អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរខេត្ត​រតនគីរី​អះអាង​ពី​ការចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ច្រាយ​២នាក់​ តែ​មន្ត្រី​សិទ្ធិមនុស្ស​ថា ​គឺជា ជនជាតិ​ម៉ុងតាញ៉ា

យោងតាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ស្នងការ​នគរបាល​ជាតិ​បាន​អោយ​ដឹង​ថា​ អាជ្ញាធរ​ខេត្ត​ រតនគីរី​ បាន​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ច្រាយ​-វៀតណាម​ ២នាក់​ ទៅ​កាន់​ប្រទេស​វៀតណាម​វិញ ​កាល​ពី​ថ្ងៃ​ទី​២​មករា​ ដោយសារ​តែ​ពួកគេ​បាន​ឆ្លងដែន​ខុសច្បាប់។ ​ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា​ ជនជាតិ​ច្រាយ​ទាំងពីរ​នាក់​នោះ ​គឺជា​ជនជាតិ​ម៉ុងតាញ៉ា​ ដែល​កំពុង​រត់​គេច​ខ្លួន​ចេញពី​ប្រទេស​វៀតណាម ​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា។

ជនជាតិ​ច្រាយ​-វៀតណាម​ ២នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ​ បន្ទាប់​ពី​បាន​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទឹកដី​ក​ម្ពុជា។ ​
ជនជាតិ​ច្រាយ​-វៀតណាម​ ២នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ​ បន្ទាប់​ពី​បាន​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទឹកដី​ក​ម្ពុជា។ ​ សហការី
ផ្សាយពាណិជ្ជកម្ម

គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​ បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី​០២ ​ខែមករា​ថា ​សមត្ថកិច្ច​នគរបាល​កម្ពុជា​ បាន​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ច្រាយ​-វៀតណាម​ ចំនួន​ ០២នាក់​ ភេទ​ប្រុស​ ដែល​បាន​លួច​ឆ្លងដែន​ខុសច្បាប់​ តាម​ច្រកទ្វា​អន្តជាតិ​អូរយ៉ាដាវ។ ​បើតាម​ការ​បញ្ជាក់​បន្ថែម​ពី ​លោក ​ង​ន​ គឿន​ ស្នងការ​នគរបាល​ខេត្ត​រតនគីរី​ គឺ​ជនជាតិ​ច្រាយ​-វៀតណាម​ទាំងពីរ​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ពេល​ដែល​ឆ្លងដែន​ចូលមក​ធ្វើការ​ដោយ​ខុសច្បាប់​នៅក្នុង​ទឹកដី​ខ្មែរ ​ដោយ​មាន​ធុង​បាញ់​ថ្នាំ​ជាប់​នឹង​ខ្លួន​ផង។ ​លោក​ស្នងការ​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ការ​ឃាត់​ខ្លួន​ អាជ្ញាធរ​បាន បញ្ជួន​ពួកគេ​ទាំងពីរ​នាក់ ទៅអោយ​អាជ្ញាធរ​វៀតណាម​នៅ​ថ្ងៃទី​២មករា​ដដែល​នោះ។ ​លោក​ស្នង​ការ​បាន​បញ្ជាក់​ថា​ ជនជាតិ​ច្រាយ​ទាំងពីរ​នាក់​នោះ​ មិនមែន​ជា​ជនជាតិ​ម៉ុងតាញ៉ា​នោះ​ទេ។

ប៉ុន្តែ​បើតាម​ លោក ​ឆាយ ធី ​មន្ត្រី​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​នៅ​ខេត្ត​រតនគីរី​ បាន​អះអាងថា​ ពួកគេ​ទាំងពីរ​ គឺ​ជា​ជនជាតិ​ម៉ុងតាញ៉ា​ ដែល​កំពុង​រត់គេច​ខ្លួន​ចេញពី​ការ​ធ្វើទុក្ខ​បុកម្និញ​របស់​អាជ្ញាធរ​វៀតណាម។ ​លោក​បាន​បញ្ជាក់​ថា​ អាជ្ញាធរ​មិនគួរ​ប្រញ៉ាប់​ប្រញ៉ាល់​បញ្ជូន​ខ្លួន​ពួកគេ​ត្រលប់​ទៅ​វិញ​ភ្លាមៗ​ ដោយ​មិនបាន​បង្ហាញ​ព័ត៌មាន​លំអិត​បែបនេះ​ទេ។

មន្ត្រី​សិទ្ធិ​រូបនេះ​ មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​សុវត្ថិភាព​របស់​ពួកគេ​ទាំងពីរ​នាក់​ ក្រោយ​ពី​ការ​បញ្ជូន​ខ្លួន​ទៅកាន់​ប្រទេស​វៀតណាម​វិញ។

គួរ​រំលឹក​ជូន​ថា​ កាល​ពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ ​ឆ្នាំ​២០១៤​កន្លង​ទៅ​ ជនជាតិ​ម៉ុងតាញ៉ា​ចំនួន​១៣នាក់​ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​ជនភៀសខ្លួន​ (UNHCR) ​ពី​ក្នុង​ព្រៃ​ពីរ​ផ្សេង​ៗ​គ្នា​ ស្ថិត​នៅ​ភូមិ​ណងហៃ ​ឃុំ​សេដា ​ស្រុក​លំផាត់ ​និង​ភូមិ​ខ្វែង​ ឃុំ​យ៉ាទុង ​ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី។​ ការ​ជួយ​សង្គ្រោះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ពួកគេ​បាន​លាក់ខ្លួន​ក្នុង​ព្រៃ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់ខ្លួន​របស់​អាជ្ញាធរ​វៀតណាម​និង​កម្ពុជា។ ​ពួកគេ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ទី​ក្រុង​ភ្នំពេញ​ ដើម្បី​ទទួលបាន​សិទ្ធិ​ជា​ជនភៀសខ្លួន។

បើ​តាម​ព័ត៌មាន​ចុងក្រោយ​ មាន​ក្រុម​ជនជាតិ​ម៉ុងតាញ៉ា​ជាច្រើន​ទៀត ​កំពុង​រត់គេច​ចេញ​ពី ប្រទេស​វៀតណាម​ ហើយ​លាក់ខ្លួន​ក្នុងព្រៃ​កម្ពុជា។ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣​និង​ទី​៤​ខែ​មករា​នេះ​ អាជ្ញាធរ​ខេត្ត​រតនគីរី​ បាន​ត្រៀម​រថយន្ត​ល្បាត​ដល់​ទៅ​៧​គ្រឿង​ ដើម្បី​តាម​ស្វែងរក​ជនជាតិ​ម៉ុងតាញ៉ា​ ទាំងនោះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ឆាយ ធី ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ