អានតួអត្ថបទ
កម្ពុជា

ឯកអគ្គ​រដ្ឋទូត​ថ្មី​របស់​អាមេរិក​សន្យា​ពង្រឹង​ចំណង​មិត្ត​ភាព​កម្ពុជា-អាមេរិក​ឲ្យ​កាន់​តែ​រឹងមាំ

លោក William Heidt ឯកអគ្គរដ្ឋទូត​តែង​តាំង​ថ្មី​របស់​សហរដ្ឋអាមេរិក​ បាន​បង្ហាញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​នៅ​កម្ពុជា មុន​ពេល​ចាប់​ផ្តើម​ការងារ​ការ​ទូត​ជា​ផ្លូវ​ការ​របស់​លោក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ លោក Heidt បាន​ថ្លែង​សុន្ទរកថា​លើក​ដំបូង​នៅ​ក្នុង​ពិធី​សច្ចា​ប្រណិធាន​របស់​ក្រុម​អ្នក​ស្ម័គ្រចិត្ត Peace Corps នៅ​ក្នុង​ស្ថាន​ទូត​អាមេរិក​នា​ថ្ងៃ​ទី​២៥​កញ្ញា​នេះ ដោយ​មិន​ទាន់​បង្ហាញ​ការ​ចាប់​អារម្មណ៍​ណាមួយ​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​តាម​រយៈ​សារ​ក្នុង​វីដេអូខ្លីប​កន្លង​មក​ លោក William Heidt បាន​សន្យា​ថា នឹង​ពង្រឹង​ចំណង​មិត្តភាព​កម្ពុជា-អាមេរិក​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​និង​រឹងមាំ។

លោក William Heidt ​ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដែល​បាន​​តែង​តាំង​​ថ្មី​​របស់​​សហរដ្ឋអាមេរិក​
លោក William Heidt ​ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដែល​បាន​​តែង​តាំង​​ថ្មី​​របស់​​សហរដ្ឋអាមេរិក​ @វ៉ា សំណព្វ
ផ្សាយពាណិជ្ជកម្ម

លោក William Heidt ឯកអគ្គរដ្ឋទូត​តែង​តាំង​ថ្មី​របស់​សហរដ្ឋអាមេរិក បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​សៅរិ៍​ទី​១៩​ខែ​កញ្ញា​សប្តាហ៍​មុន ដើម្បី​ចូល​បំពេញ​ការងារ​ការ​ទូត​ជា​ផ្លូវ​ការ​តំណាង​ឲ្យ​ប្រទេស​មហា​អំណាច​លើ​ពិភព​លោក នៅ​ក្នុង​ប្រទេស​កម្ពុជា។

មក​ដល់​តាំង​ពី​ថ្ងៃ​ទី​១៩​កញ្ញា តែ​លោក Heidt ទើប​តែ​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​ នៅ​ថ្ងៃ​ទី​២៥​កញ្ញានេះ​ នៅ​ក្នុង​ពិធី​សច្ចា​ប្រណិធាន​របស់​ក្រុម​អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​ Peace Corps ចំនួន​៦៤​រូប ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ លោក William Heidt នៅ​មិន​ទាន់​ថ្វាយ​សាតាំង​ទៅ​កាន់​ព្រះមហាក្សត្រ​នៅ​ឡើយ​ទេ។

នៅ​ក្នុង​សុន្ទរកថា​លើក​ដំបូង​របស់​លោក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥​កញ្ញា លោក Heidt មិន​ទាន់​លើក​ឡើង​ពី​យុទ្ធសាស្រ្ត​ការងារ​ការ​ទូត​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ នៅ​មុន​ពេល​មក​ដល់​ប្រទេស​កម្ពុជា​នេះ លោក William Heidt ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ ហើយ​ចេះ​និយាយ​ភាសាខ្មែរ​ផង​នេះ បាន​ផ្ញើសារ​តាម​រយៈ​វីដេអូខ្លីប​មួយ​ ដែល​មាន​រយៈ​ពេល​ជិត​២​នាទី​ថា លោក​មាន​កិត្តិយស​ដែល​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​តែងតាំង​លោក​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជា​ណាចក្រកម្ពុជា។ មុន​ពេល​មក​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​នៅ​កម្ពុជា​នេះ លោក​ក៏​ធ្លាប់​បាន​មក​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ម្តង​កាល​ពី​ចុង​ឆ្នាំ​១៩៩០ ដោយ​នៅ​ពេល​នោះ លោក​បាន​ជួយ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋអាមេរិក ជួយ​លើក​កម្ពស់​សន្តិសុខ​ស្បៀង​អាហារ និង​ជួយ​ការពារ​បរិស្ថាន​ផង​ដែរ។ នៅ​ក្នុង​វីដេអូ​ខ្លីប​នោះ លោក​សន្យា​ថា​ លោក​នឹង​ធ្វើ​ការងារ​ដើម្បី​ឲ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែ​ស៊ី​ជម្រៅ នឹង​ពង្រឹង​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែ​រឹងមាំឡើង។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​ស្វាគមន៍​ឯកអគ្គរដ្ឋទូត​ថ្មី​នៅ​កម្ពុជា ហើយ​លោក​នឹង​រំពឹង​ថា លោក Heidt នឹង​ជួយ​បង្កើន​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា-អាមេរិក ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ចំណែក​ឯ​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ ក៏​រំពឹង​ដែរ​ថា ឯកអគ្គរដ្ឋ​ទូត​ថ្មី​របស់​អាមេរិក​នេះ នឹង​បន្ត​ជួយ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ពិសេស​គឺ​ការ​បន្ត​ជួយ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

សូម​បញ្ជាក់​ថា លោក William Heidt បាន​ស្បថ​នៅ​មុខ​ក្រសួង​ការ​បរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៤​កញ្ញា ក្នុង​នាម​ជា​ឯកអគ្គរដ្ឋ​ទូត​តែងតាំង​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បន្ទាប់​ពី​លោក William E. Todd ដែល​បាន​បញ្ចប់​អាណត្តិ​រយៈពេល​៣​ឆ្នាំ​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ