អានតួអត្ថបទ
កម្ពុជា

យុវជន​ទាមទារ​ឲ្យ​មេបក្ស​ប្រឆាំង​បញ្ជាក់​ពី​ការអះអាង​របស់​លោក​ហ៊ុន សែន​​រឿង​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​រ៉ែ​ង

យុវជន​មួយក្រុម ដែលមាន​ឈ្មោះថា “យុវជន​ខ្មែរ​មហានគរ” បានប្រកាស​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី៣១ ខែធ្នូ​នេះ ទាមទារ​ឲ្យ​លោក​សមរង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង បញ្ជាក់​ឲ្យ​ច្បាស់​ពី​ការអះអាង​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ស្ទឹង​អា​រ៉ែ​ង ក្នុង​ខេត្តកោះកុង។ ក្រុមយុវជន​នោះ បានប្រកាស ទុកពេល​ឲ្យ​លោក​សមរង្ស៊ី ១ សប្តាហ៍ ដើម្បី​ធ្វើការ​បកស្រាយ បញ្ជាក់។ នោះ​គឺ​កាលពី​ខែតុលា នៅក្រៅ​កិច្ចប្រជុំ​រដ្ឋសភា លោក​សមរង្ស៊ី បាន​ប្រាប់​អ្នកកាសែត​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​លោក​ថា គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​រ៉ែ​ង​ស្ថិតក្នុង​ការសិក្សា​នៅឡើយ ហើយ​ប្រហែលជា នឹង​មិនអាច​កើតឡើង​ទេ ក្នុង​អាណត្តិ​នេះ។

តំបន់​អារ៉ែង​នៅ​ក្នុង​ខេត្ត​កោះ​កុង​
តំបន់​អារ៉ែង​នៅ​ក្នុង​ខេត្ត​កោះ​កុង​ @Mother Nature Cambodia
ផ្សាយពាណិជ្ជកម្ម

ក្រុមយុវជន ដែលជា​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល ខាង​អភិរក្ស​តំបន់​អា​រ៉ែ​ង ក្នុង​ខេត្តកោះកុង បានប្រកាស​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ទាមទារ​ឲ្យ​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បញ្ជាក់​បំភ្លឺ​ឲ្យ​ច្បាស់​ឡើងវិញ អំពី​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ស្ទឹង​អា​រ៉ែ​ង។

តាម​ក្រុមយុវជន នៅក្រៅ​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ខែតុលា លោក​សមរង្ស៊ី បាន​ធ្វើជា​អ្នកនាំពាក្យ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ប្រកាស​បន្តទៅ​ក្រុមអ្នកកាសែត​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រា​ប់លោក នៅក្នុង​ជំនួប នៅក្រៅ​កិច្ចប្រជុំ​រដ្ឋសភា ថា គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​រ៉ែ​ង ស្ថិតក្នុង​ការសិក្សា​នៅឡើយ ហើយ​ប្រហែល​ជា នឹង​មិនអាច​កើតឡើង​ទេ ក្នុង​អាណត្តិ​នេះ ទុក​ឲ្យ​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ជា​អ្នកសម្រេច។

ប៉ុន្តែ​នៅពេល​សព្វថ្ងៃនេះ យុវជន ជុំ ហួត តំណាង​យុវជន​ខ្មែរ​មហានគរ បាន​អះអាងថា មាន​មន្ត្រី​រដ្ឋាភិបាល ព្រមទាំង​តំណាង​ក្រុមហ៊ុន​ចិន ស៊ិន​ណូ ហាយ​ដ្រូ ដោយមាន​ទាហាន​ប្រមាណ ១០ នាក់ បាន​ចុះទៅ​កាន់​តំបន់​អា​រ៉ែ​ង ហើយ​បាន​គំរាម​ប្រជាពលរដ្ឋ សហគមន៍ មិន​ឲ្យ​តវ៉ា​ជំទាស់​នឹង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​រ៉ែ​ង​នោះទេ។

តាម​តំណាង​យុវជន ពួកគេ​ទុកពេល ១ អាទិត្យ គិតពី​ថ្ងៃនេះ ដើម្បី​ឲ្យ​លោក​សមរង្ស៊ី ឆ្លើយបំភ្លឺ​អំពី​ពាក្យសម្តី​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុនសែន។ បើសិនជា​គ្មាន​ការបញ្ជាក់​ច្បាស់លាស់​ទេ នោះ​ពួកគេ​នឹងធ្វើ​បាតុកម្ម។

មិនមាន​ការបញ្ជាក់​ពី​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ជុំវិញ​បច្ចុប្បន្នភាព​នៃ​គម្រោង​វា​រី​អគ្គិសនី ស្ទឹង​អា​រ៉ែ​ង ក្នុង​ខេត្តកោះកុង​នោះទេ។ ប៉ុន្តែ​កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​ក្នុង​សន្និសីទកាសែត​ថា គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ជាយ​អា​រ៉ែ​ង ក្នុង​ខេត្តកោះកុង ដែល​ត្រូវ​ចំណាយ​ថវិកា ៤០០ លាន​ដុល្លារ នឹង​អាច​បញ្ចប់​នៅ​ឆ្នាំ២០២០។ គម្រោង​វា​រី​អគ្គិសនី ស្ទឹង​ជាយ​អា​រ៉ែ​ង ត្រូវបាន​សិក្សា​បច្ចេកទេស និង​បរិស្ថាន​ធម្មជាតិ និង​សង្គម ចាប់តាំងពី​ឆ្នាំ២០០៦។

តាម​របាយការណ៍​រប​ស់​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី២៧កញ្ញា គម្រោង​វា​រី​អគ្គិសនី ស្ទឹង​ជាយ​អា​រ៉ែ​ង មាន​ផ្ទៃដី​ប្រមាណ​ជាង ១០ ម៉ឺន​ហិកតា មាន​ផលប៉ះពាល់​សត្វ​បក្សី​ប្រមាណ ១១៣ ប្រភេទ ថនិកសត្វ ៥៣ ប្រភេទ ល្មូ​ន ៣១ ប្រភេទ និង​មច្ឆា​ជាតិ ៤៣ ប្រភេទ។ គម្រោង​នេះ មានការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ចំនួន ១.៣១៨ នាក់  ត្រូវជា ៣៤៩ គ្រួសារ នៅក្នុង ៣ ឃុំ។ ទន្ទឹមនឹងនោះ ក៏មាន​ប៉ះពាល់​សាលារៀន ចំនួន ៦ វត្ត​អារាម ចំនួន ៣ ស្រះ​ទឹក​សហគមន៍ ៦ សាលាឃុំ ២ និង​សំណង់ផ្សេងៗទៀត ដូចជា របង ផ្នូរខ្មោច អណ្តូងទឹក។ល។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​អភិរក្ស​បរិស្ថាន និង​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​លុបចោល​គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី ស្ទឹង​អា​រ៉ែ​ង ហើយ​ប្រែក្លាយ​តំបន់​នោះ ជា​តំបន់​អេកូ​ទេសចរណ៍​ជំនួស​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ