អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ព្រហ្ម​ចារី​នៅ​តែ​មាន​តម្លៃ​សំខាន់​ក្នុង​សង្គម​ខ្មែរ​ដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​​វចនានុ​ក្រមខ្មែរ«ព្រហ្ម​ចារី» សម្រាប់​ហៅ​បុរស ឯ​ស្ត្រី​ត្រូវ​ហៅ«ព្រហ្ម​ចារិនី»។ ក៏​ប៉ុន្តែ​ ជា​ទូទៅគេ​ប្រើ​ពាក្យ«​ព្រហ្ម​ចារី» ​យ៉ាង​ដូច្នេះ គឺ​សម្រាប់​សម្គាល់​មនុស្ស​ដែល​នៅលីវនិង​មាន​ភាព​បរិសុទ្ធ​នៃ​អង្គកាយ​។ តាំង​ពី​ដើម​មក​ សង្គម​ខ្មែរ​ឲ្យ​តម្លៃ​ព្រហ្មចារី​ខ្លាំង​ណាស់។ផ្ទុយ​ពី​នេះ ផ្នត់​គំនិត​ប្រកាន់​យក​ព្រហ្មចារី​ជ្រុល​ហួស​ហេតុ​ពេក​ បាន​បង្ក​ឲ្យ​មាន​វិសមភាព​រវាង​បុរស​ស្ត្រី ហើយ​បណ្តាល​ឲ្យ​មាន​គំនាប​សង្គម​ដល់​នារី​ភេទ​ថែម​ទៀត​ផង។ តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ?

តើ​ព្រហ្ម​ចារី​នៅ​តែ​មាន​តម្លៃ​សំខាន់​ក្នុង​សង្គម​ខ្មែរ​ដែរឬទេ?
តើ​ព្រហ្ម​ចារី​នៅ​តែ​មាន​តម្លៃ​សំខាន់​ក្នុង​សង្គម​ខ្មែរ​ដែរឬទេ? ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

តាំងតែ​ពី​ដើម​រៀង​មកសង្គម​ខ្មែរ​​ច្រើន​គិត​ដល់​នារី​ជា​សំខាន់​។ភាព​ជា​ស្រ្តី​ ត្រូវ​សង្គម​យក​ចិត្ត​ទុក​ដាក់និង​ឱ្យ​តម្លៃ​ខ្លាំង​ណាស់ហើយ​ជា​ពិសេស​ គឺ​មាន​ភាព​បរិសុទ្ធ​ក្រមុំ​ព្រហ្មចារី​នេះ​តែ​ម្តង​។ ដូច​ជាពេល​គេ​ដើរ​រក​ដណ្តឹង​ប្រពន្ធគឺ​គេ​ត្រូវ​ការ​ចង់​បាន​នារី​ក្រមុំ​ព្រហ្ម​ចារី​។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មន្ទីរ​ពេទ្យ​ ឬ​កន្លែង​ខ្លះ ​មាន​សេវាកម្ម​ដេរ​ភ្ជាប់​សន្ទុះ​ព្រហ្មចារី ដែល​មាន​តម្លៃ ដល់​ទៅ​រាប់​សិប​រយ​ដុល្លារ​ឯណោះ។

ប៉ុន្តែ​ចំពោះ​បុរស​វិញមនុស្ស​ក្នុង​សង្គម​ខ្មែរ​ជា​ទូទៅហាក់​ដូច​ជា​ភ្លេច ឬ​មិន​បាន​ខ្វល់​ខ្វាយ​ថាបុរស​នោះ​បាន​រក្សា​ភាព​បរិសុទ្ធ​សម្រាប់​អនាគត​ភរិយា​ ទេ​ឬ​យ៉ាង​ណា? ហេតុ​ដូច្នេះ​ហើយទើប​បុរសៗ​មួយ​ចំនួន​ពុំ​ខ្វល់​នឹង​រក្សា​ខ្លួន​ឱ្យ​នៅ​បរិសុទ្ធ​ហើយ​គិត​តែ​ពី​សប្បាយ​នឹង​រឿង​កាម​គុណ​។មិន​តែ​ប៉ុណ្ណោះ​ពេល​ចង់​រៀប​ការ ពួក​គេ​ថែម​ទាំង​ចង់​បាន​ប្រពន្ធ ជា​នារី​ក្រមុំ​ព្រហ្ម​ចារី ​ទៀត​​ផង។

ត្រង់​ចំណុច​នេះ​គឺ​បង្ហាញ​ពី​វិសមភាពរវាង​បុរស​និង​នារី​ខ្មែរ ​យ៉ាង​ពិត​ប្រាកដ​។ក្នុង​ន័យ​នេះតម្លៃ​ស្ត្រី​និង​ការ​រក្សា​ព្រហ្មចារី​របស់​នារី​ខ្មែរត្រូវ​គេ​មើល​ឃើញ​ ត្រឹម​តែ​ជា​ទំនិញ​សម្រាប់​អតិថិជន​បុរស​ជ្រើស​រើស​ទិញ​តាម​ចិត្ត​តែ​ប៉ុណ្ណោះ។

បន្ថែម​ពី​នេះ​ ពាក្យ​ទំនឹម​ទំនៀម​ចាស់​បុរាណ​ ពោលថា បុរស​ជា​មាស​ទឹក​ដប់ទោះ​ធ្លាក់​ចូល​ភក់​ហើយ​លើក​មក​វិញក៏​នៅ​តែ​ជា​មាស​ទឹក​ដប់​ដដែរ​។​ ប៉ុន្តែ​នារី​វិញ​ប្រៀប​បាន​នឹង​សំពត់​សបើ​ធ្លាក់​ចូល​ភក់ជ្រាំ​ហើយទោះ​ខំ​ប្រឹង​បោក​គក់​លាង​សម្អាត​យ៉ាង​ណាក៏​មិន​ដូច​ដើម​វិញ
ដែរ​។

ការ​វាយ​តម្លៃ​ចំពោះ​នារី​បែប​នេះគឺ​អាច​ជា​គំនាប​សង្គមនិង​គំនាប​ផ្លូវ​ចិត្ត​ចំពោះ​ស្រ្តី ​ក៏​អាច​ថា​បាន។ ព្រោះ​ថា បុរស​អាច​ស្វែង​រក​ទំនាក់​ទំនង​ផ្លូវ​ភេទ​បាន​ស្រេច​ចិត្តនិង​មាន​លក្ខណៈ​​ទូលំ​ទូលាយ​ទៀត​ផង​។ ប៉ុន្តែ​នារី​វិញទោះ​មាន​តម្រូវ​ការ​ផ្លូវ​ភេទ​យ៉ាង​ក៏​ដោយក៏​នាង​មិន​អាច​ឬ​លំបាក​នឹង​ប្រព្រឹត្ត​បាន​ដែរ។ ម្យ៉ាង​បើ​នារី​ហ៊ាន​តែ​បញ្ចេញ​សកម្មភាពឬ​ឥរិយាបថ​ណា មួយ ដែល​អាចឲ្យ​គេ​កត់​សម្គាល់​ថានាង​ជា​នារី​មិន​មាន​ភាព​បរិសុទ្ធច្បាស់​ជា​សង្គម​មាក់​ងាយនិង​វាយ​តម្លៃ​មិន​ល្អ ជាក់​ជា​មិន​ខាន។លើស​ពី​នេះបើ​មាន​នារី​ណា​ម្នាក់ នៅ​ក្នុង​ភូមិ​ដែល​ត្រូវ​គេ​ចាប់​រំលោភនារី​រងគ្រោះ​ និង​គ្រួសារ​នោះត្រូវ​គេ​សើច​ចំអកហើយ​ហាម​ឃាត់​កូន​ប្រុស​ខ្លួនមិន​ឲ្យ​យក​នាង​ជា​ភរិយា​ទៀត​ផង។​

បើ​និន្នាការ​នៃការ​ឱ្យ​តម្លៃ​នារីដោយ​គិត​តែ​ទៅ​លើ​ភាព​បរិសុទ្ធ​ខ្លួន​ប្រាណ​ដូច្នេះ​នៅ​តែ​បន្ត​ខ្លាំង​ឡើង​ៗចុះ​ចំណែក​ស្ត្រី​មេម៉ាយ យុវតី​ដែល​បាត់​បង់​ភាព​បរិសុទ្ធ​ក្នុង​ថ្ងៃ​១៤​កុម្ភៈ  និង​ស្ត្រី​រង​គ្រោះ​ ដែល​ត្រូវ​គេ​បង្ខំឬ​លួង​លោម​រំលោភ​សេព​សន្ថវៈ និង​នារី​បម្រើ​សេវា​កម្សាន្តច្បាស់​ជា​ត្រូវ​សង្គម​ស្អប់​ខ្ពើមនិង​មើល​ងាយ​មើល​ថោក​ យ៉ាង​ច្រើន​ជា​ពុំ​ខាន។​ហើយ​ទោះ​បី​ជា​ពួក​នាង​ចង់​កែ​ខ្លួនលុប​បំបាត់​បំណែក​អាក្រក់​នៃ​អតីតកាល​ក៏​ប្រហែល​ជា​លំបាក​នឹង​លាង​សម្អាត​ខ្លួន​ណាស់​។

ទោះ​បី​ជា​យ៉ាង​ក៏​ដោយ​«ព្រហ្មចារី» នៅ​តែ​ជា​តម្លៃ​សំខាន់​សម្រាប់​មនុស្ស​គ្រប់​រូបដោយ​ពុំ​មែន​សម្រាប់​តែ​ភាគី​នារី​នោះ​ទេបុរស​ក៏​ត្រូវ​តែ​រក្សា​ខ្លឹម​កាយ​របស់​ខ្លួន​ផង​ដែរ។ប្រការ​ដែល​សង្គម​ខ្មែរ​កន្លង​មក​គិត​ថា«ព្រហ្មចារី» មាន​សារៈ​សំខាន់​នោះក៏​ព្រោះ​ទំនង​ជា​ដោយ​ហេតុ​ថាគេ​ពុំ​ចង់​ឲ្យ​មនុស្សពិសេស​យុវជន​កុំ​ឆាប់​ប្រលូក​ក្នុង​រឿង​ស្នេហា​ផ្លូវ​ភេទ​ពេកដែល​អាច​ធ្វើ​ឲ្យ​ខូច​សុខភាព​ខាតបង់​ការ​សិក្សាខូច​អនាគតហើយ​រៀន​ឬ​ធ្វើ​កិច្ចការ ​មិន​បាន​ល្អ។  មិន​តែ​ប៉ុណ្ណោះ​ការ​ប្រព្រឹត្ត​កាមកិច្ច​នេះ​ទៀត​សោត​អាច​នឹង​ឆ្លង​មេរោគ​ផ្សេង​ៗថែម​ទាំង​អាច​នឹង​មាន​គភ៌ ដោយ​មិន​បាន​គ្រោង​ទុក​ទៀត​ផងបើ​មិន​បាន​ប្រើប្រាស់​ស្រោម​អនាម័យ​បាន​ត្រឹម​ត្រូវ​។

ហេតុនេះ​យុវជន​ទាំង​អស់​ត្រូវ​តែ​រក្សា​ខ្លួន​ប្រាណ​ឱ្យ​បាន​ល្អ។ឯនារី​ដែល​ធ្លាប់​លង់​ខ្លួន​ជ្រុល​ជ្រោះ​និង​នារី​រង​គ្រោះ​បាត់​បង់​ព្រហ្មចារី​ទាំង​ឡាយ​មិន​ត្រូវ​អស់​សង្ឃឹម​ឡើយនិង​ត្រូវ​ងើប​ឈរ​តស៊ូ​រស់​នៅ​ឡើង​វិញ។ ដោយ​ឡែក ​សង្គមខ្មែរ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​និង​ផ្តល់​តម្លៃ​វិជ្ជមាន​ចំពោះ​នារី​ទាំង​នោះ​ឱ្យ​បាន​ច្រើន​បំផុត។

បន្ថែម​ពី​នេះ​ ការ​គិត​ពី​ព្រហ្មចារី​គឺ​ជា​រឿង​ម្យ៉ាង ប៉ុន្តែ​តម្លៃ​ខាង​ក្នុង​របស់​មនុស្ស សមត្ថភាព ចំណេះ​ដឹង និង​ចរិយា​មារយាទ​ ក៏​ជា​រឿង​សំខាន់​ចាំ​បាច់​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ