អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

សភា​បោះ​ឆ្នោត​ជ្រើស​តាំង លោក យូ ហុកគ្រី ជា​អនុប្រធាន​ទី​១ ជំនួស​លោក​ កឹម សុខា

រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​នេះ បាន​បោះ​ឆ្នោត​ជ្រើស​រើស លោក យូ ហុកគ្រី ជា​កូតា​មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ពលរដ្ឋ​មិន​បោះ​ឆ្នោត​ឲ្យ​នោះ ឲ្យ​ធ្វើ​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ក្រោយ​ពី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ ជាមួយ​គ្នា​នោះ តំណែង​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ចំនួន​១០​ទៀត​ក៏​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ផង​ដែរ។

លោក យូ ហុកគ្រី ជា​កូតា​មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ពលរដ្ឋ​មិន​បោះ​ឆ្នោត​ឲ្យ​នោះ ឲ្យ​ធ្វើ​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា
លោក យូ ហុកគ្រី ជា​កូតា​មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ពលរដ្ឋ​មិន​បោះ​ឆ្នោត​ឲ្យ​នោះ ឲ្យ​ធ្វើ​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា @សហការី
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ៖​ អ៊ឹង ប៊ុនថន

សំឡេង​គាំទ្រ លោក យូ ហុកគ្រី ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​គឺ​មាន​ចំនួន​១១២​សំឡេង ក្នុង​ចំណោម​សមាជិក​រដ្ឋសភា​ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​នេះ​ចំនួន​១១៦​រូប រួម​ទាំង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផង​ដែរ។ លោក បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​ថា​លោក​សូមស្វាគមន៍លោក យូ ហុកគ្រី ដែលបានរដ្ឋសភាបោះឆ្នោត ជ្រើសតាំងជាអនុប្រធានទីនៃរដ្ឋសភាថ្ងៃនេះ

សូម​រំលឹក​ថា តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ដំបូង​ឡើយ​គឺ​ជា​កន្លែង​របស់ លោក កឹម សុខា ប៉ុន្តែ​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ បាន​អង្គុយ​កៅអី​នេះ បាន​តែ​ជាង​មួយ​ឆ្នាំ​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ធ្វើ​បាតុកម្ម​ទម្លាក់​នៅ​ខែ​តុលា​ឆ្នាំ​២០១៥។ ជា​បាតុកម្ម​ដែល​ក្លាយ​ទៅ​ជា​កុប្បកម្ម​វាយ​ដំ​តំណាង​រាស្ត្រ​អតីត​បក្ស​ប្រឆាំង​ចំនួន​ពីរ​រូប​គឺ​លោក ញ៉យ ចំរើន និង​គង់ សភា បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ។

ក្រោយ​ពី​រំលាយ​គណបក្ស​ប្រឆាំង​ដ៍​ធំ​ជាង​គេ​នេះ រដ្ឋសភា​ក៏​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន​១០ ក្រោយ​តុលាការ​កំពូល រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ ក្រោយ​រំលាយ​សង្រ្គោះ​ជាតិ កៅអី​ចំនួន​៤១​បាន​ធ្លាក់​ទៅ​លើ​ដៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុម​ព្រះ។ ជាមួយ​គ្នា​នោះ គណបក្ស​ដែល​មិន​បាន​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​មួយ​នេះ​នោះ ក៏​នឹង​ទទួល​បាន​តំណែង​ប្រធាន និង​អនុប្រធាន នៃ​គណៈកម្មការ​ជំនាញ​មួយ​ចំនួន ៥​​នៃ​រដ្ឋសភា​ផង​ដែរ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រោម​ការ​រិះគន់​នោះ ពេល​នេះ​រដ្ឋសភា មាន​តំណាង​មក​ពី​គណបក្ស​ចំនួន​៤ ដែល​ក្នុង​នោះ​គណបក្ស​ចំនួន​៣​ជា​អ្នក​ទទួល​កៅអី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​គឺ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច​ក្រុមព្រះ បាន​៤១​អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា បាន​២​អាសនៈ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​១​អាសនៈ។ ចំណែក​អាសនៈ​នៅ​សល់​ចំនួន​១១​ទៀត​គឺ​ធ្លាក់​ទៅ​លើ​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច បន្ថែម​ពី​អាសនៈ​ចំនួន​៦៨​ដែល​មាន​ស្រាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ