អានតួអត្ថបទ
កម្ពុជា

សត្វ​អណ្តើក​ហ្លួង​នៅ​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ខ្ពស់​ឈាន​ដល់​ការ​ផុត​ពូជ!

សត្វ​អណ្តើក​ហ្លួង​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ដើម្បី​រស់រាន​មាន​ជីវិត។ អណ្តើក​ហ្លួង ឬ​អណ្តើក​សសៃ គឺ​ជា​ប្រភេទ​អណ្តើក កំពុង​រង​ការ​គម្រាម​កំហែង ដោយ​ការ​បំផ្លាញ​ជម្រក​រស់នៅ ជា​ពិសេស​ការ​បូម​ខ្សាច់ និង​ការ​កាប់​ឆ្ការ​ព្រៃ​លិច​ទឹក។ ជម្រក​តែ​មួយ​គត់​នៅ​កម្ពុជា​របស់​អណ្តើក​ហ្លួង ដែល​ស្ថិត​តាម​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល ខេត្ត​កោះកុង ត្រូវ​បាន​រំខាន​ជា​បន្ត​បន្ទាប់​ អាច​នឹង​ធ្វើ​ឱ្យ​ប្រភេទ​សត្វ​នេះ ស្ថិត​នៅក្នុង​ហានិភ័យ​ខ្ពស់​ឈាន​ដល់​ការ​ផុតពូជ។សូម​ស្តាប់​ ប៉ុន​ សោភ័ណ៖​

អណ្តើក​ហ្លួង​ ឬ​អ​ណ្តើក​សសៃ ​គឺ​ជា​ប្រភេទ​អណ្តើក​ កំពុង​រង​ការ​គម្រាម​កំហែង ​ដោយ​ការ​បំផ្លាញ​ជម្រក​រស់នៅ ​ជា​ពិសេស​ការ​បូម​ខ្សាច់​ និង​ការ​កាប់​ឆ្ការ​ព្រៃលិច​ទឹក​។
អណ្តើក​ហ្លួង​ ឬ​អ​ណ្តើក​សសៃ ​គឺ​ជា​ប្រភេទ​អណ្តើក​ កំពុង​រង​ការ​គម្រាម​កំហែង ​ដោយ​ការ​បំផ្លាញ​ជម្រក​រស់នៅ ​ជា​ពិសេស​ការ​បូម​ខ្សាច់​ និង​ការ​កាប់​ឆ្ការ​ព្រៃលិច​ទឹក​។ @WCS Cambodia
ផ្សាយពាណិជ្ជកម្ម

អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ចំនួន​នៅ​សេសសល់​តិច​តួច​របស់ អណ្តើកហ្លូង នៅ​កម្ពុជា មាន​ប្រហែល​តិ​ចជាង​១០​ក្បាល​ ដែល​ទទួល​បាន​ការការពារ​កុំ​ឱ្យ​ផុត​ពូជ​ដោយ​រដ្ឋបាល​ជលផល សហការ​ជាមួយ​អង្កការ​សហគមន៍​អភិរក្ស​សត្វ​ព្រៃ និង​ប្រជា​សហគមន៍។ អណ្តើក​ហ្លួង​ជា​អណ្តើក​មួយ​ប្រភេទ ក្នុង​ចំណោម​អណ្តើក​២៥​ប្រភេទ​ដែល​កំពុង​រងគ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ​នៅ​លើ​សាកល​លោក។ ការ​ដាក់​ឈ្មោះ​អណ្តើក​ហ្លួង​យ៉ាង​ដូច្នេះ ពីព្រោះ​កាល​ពី​មុន​មាន​តែ​គ្រួសារ​រាជ​វង្ស​ប៉ុណ្ណោះ​ ដែល​អាច​សោយ​ពង​វា​បាន។ រហូត​មក​ដល់​ពេល​នេះ វា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ប្រភេទ​សត្វ​ល្មូន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ដោយ​ព្រះរាជ​ក្រិត ចុះ​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ​២០០៥។

អណ្តើក​ហ្លួង ត្រូវ​បាន​គេ​គិត​ថា ផុត​ពូជ​ពី​កម្ពុជា ទៅ​ហើយ​ រហូត​ដល់​ឆ្នាំ ២០០០។ ប៉ុន្តែ​រដ្ឋបាល​ជលផល និង​អង្កការ សមាគមន៍​អភិរក្ស​សត្វ​ព្រៃ WCS បាន​សិក្សា​ស្រាវជ្រាវ និង​រក​ឃើញ​ចំនួន​សេសសល់​តិច​តួច រស់នៅ​ប្រព័ន្ធ​ព្រែក​អំបិល។

លោក អ៊ិន ហ៊ុល មន្ត្រី​រដ្ឋបាល​ជលផល និង​ជា​អ្នក​សម្រប​សម្រួល​គម្រោង បាន​និយាយ​ថា ឆ្នាំ​នេះ​លោក​សង្កេត​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សំបុក​ពង​របស់​ហ្លួង។ ដោយ​សារ​តែ​ឆ្នាំ​នេះ​ក្រុម​អភិរក្ស​របស់​លោក​រក​ឃើញ​សំបុក​ពង​អណ្តើក​ហ្លួង នៅ​ក្នុង​ធម្មជាតិ​ចំនួន​តែ​មួយ​សំបុក​តែ​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​មុន​រក​ឃើញ​៤​សំបុក។ លោក អ៊ិន ហ៊ុល ជឿជាក់​ថា បញ្ហា​នេះ​បង្ក​ឡើង​ដោយ​កំណើន​នៃ​ការ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម និង​ការ​កាប់​ទន្រ្ទាន​ដីព្រៃ​យក​ធ្វើ​កម្មសិទ្ធ ដែល​សកម្មភាព​ទាំង​នេះ​អាច​ធ្វើ​ឱ្យ​បាត់បង់​ទី​ជម្រក និង​កន្លែង​ពង​កូន​របស់​អណ្តើក​ហ្លួង។

គួរ​រំលឹក​ជូន​ថា នៅ​ក្នុង​ឆ្នាំ​២០០១ អង្កការ WCS សហការ​ជាមួយ​រដ្ឋបាល​ជលផល ចាប់​ផ្តើម​កម្មវិធី ការពារ​សំបុក​ដោយ​មាន​ការ​ចូលរួម​ពី​ប្រជាសហគមន៍​ស្រុក​ស្រែ​អំបិល ដោយ​ជ្រើសរើស​អតីត​អ្នក​ប្រមូល​ពង​ និង​កូន​សត្វ​អណ្តើក​ហ្លួង មក​ធ្វើ​ជា​បុគ្គលិក​គម្រោង ដើម្បី​ស្វែង​រក និង​ការពារ​សំបុក ជំនួស​ឱ្យ​ការ​ប្រមូល​យក​ពង​លក់។ ចាប់​ពី​នោះ​មក​ សំបុក​ពង​ចំនួន​៣៩ ដែល​មាន​ពង​ចំនួន ៥៦៤ពង ត្រូវ​បាន​ការពារ ហើយ​ជា​លទ្ធផល ទទួល​បាន​កូន​ញាស់​ចំនួន ៣៨២ កូន។ ចំណែក​កូន​ដែល​បាន​ញាស់​ពី​សំបុក ត្រូវ​បាន​យក​ទៅ​កាន់​មជ្ឈមណ្ឌល​ដើម្បី​ធ្វើការ​ចិញ្ចឹម និង​ថែរក្សា​រហូត​ដល់​វា​អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន។ 

អង្កការ WCS សហការ​ជាមួយ​រដ្ឋបាល​ជលផល ត្រូវ​ការ​គាំទ្រ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ដើម្បី​ធានា​ថា ការ​រំខាន​ទំាង​នេះ​នឹង​មិន​បន្ត​កើត​មាន​នៅ​តាម​ដង​ព្រែក​ស្រែ​អំបិល ដែល​ជា​ជម្រក​តែ​មួយ​គត់​របស់​អណ្តើក​ហ្លួង​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ