អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

Facebook ​​ជា​​កំបិត​​មុខ​​ពី​រ ​​នៅ​​ក្នុង​​កាលៈទេសៈ​​នយោបាយ​​តាន​​តឹង​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុងក្រោយ​នេះ ​មាន​ស្ថាប័ន​រដ្ឋ​និង​ឯកជន​មួយ​ចំនួន ​បាន​ចេញ​មក​បដិសេធ​ជា​បន្ត​បន្ទាប់​ចំពោះ​ការ​ក្លែង​បន្លំ​ឈ្មោះ ​រឺ​ព័ត៌មាន ​នៅ​ក្នុង​គណនេយ្យ​ហ្វេសបុក​របស់​ពួក​គេ។​ កាល​ពី​ថ្ងៃ​ទី​១៨​វិច្ឆិកា​កន្ល​ងទៅ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ក៏​បាន​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ ចំពោះ​ជន​ទាំង​ឡាយ​ណា ​ដែល​យក​ឈ្មោះ​របស់​លោក​ទៅ​បង្កើត​ជា​ Account ឬ​Profile​ ក្លែង​ក្លាយ​ក្នុង​គោល​បំណង​ទុច្ចរិត​ណា​មួយ។ ​ក្នុង​ស្ថាន​ភាព​នយោបាយ​តាន​តឹង​បែប​នេះ​ អ្នក​ប្រើប្រាស់​បណ្តាញស​ង្គម​ហ្វេសបុក​ គួរ​គប្បី​មាន​ការ​ប្រុង​ប្រយ័ត្ន​ទ្វេ​ដង​ ដើម្បី​ជៀសវាង​មាន​វិប្បដិសារី។​

រូបតំណាង​បណ្ដាញ Facebook
រូបតំណាង​បណ្ដាញ Facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​និន្នាការ​បច្ចុប្បន្ន​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ​៣៩.៥% ​មាន​ទូរស័ព្ទ​ Smartphone ​ឬ​ទូរស័ព្ទ​ទំនើប​ៗ​ប្រើប្រាស់​ ហើយ​២៨.៦%​បាន​ភ្ជាប់​អ៊ីនធ័រណែត​នោះ​ បាន​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាញយ​ក​ព័ត៌មាន ​ឬ​ ចែក​រំលែក​ព័ត៌មាន​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​បុក ​(Facebook)។

យោង​តាម​របាយ​ការណ៍​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ថា ​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ ២៤.៩% ​បាន​ប្រើប្រាស់​បណ្តាញ​សង្គ​ម​ហ្វេសបុក​ រឺ​អ៊ីនធ័រណែត ​ដើម្បី​ទាញយក​ព័ត៌មាន​ ឬ​ចែក​រំលែក​ព័ត៌មាន​ ខណៈ​ដែល​មនុស្ស​ ៣១.៨% បន្ត​មើល​ទូរទស្សន៍ ​និង​មនុស្ស ​១៧.៨%​ បន្ត​ស្តាប់​វិទ្យុ។ ​ការ​កើន​ឡើង​នេះ​ គឺ​ជា​ការ​ផ្លាស់ប្តូ​រដ៏​ធំ​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា ​ជា​ពិសេស​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ដែល​អ្នក​នយោ បាយបា​ន​ប្រើប្រាស់​ហ្វេស​បុកនេះ​ ដើម្បី​ជា​មធ្យោបាយ​ទាក់​ទាញ​ប្រជាប្រិយភាព​របស់​ខ្លួន។​

ហ្វេសបុក គឺ​ជា​មធ្យោបាយ​មួយ​ដែល​គេ​ប្រើ​ប្រាស់​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​រវាង​មនុស្ស​ម្នាក់​ទៅ​កាន់​មិត្តភ័ក្រ​ជា​ច្រើន​នាក់​ទៀត​នៅ​ក្នុង​សង្គម​ ឬ​ចែក​រំលែក​សកម្មភាព​កំសាន្ត​នានា។ ​ក៏​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ ហ្វេសបុក​ក៏​ត្រូវ​បាន​ជន​ឱកាស​និយម​មួយ​ចំនួន​ប្រើប្រាស់​ ដើម្បី​ប្រព្រឹត្តិបទ​ល្មើស​ផ្សេង​ៗ​ផង​ដែរ។​ ដូច្នេះ​ក្នុង​បរិបទ​បែប​នេះ ​អ្នក​លេង​ហ្វេសបុក​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ពិសេស​នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេសជួ​ប​ភាព​តាន​តឹង​។​ 

តាន​តឹង​ដោយសារ​តែ​ក្នុ​ង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ មេដឹកនាំ​គណបក្ស​ប្រឆាំង ​លោក សម រង្ស៊ី ​មិន​អាច​វិល​ចូល​ស្រុក​បាន​ ដោយសារ​តែ​រងការ​ចាប់​ខ្លួន​នៅ​ក្នុ​ង​បណ្តឹង​របស់​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ ហោ ណាំហុង ​នឹង​នៅ​គ្រា​ដែល​អនុប្រធាន​របស់​ខ្លួន​គឺ​លោក ​កឹម សុខា ​ត្រូវ​បាន​ទំលាក់​ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា ​និង​ខណៈ​ដែល​តំណាង​រាស្រ្ត​របស់​ខ្លួន​២​រូប ​រង​ការ​វាយ​ដុំ​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​ក្រុម​អ្នក​វិភាគ​បាន​ចាត់​ទុក​ថា​ នោះ​គឺ​ជា​រឿង​នយោបាយ។ ​

នៅ​​ក្នុង​គ្រា​តាន​តឹង​នយោបាយបែ​ប​នេះ ​ព័ត៌មាន​ក្លែង​ក្លាយ​ជា​ច្រើន​កំពុង​ត្រូវ​បាន​ជន​ឱកាស​និយម​មួយ​ចំនួន​បំផុស​ឡើង​ជា​បន្ត​បន្ទាប់​ តាម​រយៈ​បណ្តាញ​សង្គ​មហ្វេស​បុក​ ដែល​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា ​គឺ​ជា​ការ​បំពុល​បរិយាកាស​នៅ​ក្នុង​សង្គម​។ ទោះបី​ជា​ព័ត៌មាន​ទាំង​នោះ​ មាន​ប្រភព​ចេញ​មក​ពី​ក្រុម​មនុស្ស​ណាក៏​ដោ​យ ​តែ​ក្នុង​កាលៈ​ទេសៈ​បែប​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​​សង្គម​ហ្វេសបុក​ផ្ទាល់​ឯណោះទេ ​ដែល​​រិត​តែ​មានការ​ប្រុង​ប្រយ័ត្ន​ទ្វេរ​ដង ​ដើម្បី​ជៀសវាង​ការ​ចែក​រំលែក ​រឺ​ទាញយ​ក​ព័ត៌មាន​ខុស ​ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​ទុក្ខ​ទោស​ទៅ​វិញ។​

កាល​ពី​ថ្ងៃ​ទី​១៨​វិច្ឆិកា​កន្លង​ទៅ ​លោកនា​យករដ្ឋមន្ត្រី​ ហ៊ុន សែន ​ទើប​តែ​បាន​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​យក​ឈ្មោះ​របស់​លោក​ ទៅ​បង្កើត​ជា​ Account ឬ Profile ហ្វេសបុក​ក្លែងក្លាយ ​ក្នុង​គោល​បំណង​ទុច្ចរិត​ណា​មួយ។​ ចំណែក​ឯ​អគ្គ​នាយក​ដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហា​ផ្ទៃ​ ក៏​ទើប​តែ​បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ដែរ​ ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បាន​ក្លែង​បន្លំ​ឯកសារ​សំបុត្រ​កំណើត​ក្លែង​ក្លាយ​មួយ ​តាម​បណ្តាញ​សង្គម​ហ្វេសបុក ​ដែល​ចេញ​ដោយ​មន្រ្តី​អត្រា​នុកូលដ្ឋាន​ក្នុង​ឃុំ​ភ្នំដិន​ ស្រុក​គីរីវង់​ ខេត្ត​តាកែវ ​ថា​ស្ថិ​តនៅ​ក្នុង​ប្រទេស​វៀតណាម។

​ព័ត៌មាន​មិន​ពិត​, ការ​បង្កើត​គណនេយ្យ​ហ្វេសបុក​ក្លែងក្លាយ​របស់​ស្ថាប័ន​ជា​ច្រើន​ទៀត ​ក៏​កំពុង​ត្រូវ​បាន​បំផុស​ឡើង​ និង​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោ​យ​នេះ។ ​និន្នាការ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ​ឬ​បង្កើត​គណនេយ្យ​ហ្វេស​បុក​ក្លែង​ក្លាយ​ គេ​បាន​ជួប​ម្តង​រួច​មក​ហើយ ​គឺ​នៅ​ពេល​ដែល​គណបក្ស​នយោបាយ​ធំ​ៗ​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះជាតិ​ ចរចា​មិន​ត្រូវ​រ៉ូវ​គ្នា​ នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែកក្កដា ឆ្នាំ​២០១៣។

ទោះ​ក្នុង​គោល​បំណង​បែប​ណា​ក៏​ដោយ ​តែ​ការ​ក្លែង​លិខិត ​ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អាច​ជា​យុទ្ធសាស្រ្ត​របស់​អ្នក​នយោបាយ ​ឬ​គូរ​ប្រជែង​នយោបាយ ​ខណៈ​ដែល​ស្ថានភាព​នយោបាយ​តាន​តឹង​បែប​នេះ។ ក៏​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​អ្វី​ដែល​សំខាន់​នោះ ​គឺ​ថា​​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសបុក​ឯ​ណោះ​ទេ​ ដែល​គេ​បាន​ប៉ាន់​ប្រមាណ​ថា​នឹង​ឈាន​មុខ​គេ ​នៅ​ឆ្នាំ​ក្រោយ​នេះ​ គួរ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ខណៈ​ដែល​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​គ្រប់​គ្រង​នៅ​ឡើយ​។​ ក្នុងនោះ៖

ទី១.អ្នក​ប្រើប្រាស់​ហ្វេសបុក ​ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​ និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ មុន​នឹង​ចែក​រំលែក ​រឺ​ក៏​ទាញ​យក​ព័ត៌មាន​មក​ផ្សព្វផ្សាយ​បន្ត។​

ទី២.អ្នក​ប្រើប្រាស់​ហ្វេសបុក ​គួរ​ពិនិត្យ​ទៅ​លើ​ប្រភព​ព័ត៌មាន​ដែល​ត្រូវ​ចែក​រំលែក​បន្ត​។

ទី៣.ជៀសវាង​ការ​សរសេរ​យោបល់​បន្ថែម ​ដោយ​ប្រើប្រាស់​អារម្មណ៍​ផ្ទាល់​ខ្លួន។​

និងទី៤​.គឺ​ត្រូវ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ទាំង​នោះ ​ជាមួយនឹ​ងប្រភព​នានា។

​បើ​ធ្វើ​ដូច​នោះ ​គឺ​ដើម្បី​ជៀសវាង​មាន​វិប្បដិសារី ​ដោយសារ​តែ​ការ​ធ្វេស​ប្រហែស​តែ​មួយ​ពេល​។ ជា​ឧទាហរណ៍ ​មាន​ករណី​មួយ​ចំនួន​បាន​កើត​ឡើង​រួច​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តួ​យ៉ាង​ដូចជា៖ ​ទី១.ករណី​របស់​យុវជន ​ផង់ សីហា ​កំពុងជាប់​ឃុំ​នៅក្នុ​ងពន្ធនាគារ​ព្រៃសរ ​ដោយសារ​តែ​រឿង​គំរាម​សម្លាប់​លោក សុខ ទូច អ្នក​វិភាគ​នយោបាយ, ទី២.ករណី​យុវជន​ គង់ រ៉ៃយ៉ា ​ដែល​កំពុង​ជាប់​ចោទ​ដោយសារ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​បដិវត្ត​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​ទី៣.​ករណី​យុវជន ​តៅ សាវឿន ដែលបានគំរាម​សម្លាប់​លោក​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃនៅ​ក្នុង​ខេត្ត​សៀមរាបជាដើម។ ​នៅ​មាន​ករណី​ជា​ច្រើន​ទៀត​ ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាត់វិធាន​ការ​រួច​មក​ហើយ។​

ជា​រួមមក ហ្វេសបុក​អាច​ជា​កំបិត​មុខ​ពីរ​ ដែល​ម្ខាង​វា​ជា​មធ្យោបាយ​អនុញ្ញាត​ឲ្យ​យើង​អាច​ទាញ​យក​ព័ត៌មាន​ថ្មី​ៗ​ ប្លែក​ៗ​បាន​ដោយ​សេរី​ដើម្បី​ជា​ទុន​ក្នុង​ការ​ពង្រី​កចំណេះ​ដឹង​បន្ថែម​ តែ​នៅ​ម្ខាង​ទៀត ​វា​ក៏​អាច​ជា​ការ​បង្ក​គ្រោះថ្នាក់​សម្រាប់​យើង​ដែរ​ ប្រសិន​បើ​អ្នក​ប្រើប្រាស់​ទាំង​នោះ ​មិន​បាន​ប្រើ​ប្រាស់​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ពិសេស​នៅ​ក្នុ​ងកា​លៈទេសៈ​ដែល​នយោបាយ​ក្នុង​ស្រុក​កំពុង​ជួប​ភាព​តាន​តឹង​បែប​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ