អានតួអត្ថបទ
កម្ពុជា

ការ​ប្រគុំ​​តន្ត្រី​​អភិរក្ស​​សត្វ​ព្រៃ​​ដំបូង​​គេ​​នៅ​​កម្ពុជា​​ធ្វើ​ឡើង​​នៅ​​រាត្រី​​នេះ​!​

អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ WA និង​ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក A​Y​C បាន​រៀប​ចំ​ការ​ប្រគុំ​តន្ត្រី​ព្រៃ​នៃ​ជីវិត​ឡើង នៅ​រាត្រី​ថ្ងៃ​ទី ៣១​មក​រា​នេះ នៅ​ឯ​ផ្សារ​រាត្រី ក្នុង​ទី​ក្រុង​ភ្នំពេញ ចាប់​ពី​ម៉ោង ៥​ល្ងាច​រហូតដល់​ម៉ោង​៩​យប់។ ការ​ប្រគុំ​តន្ត្រី គឺ​ក្នុង​គោលបំណង​លើក​កំពស់​ការ​យល់​ដឹង​ពី​ការ​ជួញដូរ​សត្វព្រៃ និង​ដើម្បី​ឲ្យ​សាធារណជន ជា​ពិសេស​យុវជន​ចូលរួម​ការពារ​បេតិកភណ្ឌ​ធម្មជាតិ។

ខិត្តបណ្ណពីកា​រប្រគុំតន្ត្រី«ព្រៃនៃជីវិត»។
ខិត្តបណ្ណពីកា​រប្រគុំតន្ត្រី«ព្រៃនៃជីវិត»។ @AYC facebook
ផ្សាយពាណិជ្ជកម្ម

អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ WA និង​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក AYC បាន​ចំណាយ​ពេល​ប្រមាណ​ជា ៣ ទៅ ៤ខែ ដើម្បី​រៀបចំ​ការ​ប្រគុំ​តន្ត្រី​អភិរក្ស​សត្វព្រៃ នៅ​រាត្រី​នេះ ឡើង ក្រោម​ការ​ជួយ​ឧបត្ថម្ភពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

លោក​យី​ង ហន អ្នក​សម្របសម្រួល​ក្នុង​គម្រោង​អប់រំ​បរិស្ថាន​ចល័ត​របស់​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា ការប្រគុំ​តន្ត្រី​នេះ គឺ​ជា​ការប្រគុំ​តន្ត្រី​មួយ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​និង​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ សត្វព្រៃ​មួយ​ចំនួន ដូចជា​គោ​ព្រៃ និង​ទន្សោង​ជា​ដើម​នោះ​ស្ទើរ​តែ​ផុត​ពូជ​ទៅ​ហើយ​នៅ​កម្ពុជា ហើយ​សត្វ​ខ្លា និង​ដំរី ក៏​មាន​ចំនួន​កាន់​តែ​តិច​ផង​ដែរ។ តាម​របាយការណ៍​រប​ស់​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​ឲ្យ​ដឹង​ថា មាន​សត្វព្រៃ​ចំនួន ៦០.០០០​ក្បាល ត្រូវ​បាន​រំដោះ​ពី​ការ​ជួញដូរ។

នៅក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ប្រគុំ​តន្ត្រី​នេះ ក៏មាន​ការផលិត​ជា​វីដេអូ​ខ្លី រយៈពេល​៣​នាទី​កន្លះ បង្ហោះ​ក្នុង Youtube ផង​ដែរ ដោយ​មាន​ចំណងជើង​ថា ការ​ប្រគុំ​តន្ត្រី​ព្រៃ​នៃ​ជីវិត ឬ​ជា​ភាសា​អង់គ្លេស Wild for Life Concert។

ការ​ប្រគុំ​តន្ត្រី​នេះ មានការ​ចូលរួម​ពី​តារា​ចម្រៀង​កូន​ខ្មែរ​នៅ​អាមេរិក គឺ​កញ្ញា​ឡូ​រ៉ា ម៉ម, ម្ចាស់​បទ Baby I’m Sorry ក្នុង​រឿង​ភាគ​របស់​កម្មវិធី​ឡូយ​៩ លោក​ឌួង សុខ​គា និង​មាន​តារា​ចម្រៀង​​ជា​ច្រើន​ផ្សេង​ទៀត ដែល​សុទ្ធសឹង​តែ​ជា​យុវជន និង​ការ​ចូលរួម​សម្តែង​ល្ខោន​ស្បែក​ពី​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ​ផងដែរ។

ប៉ុន្តែ​ការប្រគុំ​តន្ត្រី​អភិរក្ស​សត្វព្រៃ​នៅ​ពេលនេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ភ្នំពេញ ខណៈ​ដែល​ប្រជាជន​នៅ​តាម​តំបន់​ព្រៃភ្នំ និង​ខេត្ត​មួយចំនួន នៅតែ​បន្ត​បរបាញ់​សត្វព្រៃ យកមក​ធ្វើជា​ចំណីអាហារ និង​លក់​ជាប្រចាំ​ថ្ងៃ ដោយ​គ្មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅតាម​តំបន់​អស់ទាំងនោះ។ ជាក់ស្តែង​ដូចជា​សត្វ​ស្វា និង​សត្វ​ជ្រូកព្រៃ ត្រូវបាន​គេ​បរបាញ់​ជា​ប្រចាំ​ថ្ងៃ និង​ដាក់​លក់​ដោយ​ចំហរ នៅក្នុង​តំបន់​មួយចំនួន​ក្នុង​ខេត្តស្ទឹងត្រែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ