អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ពង្រឹង​សន្តិសុខ​សម្រាប់​បុណ្យ​អុំទូក

ពិធី​បុណ្យ​អុំទូក នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៣ ដល់ថ្ងៃ​ទី​១៥ វិច្ឆិកា។ ជា​ពិធី​ដែល​បាន​អាក់​ខាន​អស់​រយៈ​ពេល​ ៤​ឆ្នាំ​កន្លង​មក​ហើយ។ សម្រាប់​ពិធី​ ដែល​មាន​មនុស្ស​រាប់​លាន​នាក់​មក​ចូលរួម​នេះ អាជ្ញាធរ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ពង្រឹង​សន្តិសុខ​យ៉ាង​តឹង​រឹង​ ដើម្បី​បញ្ជៀស​ឧបទ្វហេតុ​កើត​ឡើង​យ៉ាង​អណោច​អធម​ដូច​កាល​ពី​ឆ្នាំ​ ២០១០​ទៀត។ អ្នក​អង្កេតការណ៍​អបអរ​សាទរ​ចំពោះ​វិធានការណ៍​នេះ។

មនុស្ស «រាប់លាននាក់» ចូល​កម្សាន្ត​នៅ​ភ្នំពេញ ទោះបី​គ្មាន​បុណ្យ​អុំទូក នាឆ្នាំកន្លងទៅ
មនុស្ស «រាប់លាននាក់» ចូល​កម្សាន្ត​នៅ​ភ្នំពេញ ទោះបី​គ្មាន​បុណ្យ​អុំទូក នាឆ្នាំកន្លងទៅ ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

កម្លាំង​សន្តិសុខ​ប្រមាណ​ ១​ម៉ឺន​នាក់​ នឹង​ត្រូវ​ពង្រាយ​ ដើម្បី​ធានា​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដែល​នឹង​មាន​មនុស្ស​រាប់លាន​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ។ កម្លាំង ១​ម៉ឺន​នាក់​នោះ​នឹង​ត្រូវ​ដាក់​នៅ​តាម​គោលដៅ​សំខាន់​ៗ​ដូចជា​កន្លែង​គណៈអធិបតី ច្រកចេញ​ចូល​ក្នុង​រាជធានី​ភ្នំពេញ និង​ទីតាំង​ដែល​មាន​មនុស្ស​កកកុញ​ជា​ពិសេស​នៅ​ពេល​យប់។ ក្រៅពី​នេះ កម្លាំង​សមត្ថកិច្ច​ក៏​បង្កើត​ជា​កម្លាំង​សម្រាប់​អន្តរាគមន៍​ពិសេស​ថែម​ទៀត​ផង។ បន្ថែម​ពី​នេះ ខេត្ត​កណ្តាល​ ដែល​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ក៏​ត្រូវ​ពង្រឹង​សន្តិសុខ​ផង​ដែរ។

ក្នុង​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ មនុស្ស​ប្រមាណ​ជាង​ ២​លាន​នាក់​នឹង​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ។ លោក មាន ចាន់យ៉ាដា អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ ​បាន​អះអាង​ថា​កម្លាំង​សន្តិសុខ​តាម​ត្រៀម​អនុវត្ត​ឱ្យ​បាន​ ១០០% ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។

គួរ​បញ្ជាក់​ថា កម្ពុជា​បាន​ផ្អាក​ពិធី​បុណ្យ​អុំទូក​រយៈ​ពេល​ ៤​ឆ្នាំ​កន្លង​មក​ហើយ​តាំង​ពី​ឆ្នាំ​ ២០១១​មក ក្រោយ​សោក​នាដកម្ម​មនុស្ស​រាប់រយនាក់​រត់​ជាន់​គ្នា​នៅ​កោះពេជ្រ​កាល​ពី​ឆ្នាំ​ ២០១០​មក។ លោក អេង ហ៊ី អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​អះអាង​ថា ដោយសារ​តែ​កម្ពុជា​ធ្លាប់​មាន​បទ​ពិសោធ​រួច​ហើយ កម្លាំង​សមត្ថកិច្ច​នឹង​ពង្រឹង​ការ​រឹត​បន្តឹង​សន្តិសុខ រួម​ទាំង​ការ​បញ្ជៀស​មនុស្ស​មិន​ឱ្យ​កកកុញ​ខ្លាំង ដើម្បី​ថែ​រក្សា​សុវត្ថិភាព​ទាំង​ស្រុង​ជូន​ពល​រដ្ឋ​ក្នុង​ពិធី​បុណ្យ។ ដើម្បី​ពង្រឹង​សុវត្ថិភាព​បន្ថែម អាជ្ញាធរ ក៏​បាន​ប្រកាស​ដាក់​លេខ​ទំនាក់​ទំនង​ចំនួន ១៦​ខ្សែ​ ដើម្បី​អាច​ឱ្យ​ពលរដ្ឋ​អាច​ទាក់ទង​នឹង​ប្តឹង​អាជ្ញាធរ​ភ្លាម​ៗ​ប្រសិន​បើ​មាន​ករណី​ចោរកម្ម​ជា​ដើម។

លោក​បណ្ឌិត មាស នី អ្នក​តាមដាន និង​អ្នក​វិភាគ​សង្គម បាន​អបអរ​សាទរ​ចំពោះ​វិធាន​ការណ៍​ពង្រឹង​សន្តិសុ​ខរបស់​កម្លាំង​អាជ្ញាធរ​នេះ​ ព្រោះ​ថា​ជា​គំនិត​ត្រៀម​បង្ការ​ដ៏​ល្អ​មួយ ដើម្បី​ការពារ​កុំ​ឱ្យ​មាន​សោកនាធកម្ម​ដូច​កាល​ពី​ឆ្នាំ​ ២០១០​កន្លងទៅ។ បន្ថែម​ពី​នេះ លោក​មាស​ នី រំពឹង​ថា​កម្លាំង​សន្តិសុខ​ទាំង​ជាង​ ១​ម៉ឺន​នាក់​នេះ គឺ​មិន​មែន​ជា​ក្រុម​ផ្សេង​ ដែល​ត្រូវ​ពង្រាយ​សម្រាប់​ការ​ភ័យ​ខ្លាច​នេះ​បាតុកម្ម​នោះ​ទេ​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ