អានតួអត្ថបទ
កម្ពុជា

មេ​បញ្ជាការ​កង​ទ័ព​មួក​ខៀវ៖«យ៉ាង​ហោច ២​សប្តាហ៍​ទៀត​សព​ទាហាន​មួក​ខៀវ​ទាំង ៤ នឹង​ដឹក​ដល់​កម្ពុជា»

ទី​បំផុត​កង​ទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន ៣​រូប ដែល​បាត់​ខ្លួន​ក្រោយ​ព្រឹត្តិការណ៍​បាញ់​ប្រហារ ដោយ​ក្រុម​ឧទ្ទាម​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល កាល​ពី​យប់​ថ្ងៃ​ទី ៨​ឧសភា កន្លង​ទៅ​នេះ បាន​ស្លាប់​ហើយ បន្ទាប់​ពី​សាក​សព​អ្នក​ទាំង ៣ ត្រូវ​បាន​រក​ឃើញ​កាល​នៅ​ព្រឹក​ថ្ងៃ​ទី​ខែ​ឧសភា ស្ថិត​នៅ​ចម្ងាយ ២​គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ។ សាក​សព​យុទ្ធជន​មួក​ខៀវ​ទាំង ៣ ត្រូវ​បាន​រៀប​ចំ​ដឹក​ជញ្ជូន​តាម​ឧត្ថម្ភាគចក្រ​អង្គការ​សហប្រជាជាតិ​ពី​តំបន់ Bangassou ទៅ​កាន់​ទីក្រុង Bangui រដ្ឋធានី​ធំ​នៃ​សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល។

ទាហាន​មួក​ខៀវ​កម្ពុជា
ទាហាន​មួក​ខៀវ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ពុធ​ទី ១០​ឧសភា​នេះ បាន​បញ្ជាក់​ជា​សាធារណៈ​ថា កង​កម្លាំង​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​អន្តរជាតិ​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ នៅ​សាធារណៈ​រដ្ឋ​អាហ្វ្រិក​កណ្តាល​សរុប​ចំនួន ៤​នាក់​ត្រូវ​បាន​ស្លាប់។

ជាមួយ​គ្នា​នេះ នាយ​ឧត្តមសេនីយ៍​ សែម​ សុវណ្ណី អគ្គ​នាយក​នៃ​មជ្ឈមណ្ឌល​ជាតិ​កង​កម្លាំង​រក្សា​សន្តិភាព និង​បោស​សម្អាត​កាក​សំណល់​សង្គ្រាម​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង RFI ថា យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ប្រើ​ពេល ២​សប្តាហ៍​ដែរ ក្នុង​ការ​ដឹក​ជញ្ជូន​សព​យុទ្ធជន​មួក​ខៀវ​ទាំង ៤​មក​ដល់​ប្រទេស​កម្ពុជា។ ក្នុង​នោះ​មាន​ការ​សម្អាត​របស់​ពេទ្យ ឆ្លង​កាត់​កោសល្យ​វិច្ច័យ និង​ការ​គោរព​វិញ្ញាណក្ខន្ធ​ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ និង​មាន​ការ​ចូល​រួម​ពី​កង​កម្លាំង​មួក​ខៀវ​ចំរុះ ៤០​ជាតិ​សាសន៍ កំពុង​បំពេញ​បេសកកម្ម​នៅ​អាហ្វ្រិក​កណ្តាល។

សូម​រំលឹក​ថា កាល​ពី​យប់​ថ្ងៃ​ទី ៨​ខែ​ឧសភា នៅ​អាហ្វ្រិក​កណ្តាល ត្រូវ​នឹង​ម៉ោង ២​ទៀប​ភ្លឺ​នៅ​ប្រទេស​កម្ពុជា មាន​ហេតុការណ៍​ពួន​ស្ទាក់​វាយ​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម​ទៅ​លើ​ក្បួន​យុទ្ធ​ដំណើរ​កង​កម្លាំង MINUSCA របស់​អង្គការ​សហប្រជាជាតិ បណ្តាល​ឲ្យ​កម្លាំង​មួក​ខៀវ​កម្ពុជា​ស្លាប់ នៅ​នឹង​កន្លែង​ម្នាក់ របួស​ម្នាក់ និង ៣​នាក់​ទៀត​បាត់​ខ្លួន ប៉ុន្តែ​អ្នក​បាត់​ខ្លួន​ទាំង​ ៣​នោះ ត្រូវ​បាន​រក​ឃើញ​ថា​ស្លាប់​ទាំង​អស់។ ក្នុង​ចំណោម​យុទ្ធជន​មួក​ខៀវ​ដែល​បាន​ពលី​ចំនួន ៤​នាក់​ដែល ២​នាក់​នៅ​លីវ​នៅ​ឡើយ​នោះ មាន ៣​នាក់​ជា​កង​វិស្វកម្ម និង​ម្នាក់​ជា​បុគ្គលិក​ពេទ្យ។ ពួក​គេ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប ពោធិសាត់ កំពត និង​រាជធានី​ភ្នំពេញ។

២​ថ្ងៃ​ជាប់​គ្នា ក្នុង​សុន្ទរកថា​ជា​សាធារណៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​ឲ្យ​អង្គការ​សហប្រជាជាតិ​យក​ចិត្ត​ទុក​ដាក់​ទទួល​ខុស​ត្រូវ និង​ធានា​នូវ​សុវត្ថិភាព​ដល់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ផង​ដែរ។ លោក ហ៊ុន សែន ត្រៀម​នឹង​បញ្ជូន​ក្រុម​ការងារ​ក្រសួង​ការពារ​ជាតិ​ទៅ​កាន់ ប្រទេស​អាហ្រ្វិក​កណ្តាល ដើម្បី​ពិនិត្យ​កន្លែង​កើត​ហេតុ​ថា​តើ​មាន​អ្វី​កើត​ឡើង​មុន​ពេល​កើត​ហេតុ។

ជា​បន្ត​បន្ទាប់ ក្រសួង​ការពារ​ជាតិ ក្រសួង​ការ​បរទេស សុទ្ធ​តែ​បាន​ចេញ​លិខិត​រំលែក​ទុក្ខ​គ្រួសារ​នៃ​សព យុទ្ធជន​ដែល​បាន​ពលី​ជីវិត និង​សម្តែង​នូវ​ការ​សោក​ស្តាយ រន្ធត់​នូវ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ចំពោះ​យុទ្ធជន​រក្សា​សន្តិភាព​កម្ពុជា​នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​ ២០១៦ ​កម្ពុជា បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​របស់​ខ្លួន​ប្រមាណ​ជិត ៩០០​នាក់ ទៅ​បំពេញ​បេសកម្ម​នៅ​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាង​ត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។ ក្នុង​រយៈ​ពេល ១១​ឆ្នាំ​មក​នេះ កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា បាន​ស្លាប់ ៨​នាក់​រង​របួស​ ៧​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ