អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

របៀប​ចាយ​វាយ​​ប្រាក់​​បញ្ជាក់​​ពី​«​សន្តិភាព​​និយម​»​និង​​ហា​នី​ភ័យ​​សង្គម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជីវកម្ម​នានា​កំពុង​រីកដុះដាល​ដូច​ផ្សិត​ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​វិស័យ​ភោជនីយដ្ឋាន​និង​ហាង​ទំនិញទំនើបៗបាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។ នេះ​បង្ហាញ​ឲ្យ​ឃើញថា អ្នកមាន​ជីវភាព​ធូរធា​នៅក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​កើនឡើង​ហើយ​ពួកគេ​ចាយប្រាក់​ទូលាយ​ជាង​មុន។ ប្រព័ន្ធ​សេដ្ឋកិច្ច​ថ្មី​ដែល​បើក​ឲ្យ​មាន​ការបង់រ​ម្លោះ​ក៏​ជា​មធ្យោបាយ​ជំរុញ​ឲ្យ​មនុស្ស​ជាច្រើន​ចាយវាយ​ហួសមាឌ​ផងដែរ។ នេះ​បង្ហាញ​ពី​គំនិត«សន្តិភាព​និយម»របស់​ពលរដ្ឋ​ខ្មែរ តែ​វា​ក៏មាន​នី​ភ័យ​ខ្ពស់​ដែរ​សម្រាប់​សង្គម​ជាពិសេស​សម្រាប់​អ្នកក្រ។

ការ​ចាយ​ប្រាក់​របស់​អ្នក​នៅ​ទី​ក្រុង ​មាន​ភាព​ទូលាយ​ជាង​មុន​
ការ​ចាយ​ប្រាក់​របស់​អ្នក​នៅ​ទី​ក្រុង ​មាន​ភាព​ទូលាយ​ជាង​មុន​ RFI
ផ្សាយពាណិជ្ជកម្ម

ភោជនីយដ្ឋាន​និង​ហាង​ទំនិញទំនើបៗកំពុង​រីកដុះដាល​យ៉ាងខ្លាំង​ពាសពេញ​រាជធានី​ក្នុងនោះ​ភោជនីយដ្ឋាន​ដែលមាន​ស្លាក​យី​យោ​មកពី​បរទេស​បានបង្ហាញ​វត្តមាន​កាន់តែច្រើនឡើងៗស្ទើរតែ​គ្រប់ទិសទី។ ភោជនីយដ្ឋាន​ទាំងនោះ​ពោរពេញ​ដោយ​អតិថិជន​យ៉ាង​កុះករ​ដែល​ពេលខ្លះ​រក​កន្លែង​ចត​យានយន្ត​ឬ​កន្លែង​អង្គុយ​មិនបាន​ផង។

គ្មាន​តួលេខ​បង្ហាញ​ពី​ចំនួន​ពិតប្រាកដ​នៃ​ភោជនីយដ្ឋាន​ក្នុង​ទីក្រុង​ភ្នំពេញ​ទេ ប៉ុន្តែ យោងតាម​របាយការណ៍​ស្ទង់​មតិ​មួយ​របស់​ភោជនីយដ្ឋាន Park Café ដែល​ចេញផ្សាយ​កាលពី​ខែសីហា​កន្លងទៅនេះ នៅ​ភ្នំពេញ​មាន​ភោជនីយដ្ឋាន​ចំនួន​ជាង ១៧០០ ដែល​បាន​ចុះ​ក្នុង​ទំព័រ Yellow Page Cambodia។ របាយការណ៍​ស្ទង់​មតិ​ដដែល​ឲ្យ​ដឹងថា វិស័យ​ចំណីអាហារ​និង​ភេសជ្ជៈ​ជា​ចលករ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ដែល​បានផ្តល់​ការងារ​ដល់​មនុស្ស​ជាង ១៥ ០០០ នាក់។ ក្រៅពី​ភោជនីយដ្ឋាន ហាង​ទំនិញទំនើបៗក៏​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែរ។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​គេ​អាច​ពន្យល់​បញ្ហា​នេះ​បាន៖

មូលហេតុ​ទី១៖ មកពី​ការកើនឡើង​នៃ​អ្នកមាន​ជីវភាព​មធ្យម​និង​ខ្ពស់​នៅក្នុង​ទីក្រុង​ភ្នំពេញ។ មូលហេតុ​ទី២៖ មកពី​ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការបរិភោគ​របស់​ពល​រដ្ឋ​ខ្មែរ​ជាពិសេស​យុវជន​សម័យថ្មី​ដែល​ចូលចិត្ត​បរិភោគ​អាហារ​ក្រៅ​ផ្ទះ។ ម្យ៉ាងទៀត មនុស្ស​សម័យនេះ​កាន់តែ​រវល់​ជាមួយនឹង​ការងារ​ច្រើនជាង​មុន។  មូលហេតុ​ទី៣៖មកពី​ការផ្លាស់ប្តូរ​របៀប​ចាយវាយ​ទូលាយ​ជាង​មុន​ពោលគឺ​ពលរដ្ឋ​ខ្មែរ​ហាក់ដូចជា​មិនសូវ​ចូលចិត្ត​សន្សំ​ប្រាក់​បេះ​មិន​ចេញ​ដូច​ពីមុន​ទៀត​ទេ។

ជាការ​ពិតណាស់ កាលពីមុន ពលរដ្ឋ​ខ្មែរ​ចូលចិត្ត​បរិភោគ​អាហារ​ជួបជុំគ្នា​ក្នុ​នៅឯ​ផ្ទះ​ដើម្បី​បាន​ជួបជុំ​គ្រួសារ​ផង រីឯ​ការចំណាយ​ក៏​តិច​ដែរ។ ប៉ុន្តែ បច្ចុប្បន្ន មនុស្ស​ជាច្រើន​ដែល​មមាញឹក​នឹង​ការងារ​គ្មាន​ពេលវេលា​ទៅ​បរិភោគ​អាហារ​ជួបជុំ​គ្រួសារ​ដូច​ពីមុន​ទេ។ លើសពីនេះ គ្រួសារ​អ្នកទីក្រុង​ក៏​ផ្តើម​ចូលចិត្ត​នាំ​ក្រុមគ្រួសារ​ទៅ​ហូប​អាហារ​ក្រៅ​ផ្ទះ​ញឹកញាប់​ជាង​មុន​ដែរ​នៅ។

ម្យ៉ាងទៀត គ្រួសារ​អ្នកទីក្រុង​ជាច្រើន​ក៏បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងការ​រស់នៅ​គួរ​ឲ្យ​កត់សម្គាល់​ពោល​គឺជា​ឥរិយាបថ​របៀប​អ្នកមាន​សម័យថ្មី​ដែល​ចូលចិត្ត​ចាយលុយ​ធំ​ជាង​មាឌ។ ប្រព​ន្ធ័​បង់រ​ម្លោះ​ក៏បាន​ជួយ​សម្រួល​ឲ្យ​គ្រួសារ​ខ្មែរ​ជាច្រើន​ដែលមាន​ប្រាក់ចំណូល​ចាប់ពី​កម្រិត​មធ្យម​ឡើងទៅ​មានផ្ទះ​សម្បែង និង​សម្ភារៈទំនើបៗប្រើ​ដោយ​មិន​ចាំ​ចាប់​មាន​ប្រាក់​គ្រប់​ចំនួន​ឡើយ។ នេះ​ស​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ហាក់​មាន​ជំនឿ​ទៅលើ​សន្តិភាព​និង​ស្ថិរភាព​សង្គម​ដោយ​មិនសូវ​ខ្វល់ខ្វាយ​ពី​សង្គ្រាម​និង​ការរត់​លូន​ដូច​ពីមុន​ទៀត​ទេ។

សម្រាប់​យុវវ័យ​សម័យ​ក្រោយ​សង្គ្រាម​វិញ ពួកគេ​រឹតតែ​មិនដែល​គិតដល់​ទាល់តែសោះ​ថា    អាចមាន​ភ្លើងសង្គ្រាម​គួរ​ឲ្យ​ព្រឺ​ខ្លាច​ដូច​ជំនាន់​ឪពុកម្តាយ​របស់​ពួកគេ។ ការបរិភោគ​អាហារ​តាមបែប​ប​ស្ចឹ​ម​ប្រទេស​ក្នុង​ភោជនីយដ្ឋានទំនើបៗ ក្នុង​ម៉ាស៊ីនត្រជាក់ មាន​អាំងទែ​ណែ​ត Wifi បាន​ក្លាយជា​របៀប​រស់​នៅ​ថ្មី​យ៉ាង​ពេញនិយម​របស់​ក្រុម​យុវវ័យ​ដែល​ចេញពី​គ្រួសារ​មាន​ជីវភាព​ធូរធារ។ ក្រៅពីនោះ មនុស្ស​សម័យនេះ​ហាក់ដូចជា​គិតពី​រឿង​សម្ភារៈ​និយម​ដើម្បី​បង្អួត​គ្នា​ច្រើនជាង​គិតពី​ការ​សន្សំ​ប្រាក់។ តាម​ទ្រឹស្តី​សេដ្ឋកិច្ច នេះ​ជាស​ញ្ញា​ល្អ​មួយ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដើរ។

ប៉ុន្តែ កំណើន​នៃ​អ្នកមាន​ជីវភាព​ធូរធា​ក្នុង​ទីក្រុង​និង​ទីប្រជុំជន​មាន​តិចតួច​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ចំនួន​អ្នកក្រីក្រ​នៅឯ​ទីជនបទ។ ទីជនបទ​ដែល​ពលរដ្ឋ​ជាច្រើន​រស់ក្នុង​ស្ថានភាព​រខេករខាក​ខ្វះមុខខ្វះក្រោយ​យ៉ាងខ្លាំង​នៅឡើយ។ សម័យ​សម្ភារៈ​និយម​ក៏​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ រវាង​ទីក្រុង​ជនបទ កាន់តែច្បាស់​ក្រឡែត។ យ៉ាងណាក៏ដោយ វត្តមាន​នៃ​ប្រព័ន្ធ​បង់រ​ម្លោះ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​យ៉ាង​ព្រោងព្រាត​ក៏បាន​ជួយ​សម្រួល​ដល់​គ្រួសារ​អ្នកក្រីក្រ​មួយចំនួន​ដែរ។ ប៉ុន្តែ ទន្ទឹមនឹងនោះ ការប្រាក់​ខ្ពស់​ក៏បាន​ជំរុញ​ឲ្យ​អ្នកក្រ​មួយចំនួន​ជំពាក់​បំណុល​គេ​កាន់តែ​ច្រើនឡើង។

ចំនួន​អ្នក​ជំពាក់​បំណុល​គេ​កាន់តែ​កើន​ខណៈដែល​លទ្ធភាព​សង​វិញ​មាន​តិចតួច រីឯ​សន្តិភាព​និង​ស្ថិរភាព​សង្គម​ក៏​នៅ​ផុយស្រួយ​នៅឡើយ​នោះ គឺជា​ហា​នី​ភ័យ​ធំធេង​មួយ​ជាពិសេស​សម្រាប់​គ្រួសារ​អ្នកក្រីក្រ។ ដូច្នេះ ការពង្រឹង​សន្តិភាព ស្ថិរភាព​សង្គម ការបង្កើត​គោលនយោបាយ​គាំពារ​ជនក្រីក្រ និង​ការបែងចែក​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ គឺជា​ដំណោះស្រាយ​ដើម្បី​បញ្ចៀស​ហា​នី​ភ័យ​ដែល​អ្នកនយោបាយ​មិនអាច​មើលរំលង​បានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ