូ​ក្រាល​ស្ពាន​ត្សឹបាសា​ខូច​ខាត មិនបង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​រួម​ដំណើរ​ផ្សេង​ទៀត។

បើទោះ​បី​ជា​​ឧបទ្ទវហេតុ​លើក​នេះ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជាពលរដ្ឋ​ក៏​ពិត​មែន ក៏​វា​មិន​មែន​មាន​ន័យ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ គួរ​តែ​បណ្ដែត​បណ្ដោយ​ មិន​ចាត់​វិធានការ​ដោះ​ស្រាយ​​បញ្ហា​នេះឡើយ​។

ការ​គ្រប់​គ្រង​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់ គួរ​តែ​ត្រូវ​បាន​រឹត​បន្តឹង​ឲ្យ​បាន​ម៉ឺងម៉ាត់​ជានេះ ។ ផ្លូវ​ជាតិ​ដែល​នៅ​មិន​ទាន់​មាន​ជញ្ជីង​ថ្លឹង​រថយន្ត​គ្រប់​គ្រាន់ ក៏​គួរ​ពិចារណា​ដាក់​បន្ថែម​ផង​ដែរ​។ ដោយ​ចំពោះ​ផ្លូវ​ជាតិ​លេខ​១ ដ៏​មាន​សារៈ​សំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​កម្ពុជា​វៀតណាម ក៏​ដូច​ជា​រវាង​ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ ការប្រើ​ប្រាស់​សាឡាង​ដើម្បី​​ដឹក​ជញ្ជូន​ទំនិញ​ធន់​ធ្ងន់ ក៏​អាច​ជា​ដំណោះ​ស្រាយ​មួយ​ដែរ​ ដើម្បី​ថែ​រក្សា​ស្ពាន​ត្សឹបាសា​ឲ្យ​នៅ​រឹង​មាំ​ ​គង់វង្ស​យូរ​អង្វែង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ