អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ការ​ផ្ញើ​កំណត់​ទូត​គ្រប់​គ្រាន់​ហើយ​ឬ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ផ្ញើ​កំណត់​ទូត​មួយ​ថ្មី​ទៀត ទៅ​កាន់​ប្រទេស​វៀតណាម។ ​កំណត់​ទូត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​រក​ឃើញ​ថា វៀតណាម​បាន​ជីក​ស្រះ​ទឹក​ចំនួន​៣​បន្ថែម​ទៀត​ កំបាំង​ក្នុង​ព្រៃ ​នៅ​ក្នុង​តំបន់​ហាម​ឃាត់​ ស្ថិត​ក្នុង​ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី។ ការ​ផ្ញើ​កំណត់​ទូត​ពី​សំណាក់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​នៅ​ពេល​នេះ ​បាន​ទទួល​ការ​គាំទ្រ​ពី​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​សួរ​ថា​តើ​​វា​គ្រប់​គ្រាន់​ហើយ​ឬ ដើម្បី​បញ្ឈប់​ភាព​គឃ្លើន​របស់​វៀតណាម ក្នុង​ការ​រំលោភ​បូរណភាព​ទឹក​ដី​កម្ពុជា?   

​ការ​​បោះ​​បង្គោល​​ព្រំដែន​​របស់​វៀតណាម​នា​ពេល​កន្លង​មក​
​ការ​​បោះ​​បង្គោល​​ព្រំដែន​​របស់​វៀតណាម​នា​ពេល​កន្លង​មក​ RFI
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ បាន​ចាប់​ផ្ដើម​រង្គ្រោះ​រង្គើ​ឡើង​វិញ ក្រោយ​ពេល​ក្រុម​អ្នក​តំណាង​​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ទៅ​កាន់​មូលដ្ឋាន និង​បាន​អះអាង​ថា វៀតណាម​​បាន​រំលោភ​បូរណភាព​ទឹក​ដី​កម្ពុជា​ជា​ច្រើន​កន្លែង។ ក្នុង​នោះ​មាន​ជា​អាថិ៍​៖ នៅ​ស្រុក​អូយ៉ាដាវ​ខេត្ត​រតនគិរី នៅ​ស្រុក​រំដួល​និង​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយ​រៀង នៅ​ច្រក​ដាក់​ដាំ​ខេត្ត​មណ្ឌល​គិរី ស្រុក​កំពង់ត្រាច​ខេត្ត​កំពត និង​ស្រុក​មេមត់​​ខេត្ត​ត្បូង​ឃ្មុំ​ជា​ដើម។

តប​ទៅ​នឹង​ការ​រក​ឃើញ​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ និង​បាន​អះអាង​ថា ដី​ទាំង​អស់​នោះ ស្ថិត​នៅ​ក្នុង​បូរណភាព​ដែនដី​វៀតណាម លើក​លែង​តែ​នៅ​ច្រក​ដាក់​ដាំ ​ខេត្ត​មណ្ឌល​គិរី និង​នៅ​ត្រង់​ចំណុច​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ​ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី​ប៉ុណ្ណោះ ដែល​វៀតណាម​រំលោភ​ចូល​ទឹកដី​កម្ពុជា។

ចំពោះ​ករណី​នៅ​ច្រក​ដាក់ដាំ ខេត្ត​មណ្ឌល​គិរី។ រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ថា វៀតណាម​ពិត​ជា​បាន​កសាង​ផ្លូវ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ពិត​មែន​ និង​បាន​ស្នើ​ឲ្យ​វៀតណាម​បញ្ឈប់​ការ​សាង​សង់​នោះ ប៉ុន្តែ​វៀតណាម​មិន​ស្ដាប់។ នៅ​ត្រង់​ចំណុច​ច្រក​ដាក់ដាំ​នេះ កម្ពុជា​និង​វៀតណាម មាន​គំនិត​ខ្វែង​គ្នា ព្រោះ​ថា ប្រទេស​ទាំង​ពីរ​ប្រកាន់​ឯកសារ​សំអាង​ពីរ​ផ្សេង​គ្នា។ កម្ពុជា​សំអាង​លើ​សេចក្ដី សម្រេច​របស់​អគ្គ​ទេសាភិបាល​បារាំង​ ឆ្នាំ​១៩១៤​ ថា​ ចំណុច​ដាក់ដាំ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។ ប៉ុន្តែ​ប្រទេស​វៀតណាម​សំអាង​លើ​គំនូស​ផែនទី​របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ទៅ​វិញ។

ដោយ​ឡែក សម្រាប់​ចំណុច​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី​វិញ។ ​ក្រសួង​ការ​បរទេស​កម្ពុជា​ផ្ញើ​កំណត់​ទូត​ផ្លូវ​ការ​ទៅ​កាន់​ស្ថាន​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ថា ​វៀតណាម​​ជីក​ស្រះ​ទឹក​៥​កន្លែង​ចូល​ក្នុង​ទឹក​ដី​ខ្មែរ។ កំណត់​ទូត​ចុះ​ថ្ងៃទី ១២ មិថុនា បាន​គូស​បញ្ជាក់​​ថា ស្រះ​ទឹក​ទាំង​៥​កន្លែង ត្រូវ​បាន​ភាគី​វៀតណាម​ជីក​ចូល​ក្នុង​ដី​ខ្មែរ​ពី​ចន្លោះ​ជាង ៣០០​ម៉ែត្រ ទៅជាង ៥០០ម៉ែត្រ នៅ​ក្នុង​ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី។ ពីរ​ថ្ងៃ​បន្ទាប់​ពី​ផ្ញើ​កំណត់​​ទូត​ទី​១ គឺ​នៅ​ថ្ងៃ​ទី​១៤​ខែ​មិថុនា កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​ទី​២​ទៅ​វៀតណាម។ កំណត់​ទូត​ទី​២​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​រក​ឃើញ​ថា វៀតណាម​បាន​ជីក​ស្រះទឹក​ចំនួន​៣​បន្ថែម​ទៀត កំបាំង​ក្នុង​ព្រៃ នៅ​ក្នុង​តំបន់​ហាម​ឃាត់​ ស្ថិត​ក្នុង​ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី។

តាម​រយៈ​កំណត់​ទូត រដ្ឋា​ភិបាល​កម្ពុជា​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ផែនទី បោន ខ្នាត​១​លើ​១​រយ​ពាន់ ដែល​ជា​មូលដ្ឋាន​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥  ដែល​កម្ពុជា​និង​​វៀត​ណាម​បាន​ទទួល​ស្គាល់​រួមគ្នា​​កន្លង​មក។ នៅ​ក្នុង​សំណុំ​រឿង​នេះ​ដែរ លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ក៏​បានស្នើ​​នៅ​ចំពោះ​មុខ​លោក ឡេ ហុងអាញ់ ដែល​ជា​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​វៀតណាម ថា ឲ្យ​វៀតណាម​រក្សា​ភាព​ស្ងប់ស្ងាត់​នៅ​តាម​តំបន់​ព្រំដែន ជា​ពិសេស​ព្រំដែន​ខេត្ត​រតនគិរី។

ការ​ផ្ញើ​កំណត់​ទូត​ក៏​ដូច​ជា​សំណើ​ផ្ទាល់​មាត់ ​ពី​សំណាក់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​នៅ​ពេល​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​គណបក្ស​ប្រឆាំង។ នៅ​ក្នុង​ជំនួប​ជាមួយ​សកម្មជន​នៅ​ខេត្ត​ព្រះសីហនុ លោក សម រង្ស៊ី បាន​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​ការទូត​របស់​រដ្ឋាភិបាល​កម្ពុជា ទាក់ទងទៅ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម ត្រង់​ចំណុច​​ភូមិ​ឡំ ស្រុក​ប៉ក់ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី​នេះ។

ជា​ការ​ពិត ការ​ដោះ​ស្រាយ​បញ្ហា​រវាង​ប្រទេស​ដោយ​ចំណាត់ការ​ការទូត គឺ​ជា​ដំណោះ​ស្រាយ​ដ៏​ត្រឹមត្រូវ​មួយ។ ប៉ុន្តែសួរ​ថា​តើ​វា​មាន​ប្រសិទ្ធិភាព​គ្រប់​គ្រាន់​ហើយ​ឬ​នៅ ដើម្បី​បញ្ឈប់​ភាព​គគ្លើន​របស់​វៀតណាម ក្នុង​ការ​រំលោភ​បូរណភាព​ទឹក​ដី​កម្ពុជា?

នៅ​ក្នុង​បណ្ដា​ប្រទេស​ជឿនលឿន​លើ​លោក​យើង​នេះ គេ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់ ទៅ​លើ​បូរណភាព​ទឹក​ដី​របស់​គេ។ កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ពេល​ប្រធានាធិបតី​ហ្វីលីពីន​បង្ហាញ​ពី​គំនិត​ទាមទារ​យក​កោះ Sabah ពី​ប្រទេស​ម៉ាឡេស៊ី​មក​វិញ រដ្ឋ​មន្ដ្រី​ការ​បរទេស​ម៉ាឡេស៊ី​មិន​ត្រឹម​តែ​ចេញ​សេចក្ដី​ព្រមាន​ចំពោះ​បំណង​នេះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​កោះ​ហៅ​ភារៈធារី​ហ្វីលីពីន​មក​សាកសួរ​ទៀត​ផង។ ចំណែក​ប្រទេស​វៀតណាម និង​ហ្វីលីពីន ក្រៅ​ពី​ប្រើ​ប្រាស់​វិធានការ​ការទូត​ជាមួយ​ចិន​ហើយ នៅ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដែន​ទឹក​ជាមួយ​ចិន​ហើយ ថែម​ទាំង​បាន​លើក​យក​បញ្ហា​នេះ ដាក់​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ថែម​ទៀត។

ចំណែក​ប្រទេស​កម្ពុជា​វិញ បាន​ត្រឹម​តែ​ធ្វើ​កំណត់​ទូត​តវ៉ា ដែល​ហាក់​ដូច​ជា​គ្មាន​ឥទ្ធិពល​អ្វី​ទាំង​អស់​ទៅ​លើ​ប្រទេស​វៀតណាម។ ប្រឈម​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ខ្វះ​ភាព​ម៉ឺងម៉ាត់ ក្នុង​ការ​ការពារ​បូរណភាព​ដែនដី​របស់​ខ្លួន។ នៅ​ក្នុង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម ដែល​កំពុង​តែ​ពុះ​កញ្ជ្រោល​ឡើង​វិញ​នៅ​ពេល​នេះ កម្ពុជា​គួរ​តែ​រិះ​រក​មធ្យោបាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជា​បន្ទាន់។ ការ​លើក​យក​បញ្ហា​នេះ ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​រួម​រវាង​កម្ពុជា​វៀតណាម ត្រូវ​បាន​លើក​ទឹក​ចិត្ត​។ ហើយ​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន​មែន​នោះ វា​នឹង​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន។

បញ្ហា​ព្រំដែន​នៅ​តែ​ជា​ក្ដី​កង្វល់​នៅ​ឡើយ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ ជា​ពិសេស​សម្រាប់​គណបក្ស​ប្រឆាំង​។ គណបក្ស​ប្រឆាំង ដែល​តែង​តែ​​យក​បញ្ហា​ព្រំដែន​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​​វាយ​ប្រហារ​គណបក្ស​កាន់​អំណាច​។ ហេតុ​ដូច្នេះ រដ្ឋាភិបាល​ត្រូវ​តែ​ពន្យល់​បង្ហាញ​ពី​គោលការណ៍ និង​នីតិវិធី​នៃ​ការ​កំណត់​បង្គោល​ព្រំដែន​ឲ្យ​បាន​ច្បាស់​លាស់ ប្រសិន​បើ​មាន​ការ​ចាំ​បាច់​។ ការ​សង្ស័យ មិន​ទុក​ចិត្ត និង​ការ​ចោទ​ប្រកាន់​នានា ច្បាស់​ណាស់​ថា​នឹង​នៅ​តែ​បន្ត​មាន​ ប្រសិន​បើ​គ្មាន​ការ​ដោះ​ស្រាយ​ប្រកប​ដោយប្រសិទ្ធិភាព និង​​តម្លាភាព​ទេ​នោះ៕

 

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ