អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ជាប់​លេខ​រៀង​ទី​១២៧ ​ក្នុង​ចំណោម ​១៨៩​​ ប្រទេស​លើ​កំណែ​ទម្រង់​បរិយាកាស​ធុរកិច្ច​

របាយការណ៍​ថ្មី​មួយ​របស់​ក្រុម​ធនាគារ​ពិភពលោក​ បាន​រក​ឃើញ​ថា ​ប្រទេស​កម្ពុ​ជា​ បាន​បន្ត​ធ្វើ​ឲ្យ​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ដល់​បរិយាកាស​ផ្នែក​ធុរកិច្ច​របស់​ខ្លួន​ក្នុង​រយៈ​ពេល​កន្លង​មក។​ ក្នុង​ចំណោម​ប្រទេស​ចំនួន ​១៨៩​កម្ពុជា​បច្ចុប្បន្ន​ ត្រូវ​បាន​គេ​ចាត់​ចំណាត់​ថ្នាក់​លេខ​រៀងទី​១២៧។ ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ពីរ​ដែល​នៅ​លើ​ពិភព​លោក​ ដែល​បាន​ធ្វើ​កំណែទម្រង់​​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ទំនុក​ចិត្ត​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​​ចាប់​ផ្តើម​ធុរកិច្ច។​

ប្រព័ន្ធ​ខ្សែ​អគ្គសនី​នៅកម្ពុជា​
ប្រព័ន្ធ​ខ្សែ​អគ្គសនី​នៅកម្ពុជា​ ©ម៉េងហួរ/RFI
ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភព​លោក​នៅ​ថ្ងៃ​ពុធ​ទី​២៨​តុលានេះ​ របាយការណ៍​ដែល​មាន​ចំណងជើងថា​ «ការ​ធ្វើ​ធុរកិច្ច​ឆ្នាំ​២០១៦​៖ការ​វាស់​វែង​អំពី​គុណភាព​និង​ប្រសិទ្ធភាព»​ បាន​រក​ឃើញដោ​យ​ប្រើប្រាស់​វិធី​សាស្រ្ត​គណនា​ប្រៀប​ធៀប​ថា ​កម្ពុជា​ គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​តែ​ពីរ​ប៉ុណ្ណោះ​នៅ​លើ​ពិភព​លោក​ដែល​បាន​ធ្វើ​កំណែ​ទម្រង់​ចំនួន​មួយ​ដោយ​បាន​កែ​លម្អ​ផ្នែក​ទំនុកចិត្ត​នៃ​ការ​ផ្គត់ផ្គ​ង់អគ្គិសនី។​ ពោល​គឺ​ប្រទេស​កម្ពុជា​មាន​ចំណាត់​ថ្នាក់​ទី​១២៧ ​ក្នុង​ចំណោម​១៨៩​ប្រទេស​ក្នុង​ឆ្នាំ​២០១៥ ​ពីចំណាត់​ថ្នាក់​ទី​១៣៣​ក្នុង​ឆ្នាំ​២០១៤។​

របាយការណ៍​ធនាគារ​ពិភព​លោក​បន្ត​ថា ​កម្ពុជា​ក៏​បាន​កែ​លម្អ​ផង​ដែរ​លើ​រយៈ​ពេល​ដែល​ត្រូវ​ចំណាយ​ដើម្បី​ចាប់​ផ្តើម​ធុរកិច្ច​មួយ​ និង​បាន​កាត់​បន្ថយ​ចំនួន​នៃ​នីតិវិធី​ដែល​ចាំបាច់។ ​នា​ពេល​អនាគត ​កម្ពុជា​នឹង​មាន​ឱកាស​ធ្វើ​ឲ្យ​ប្រសើរ​លើ​បរិយាកាស​ធុរកិច្ច​បន្ថែ​មទៀត​ ជា​ពិសេស​ការ​លុប​ចោល​លក្ខខណ្ឌ​តម្រូវ​ឲ្យ​មាន​ដើម​ទុន​អប្បបរមា​ដើម្បី​ចាប់​ផ្តើម​ដំណើរ​ការ​ធុរកិច្ច​ថ្មី​មួយ។​

លោក​ អាឡាសាន ​សូ ប្រធាន​គ្រប់​គ្រងធ​នាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​“កម្ពុជា​មាន​ការ​រីក​ចម្រើន​ច្រើន​ក្នុង​កា​រជំរុញ​ធ្វើ​ឲ្យ​បរិយាកាស​ផ្នែក​ធុរកិច្​ចមាន​លក្ខណៈ​កាន់​តែល្អ​ប្រសើរ​ជាង​មុន។​ ភាព​រីក​ចម្រើន​ទាំង​នេះ ​នឹង​ជួយ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​ការវិនិយោគ​លើ​ផ្នែក​ធុរ​កិច្ច​និង​ការ​បង្កើត​ការងារធ្វើ។”

​សម្រាប់​រយៈពេល​ ១០​ឆ្នាំ​ជាប់​ៗគ្នា​ ប្រទេសសិង្ហបូរី​ ស្ថិត​នៅ​លេខ​រៀងលំ​ដាប់​ទី​១ ​នៅ​លើ​ពិភព​លោក ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ធនាគារ​ពិភព​លោក​ស្តីពី​ភាព​ងាយ​ស្រួល​នៃកា​រ​ធ្វើ​ធុរកិច្ច។​ ក្នុង​ចំណោម​ប្រទេស​ចំនួន​២០​ដែល​ស្ថិត​នៅ​លំដាប់​ថ្នាក់​លើ​គេ​នោះ​មាន ​ប្រទេស​នូវែលហ្សេឡង់ ​(ស្ថិ​តនៅ​លំដាប់​លេខ​រៀង​ទី២) ​សាធារណៈរ​ដ្ឋកូរ៉េ ​(លេខ​រៀង​ទី​៤) ហុងកុង (លេខរៀងទី៥) តៃវ៉ាន់ (លេខរៀងទី១១) អូស្ត្រាលី (លេខរៀងទី១៣) និង​ម៉ាឡេស៊ី (​លេខរៀងទី១៨)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ