អានតួអត្ថបទ
កម្ពុជា

កម្មករ-កម្មការិនី នៅ​រោងចក្រ ហី យ៉ុងជីន ព្រមាន​ដុត​កង​ឡាន​បើ​គ្មាន​ដំណោះស្រាយ

កម្មករ-កម្មការិនី​ជាង​១០០​នាក់​ធ្វើ​ការ​នៅ​រោងចក្រ ហី យ៉ុងជីន ផ្ទុះ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​៧​ចំណុច​ពី​ថៅកែ​រោងចក្រ​នៅ​ព្រឹក​ថ្ងៃ​ អង្គារ​ ១៨ សីហានេះ។ បើ​គ្មាន​ដំណោះស្រាយ​ឫ​ក៏​បន្ត​ពន្យា​ពេល​ទៀត​នោះ ក្រុម​កម្មករ នឹង​ដុត​កង​ឡាន ឈរ​តវ៉ា និង យក​លក្ខខណ្ឌ​៧​ចំណុច​នេះ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ។

កម្មករ​រោងចក្រ​អូសេអង់​តវ៉ា​នា​ពេល​កន្លង​មក​។
កម្មករ​រោងចក្រ​អូសេអង់​តវ៉ា​នា​ពេល​កន្លង​មក​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លក្ខខណ្ឌ​៧​ចំណុច​នោះ​រួម​មាន​៖១-ស្នើ​ទៅ​ក្រុមហ៊ុន​កុំ​បញ្ឈប់​កម្មករ​ដោយ​អត់​មាន​មូលហេតុ​២-សុំ​បើក​លុយ​៥​ភាគរយ​នៅ​ពេល​ដល់​កិច្ច​សន្យា​ការងារ ៣-បើក​ប្រាក់​ខែ​ឲ្យ​បាន​ទៀងទាត់​នៅ​មុន​ម៉ោង៤ ៤-សុំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចេញ​មុន​ម៉ោង​១៥​នាទី ៥-នៅ​ពេល​កម្មករ​ឈឺ​មាន​សំបុត្រ​ពេទ្យ​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក ៦-នៅ​ពេល​កម្មករ​ឈប់​សម្រាក់​សុំ​ឲ្យ​ក្រុមហ៊ុន​កាត់​លុយ​ជា​សមាមាត្រ ៧-ស្នើ​ឲ្យ​មាន​ពេទ្យ​ប្រចាំការ​ និង​ថ្នាំ​ពេទ្យ​គ្រប់​គ្រាន់​សម្រាប់​កម្មករ។

លោក សយ ចាន់ធូ បុគ្គលិក​ដោះស្រាយ​វិវាទ​របស់​សហជីព​សេរីកម្មករ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា កម្មករ​បាន​ដាក់​ញត្តិ​ទាមទារ​លក្ខខណ្ឌ​៧​ចំណុច​នេះ​ទៅ​កាន់​រដ្ឋបាល​របស់​រោងចក្រ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​មក​វិញ​ទេ។ លោក សយ ចាន់ធូ ឲ្យ​ដឹង​ទៀត​ថា បើ​រោងចក្រ​មិន​ឆ្លើយ​តប និង គ្មាន​ដំណោះស្រាយ​សមរម្យ​សម្រាប់​ពួកគេ​ទេ ក្រុម​កម្មករ​នឹង​បន្ត​តវ៉ា​នៅ​មុខ​រោងចក្រ​រហូត​លទ្ធផល​ និង ដុត​កង​ឡាន។  

លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​GMAC​ ឲ្យ​ដឹង​ថា​រោងចក្រ ហី យ៉ុងជីន ស្ថិត​នៅ​ភូមិ កំបូល ខណ្ឌពោធិ៍សែន​ជ័យ មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ GMAC ទេ។ ប៉ុន្តែ​បើ​មើល​ជា​ទូទៅ​នៅ​ក្នុង​ទិដ្ឋភាព ច្បាប់​លក្ខខណ្ឌ​៧​ចំណុច​នេះ​អាច​ដោះស្រាយ​បាន។

លោក កាំង ម៉ូនីកាបន្ត​ថា ប្រសិន​បើ​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​មិនមាន​ចែង​នៅ​ក្នុង​ច្បាប់​ទេ​នោះ វា​អាច​នឹង​ប្រឈម​សម្រាប់​ភាគី​រោងចក្រ​ដោយសារ​តែ​សង្វាក់​ផលិត​កម្ម​មិន​ដំណើរ​ការ​ ហើយ​ម្យ៉ាង​ទៀត​អាច​បាត់បង់​ទំនុក​ចិត្ត​ពី​អ្នក​បញ្ជា​ទិញ​ចំពោះ​ការ​ប្រគល់​ទំនិញ ។ តាម លោក ​កាំង ម៉ូនីកា រូប​ភាព​នៃ​ការ​តវ៉ា​មាន​និន្នាកា​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​ទៅ​មិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ