អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អាមេរិក​ និង​អូស្ត្រាលី សម្តែង​ការ​សោក​ស្តាយ ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

សហរដ្ឋ​អាមេរិក និង​អូស្រ្តាលី បាន​បង្ហាញ​ការ​សោក​ស្តាយ និង​ខក​ចិត្ត​ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​មិន​មាន​វត្តមាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​រូម​ប្រកួត។ អាមេរិក បាន​ហៅ​ការ​បោះ​ឆ្នោត​នេះ​ថា គ្មាន​ភាព​សេរី និង​យុត្តិធម៌ ហើយ​មិន​បាន​តំណាង​អោយ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ទេ។

សេតវិមាន​សហរដ្ឋ​អាមេរិក
សេតវិមាន​សហរដ្ឋ​អាមេរិក @សហការី
ផ្សាយពាណិជ្ជកម្ម

មិន​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា សហរដ្ឋ​អាមេរិក និង​ប្រទេស​អូស្ត្រាលី គឺ​ជា​ប្រទេស​ដំបូង​គេ ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ជុំវិញ​ការ​បោះ​ឆ្នោត ដែល​គ្មាន​វត្តមាន​អតីត​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា។

សហរដ្ឋ​អាមេរិក តាម​រយៈ​សេចក្តី​ថ្លែងការណ៍ ដែល​ធ្វើ​ឡើង​ដោយ​ការិយាល័យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​នៃ​សេតវិមាន បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នៅ​កម្ពុជា គ្មាន​ភាព​សេរី និង​យុត្តិធម៌ ហើយ​មិន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​នោះ​ទេ។ អាមេរិក​បន្ត​ថា ការ​បោះ​ឆ្នោត ដែល​គ្មាន​អតីត​គណបក្ស​ប្រឆាំង​សំខាន់​ជាង​គេ​នៅ​កម្ពុជា គឺ​ជា​បរាជ័យ​មួយ​យ៉ាង​ធំ​បំផុត​ចំពោះ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ដដែល អាមេរិក​នឹង​ពិចារណា​លើ​ជំហាន​បន្ថែម​ទៀត នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បោះ​ឆ្នោត​របស់​កម្ពុជា, បញ្ហា​សិទ្ធិ​មនុស្ស, និង​លទ្ធិប្រជាធិបតេយ្យ ដោយ​រឹត​បន្តឹង​បន្ថែម​ទៀត​លើ​ការ​ផ្តល់​ទិដ្ឋាការ។ ក្រៅ​ពី​នេះ​អាមេរិក ក៏​ជំរុញ​ឲ្យ​មាន​ការ​ផ្សះ​ផ្សា​ជាតិ ហើយ​ដោះ​លែង លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​ជា​បន្ទាន់។

ចំណែក​អូស្ត្រាលី​តាម​រយៈ​ក្រសួង​ការ​បរទេស​របស់​ខ្លួន​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា។ ជា​ការ​បោះ​ឆ្នោត ដែល​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង ហើយ​មេ​គណបក្ស​នេះ​ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​ការ​រារាំង​មិន​ឲ្យ​មន្ត្រី​អតីត​គណបក្ស​នេះ ចូល​រួម​ក្នុង​នយោបាយ។

អូស្ត្រាលី​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ពលរដ្ឋ​កម្ពុជា ដែល​មិន​អាច​ជ្រើស​រើស​តំណាង​របស់​ខ្លួន​បាន​ដោយ​សេរី ហើយ​រដ្ឋាភិបាល​អូស្រ្តាលី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ដោយ​សេរី និង​គ្មាន​ការ​គំរាម​កំហែង​ក្នុង​សកម្មភាព​នយោបាយ។

លោក សោម សូរីដា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​លើក​ឡើង​ថា​សេចក្តី​ថ្លែងការណ៍​របស់​អាមេរិក គឺ​មាន​ចរិត​នយោបាយ ហើយ​ថា​កម្ពុជា​មិន​ត្រូវ​ការ​ទទួល​ស្គាល់​ពី​ប្រទេស​ទាំង​នោះ​ទេ។

យោង​តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​៦​លាន​៩​សែន​នាក់ ឬ​ជាង​៨២​ភាគ​រយ នៃ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​៨​លាន​៣​សែន​នាក់ បាន​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ