អានតួអត្ថបទ
កម្ពុជា-ព្រំដែន

កម្ពុជា​ វៀតណាម នឹង​ដាក់​លិខិត​រួម​គ្នា​សុំ​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​បារាំង​លើ​បញ្ហា​ព្រំដែន

តាម​គម្រោង​នៅ​ថ្ងៃ​ចន្ទ​ទី ៣០​សីហា​ខាង​មុខ​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀបចំ​កិច្ច​ប្រជុំចង្អៀត ​ជាមួយ​គណៈកម្មការ​កិច្ចការ​ព្រំដែន​របស់​វៀតណាម។ កិច្ច​ប្រជុំ​នេះ​នឹង​ផ្ដោត​ទៅ​លើ​ពីរចំណុច​សំខាន់ៗ។ លោក វ៉ា គឹមហុង ក៏​បាន​បង្ហាញ​សុទ្ធិដ្ឋិនិយម​ថា បញ្ហា​ទាំង​អស់​នឹង​ត្រូវ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ចរចា ហើយ​ក៏​គ្មាន​ដែរ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​អន្តរជាតិ​ដើម្បី​ដោះ​ស្រាយជម្លោះ​ ព្រំដែន​រវាង​កម្ពុជា​និង​វៀត​ណាម។

លោក​ស្រី ​កុយ ពិសី(ស្តាំ) ​អនុប្រធាន​គណៈ​កម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា។​
លោក​ស្រី ​កុយ ពិសី(ស្តាំ) ​អនុប្រធាន​គណៈ​កម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

របៀបវារៈទី១-ភាគី​ទាំង​ពីរ​នឹង​ធ្វើ​សេចក្ដី​ព្រាង​លើ​លិខិត​មួយ​ដើម្បី​ដាក់​ជូន​នាយក​រដ្ឋមន្ត្រី​នៃប្រទេស​ទាំង​ពីរ​ចុះ​ហត្ថ​លេខា ហើយ​ផ្ញើ​បន្ត​ទៅ​ប្រធានាធិបតី​បារាំង​លោក ហ្វ្រង់ ស្វ័រ​ហូឡង់ ដើម្បីឲ្យ​ផ្ដល់​អ្នក​ជំនាញ​ខាង​បច្ចេកទេស​ផែនទី ព្រម​ទាំង​ជួយ​ដៅ​ខ្សែ​ព្រំដែន​នៅ​លើ​ដី​ជាក់​ស្ដែង​។

ទី២-ភាគី​ទាំង​ពីរ​នឹង​ពិភាក្សា​លើ​បញ្ហា​រាំង​ស្ទះ​៧​ចំណុច​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​វៀតណាម​កាល​ពី​ឆ្នាំ​២០១៥។ បញ្ហា​រាំង​ស្ទះ​៧​ចំណុច​មិន​ត្រូវ​បាន​មន្ត្រី​ជំនាញ​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ។  

ក្រៅ​ពីរ​របៀប​វារៈ​សំខាន់​ទាំង​ពីរ​នេះ គណៈ​កម្មការកិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ពិភាក្សាទៅ​លើ​បាតុភាព​នានា នៅ​តាម​ព្រំដែន​នោះ​គឺ​ការ​កសាង​ប៉ុស្ដិ៍​នគរបាល​របស់​អាជ្ញាធរ​វៀតណាមថ្មី​មួយ​បន្ថែម​ទៀត​ក្នុង​តំបន់​ជម្លោះ​ព្រំដែន​ដែល​មិន​ទាន់​បែង​ចែក​ដាច់​ស្រេច​រវាង​ប្រទេស​ទាំងពីរ ស្ថិតក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនៈគិរី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា។ លោក​បន្ថែម​ថា គណៈ​ប្រតិភូ​នៃ​គណៈកម្មការ​កិច្ចការ​ព្រំដែន​របស់​វៀតណាម​នឹង​ធ្វើ​ដំណើរ​មក​ក្រុង​ភ្នំពេញ​នា​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​២៨​សីហា។

សូមបញ្ជាក់ថា កិច្ច​ប្រជុំ​ចង្អៀត​រវាង​ភាគី​ទាំង​ពីរ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ​បន្ទាប់ពី​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨​សីហា ផ្ញើ​កំណត់​ទូត​តវ៉ា​មួយ​ទៅ​ប្រទេស​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​របស់​វៀតណាម​នៅ​តាម​បណ្ដោយ​ព្រំដែន​។
 
កំណត់​ទូត​នោះ​បាន​គូស​បញ្ជាក់​ថា ការ​រំលោភ​បំពាន​របស់​វៀតណាម​នៅ​ក្នុង​ខេត្ត​ខ្មែរ​ទាំង​៥​រួម​មាន​៖ ទី​១ ការ​ជីក​ស្រះ​ចំនួន​៩ និង​ការ​សង់​អគារ​ព្រម​ទាំង​ផ្លូវ​បេតុង​នៅ​ខេត្ត​រតនៈ​គិរី​។ ទី​២ ការ​ធ្វើ​ផ្លូវ​និង​ប៉ុស្តិ៍​រដ្ឋបាល​នៅ​តំបន់​ដាក់ដាង ដាក់ហ៊ូត ក្នុង​ខេត្ត​មណ្ឌល​គិរី​។ ទី​៣ ការ​ធ្វើ​ផ្លូវ​នៅក្នុង​ស្រុក​ចន្ទ្រា និង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយ​រៀង​។ ទី​៤ ការ​សាង​សង់​ប៉ុស្តិ៍​យោធា​នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល​។ និង​ទី​៥ ការ​ធ្វើ​ប៉ុស្តិ៍​នៅ​ច្រក​ទ្វារ​វិញហួយដុង ជាប់​បង្គោល​ព្រំដែន​លេខ​២៦០ ទល់​មុខ​ច្រក​ទ្វារ​ទ្វេ​ភាគី​កំពង់ក្រសាំង ស្រុក​បូរី​ជលសារ ខេត្ត​តាកែវ​។

រហូត​មក​ដល់​ពេល​នេះ​វៀតណាម​មិន​បាន​ធ្វើ​ការឆ្លើយ​តប​ទេ ប៉ុន្តែ​គេហ​ទំព័រ BBC ជា​ភាសា​វៀតណាម​បាន​ស្រង់​សម្ដី​មន្ត្រី​គណៈកម្មការ​ព្រំដែន​វៀតណាម​អះអាង​ថា អ្វី​ខ្លួន​កំពុង​ធ្វើ​គឺ​រឿង​ត្រឹម​ត្រូវដោយ​មិន​បាន​រំលោភ​បំពាន​មក​លើ​ទឹក​ដី​របស់​កម្ពុជា​នោះ​ទេ។ គួរ​ជម្រាប​ជូន​ថា គិត​ត្រឹម​កំណត់​ទូត​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ផ្ញើកំណត់ទូត​ចំនួន​២៣ និង​លិខិត​ចំនួន​១​ទៅ​កាន់​វៀតណាម ដើម្បី​តវ៉ា​អំពី​ការ​រំលោភ​បំពាន​តាម​បន្ទាត់​ព្រំ​ដែន​កម្ពុជា​វៀតណាម​​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក វ៉ា គឹមហុង គូស​បញ្ជាក់​ថា បើ​ទោះ​ជា​មិន​មាន​ការ​ឆ្លើយ​តប​ជាវិជ្ជ​មាន ប៉ុន្តែ​វា​ជា​ការ​បង្ហាញ​ទៅ​កាន់​អន្តរ​ជាតិ​ថា កម្ពុជា​មិន​បាន​ពេញ​ចិត្ត​ចំពោះ​ទង្វើល​របស់​វៀតណាម​ឡើយ៕​​​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ