កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានជាលើកទី ១
ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែឧសភាខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ដើម្បីរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ ២០១៧នៅក្នុងរាជធានីភ្នំពេញ។ វេទិកានេះ ត្រូវបានគេរំពឹងថា នឹងមានអ្នកចូលរួមដែលជាប្រមុខរដ្ឋាភិបាល រដ្ឋមន្រ្តី និងតំណាងក្រុមហ៊ុននានាប្រមាណជាង ៦០០នាក់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០០
វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ ២០១៧ដែលនឹងរៀបចំឡើងនៅក្នុងប្រទេសកម្ពុជានេះ ប្រព្រឹត្តទៅក្រោមប្រធានបទថា “យុវជន បច្ចេកវិទ្យា និងកំណើន” ដែលជាប្រធានបទមានសារៈសំខាន់មួយជាពិសេសសម្រាប់ស្ថានភាពបច្ចុប្បន្នរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងពិភពលោក។ លោក Justin Wood ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានលើកឡើងនៅក្នុងសន្និសិទសារព័ត៌មាននៅព្រឹកនេះថា ការរៀបចំវេទិកាសេដ្ឋកិច្ចនេះនៅក្នុងប្រទេសកម្ពុជា វានឹងអាចឲ្យកម្ពុជាទទួលបានបទពិសោធន៍ថ្មីៗពីវេទិកានេះក៏ដូចជាមានទំនាក់ទំនងជាមួយនឹងវាលគ្មិននានាដែលសុទ្ធសឹងតែជាមនុស្សមានឥទ្ធិពលទាំងនៅក្នុងតំបន់ និងពិភពលោក។
ចំណែកលោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននេះ ក៏បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានដែរថា វេទិកានេះ គឺជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញខ្លួននៅលើឆាកអន្តរជាតិ និងបង្ហាញពីរូបភាពនៃផ្លាស់ប្តូររបស់កម្ពុជាទៅកាន់ពិភពលោក។ ជាមួយគ្នានេះ វានឹងផ្តល់ឱកាសដល់វិនិយោគិនបរទេសនានា អាចមកដល់កម្ពុជានិងស្វែងយល់ពីកម្ពុជាដោយផ្ទាល់ដែលជាការទាក់ទាញវិនិយោគិនបរទេសជាច្រើនបន្ថែមទៀតមកវិនិយោគនៅកម្ពុជា។ លោករដ្ឋមន្រ្តីស៊ុន ចាន់ថុល ក៏បានរំពឹងដែរថា បន្ទាប់កិច្ចប្រជុំនេះ កម្ពុជាក៏អាចនឹងទទួលបានវិនិយោគិនក៏ដូចជាភ្ញៀវទេសចរអន្តរជាតិជាច្រើនបន្ថែមទៀត មកវិនិយោគ និងមកដើរលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា។
វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ ២០១៧ នឹងរៀបចំឡើងចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រក្នុងសប្តាហ៍នេះនៅក្នុងរាជធានីភ្នំពេញ។ វេទិកានេះ នឹងមានអ្នកចូលរួមប្រមាណជាង ៦០០នាក់ ក្នុងនោះនឹងមានប្រមុខរដ្ឋាភិបាល ៤ប្រទេសចូលរួមដូចជាប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីវៀតណាម នាយករដ្ឋមន្រ្តីឡាវ រួមទាំងរដ្ឋមន្រ្តីមួយចំនួនទៀត។ ក្រៅពីនេះ ក៏មានតំណាងក្រុមហ៊ុននានាចំនួនជាង ៣៥០នាក់ទៀតចូលរួមផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ