អានតួអត្ថបទ
កម្ពុជា

​យុវជន​មួយ​ក្រុម​ត្រូវ​បាន​ហាម​ឃាត់ ​មិន​ឲ្យ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា រឿង​បូម​ខ្សាច់​នៅ​កោះកុង​

អាជ្ញាធរ​​ក្រុងភ្នំពេញ ​នៅ​​ព្រឹក​​ថ្ងៃ​​ព្រ​ហ​ស្ប​ត្តិ៍​​ទី២៥​មិថុនា​​នេះ បាន​​ឃាត់​ខ្លួន ​យុវជន​៤​នាក់ ​ក្រោយ​ពី​​ពួកគេ​​បាន​យក​​ញត្តិ​​ទៅ​​ដាក់​ជូន​​រដ្ឋសភា ​ដើម្បី​​សុំ​​អន្តរាគមន៍​​បញ្ឈប់​​សក​ម្ម​ភាព​​បូម​​ខ្សាច់​​របស់​​ក្រុមហ៊ុន​​មួយ​​ស្ថិត​នៅក្នុង​​ខេត្ត​កោះកុង​។ ​ប៉ុន្តែ​​ក្រុម​យុវជន​​មក​ពី​​អង្គការ​​មាតា​​ធម្មជាតិ ​ដែលមាន​​គ្នា​១៥​នាក់ ​មិន​ទាន់​​ទាំង​​បាន​​ជួបជុំ​គ្នា​​ផង ​ក៍​ត្រូវ​បាន​​ក្រុម​​សន្តិសុខ​​មួក​​ខ្មៅ​​បាន​​វាយ​​បំបែក ​ដោយបាន​​រឹបអូស​​សម្ភារៈ ​និង​​ញត្តិ​​របស់​​ពួកគេ​​យក​ទៅ​​ជាមួយ​​ផង​។   

​យុវជន​៤​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ក្នុង​អំឡុង​ពេល​ដាក់​ញត្តិ​ជូន​រដ្ឋសភា​សុំ​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​កោះកុង​ ថ្ងៃទី​២៥ ​មិថុនា​​ ២០១៥​
​យុវជន​៤​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ក្នុង​អំឡុង​ពេល​ដាក់​ញត្តិ​ជូន​រដ្ឋសភា​សុំ​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​កោះកុង​ ថ្ងៃទី​២៥ ​មិថុនា​​ ២០១៥​ @somnop
ផ្សាយពាណិជ្ជកម្ម

មិនទាន់​​ទាំង​​បាន​ជួប​ជុំគ្នា​​ស្រួលបួល​​ផង យុវជន​​ចំនួន១៥​នាក់ មកពី​​អង្គការ​​ចលនា​មាតា​​ធម្ម​ជាតិ ​ក៍​​ត្រូវ​បាន​​កងកម្លាំង​​សន្តិសុខ​​សណ្តាប់​ធ្នាប់​​ខណ្ឌ​ចំការមន​ វាយ​បំបែក​​តាំងពី​ព្រឹក​​ព្រលឹម​​អុល ​ថ្ងៃ​​ព្រ​ហ​ស្ប​ត្តិ៍​​ទី២៥​មិថុនា​​នេះ។ ​អាជ្ញាធរ​​បាន​​ទះកំភ្លៀង​​ទៅលើ​​យុវជន​​ម្នាក់ ​និង​​បាន​​រឹប​អូស​​យក​​សម្ភារៈ​​មួយ​ចំនួន​​ទៅ​ជា​មួយ​​ផង​។ ​មួយ​សន្ទុះ​​ក្រោយ​មក ​ក្រុម​យុវជន​​ទាំង​នោះ ​បាន​​ទៅ​​ប្រមូល​ផ្តុំ​​គ្នា​​ជា​ថ្មី ​នៅមុខ​​ច្រកចេញ​ចូល​​មជ្ឈមណ្ឌល​​ភ្នំពេញ ​ដើម្បី​​ផ្តល់​​បទសម្ភាសន៍​​ដល់​​អ្ន​​ក​​កាសែត​ ប៉ុន្តែ​​មិន​យូ​ប៉ុន្មាន ​ពួកគេ ​ក៍​ត្រូវ​បាន​​កង​កម្លាំង​​សន្តិសុខ​​ខណ្ឌ​​ពាក់មួក​​ឃ្លុប​​ខ្មៅ​ វាយ​​​បំបែក​​ជាថ្មី ​នៅ​​ប្រមាណ​ជា​​ម៉ោង​៨​និង​៣០នាទី។ ​ពេលនេះ​ហើយ​ ដែល​​កង​កម្លាំង​​សន្តិសុខ​​​បាន​​ឃាត់​ខ្លួន​​យុវជន​៤​នាក់ ​២នាក់​​មក​ពី​​អង្គការ​​មាតា​​ធម្មជាតិ​ ម្នាក់​​មក​ពី​​អង្គការ​ការពារ​​ព្រៃឈើ និង​​ម្នាក់​ទៀត​​ឈ្មោះ ​ឌិ​ត សុ​ទ្ធី ​ជា​មន្ត្រី​​ព័ត៌មាន​​របស់​​អង្គការ​​អាដហុក។​ ពួកគេ​​ត្រូវ​បាន​​ដោះលែង​​មក​វិញ ក្រោយ​ពីការ​សាកសួរ​ព័ត៌មាន​និង​​បាន​ធ្វើ​​កិច្ច​សន្យា​រួច​។


យុវជន ​ឌឹ​ម គុណ​ឌី ​សមាជិក​​ម្នាក់​​នៃ​​អង្គការ​​នេះ បាន​​ថ្លែង​នៅ​​មុនពេល​​ឃាត់​ខ្លួន​​ថា ​តាម​​គម្រោង​ ក្រុម​​ចលនា​​មាតា​​ធម្មជាតិ  ​គ្រោង​​នឹង​​ជួបជុំ​គ្នា​​នៅ​មុខ​​រដ្ឋសភា ​នៅ​​ព្រឹក​​ថ្ងៃ​នេះ ដើម្បី​​​ដាក់​​ញត្តិ​​ទៅ​​គណៈកម្មការ​​ទី៣​នៃ​​រដ្ឋសភា ​ដើម្បី​​ស្នើ​សុំ​​ឲ្យ​​ជួយ​​អន្តរាគមន៍​​បញ្ឈប់​​ការ​​បូម​​ខ្សាច់​​របស់​​ក្រុម​ហ៊ុន ​International Renbow Co.Ltd  ​ហើយ​​បន្ទាប់​មក​​នឹង​​បន្ត​​យក​​ញត្តិ​ទៅ​​ដា​ក់​នៅ​​ស្ថាន​ទូត​​ប្រទេស​​សិង្ហ​បុរី​​ជា​​បន្ត​ទៀត។ ​ដាក់​​ញត្តិ​​នៅ​​ស្ថាន​ទូត​​សិង្ហ​បុរី ​ក៍​ព្រោះ​ថា ​ប្រទេស​​សិង្ហ​បុរី ​ធ្លាប់​បាន​​ទិញ​​ខ្សាច់​​ពី​​ប្រទេស​​កម្ពុជា​​ក្នុង​​ឆ្នាំ​២០១០-២០១១​កន្លង​ទៅ។​ ប៉ុន្តែ​​មិន​​ទាំង​​បាន​ដាក់​​ផង ​ពួកគេ​​ក៍​ត្រូវ​បាន​​វាយ​​បំបែក​​បាត់​អស់​​ទៅ​​ហើយ​​។​​

ក្រុម​​ចលនា​​មាតា​​ធម្មជាតិ​​អះអាង​ថា ​ក្រុមហ៊ុន ​International ​Renbow ​Co.Ltd ​ បាន​​ឃុ​ប​​ជិត​​ជា​មួយ​​មន្ទីរ​​រ៉ែ​​និង​​ថាមពល​​ខេត្ត ​ដើម្បី​​ធ្វើ​​អាជីវកម្ម​​បូម​​ខ្សាច់ ​នៅ​ក្នុង​​ស្រុក​​គី​រី​សាគរ ​ខេត្ត​កោះ​កុង ​ដែល​​បង្ក​​ឲ្យ​​បាត់បង់​​ព្រៃ​កោងកាង ​ជីវៈចម្រុះ​​នៅក្នុង​​សមុទ្រ ​បាក់​​ឆ្នេរ ​និង​​កោះតូចៗ​ ហើយ​​ជាពិសេស​​នោះ ​គឺ​​បាត់បង់​​មុខ​របរ​​របស់​​ប្រជា​នេសាទ​​ជាង​៣០០​គ្រួសារ ​ស្ថិត​នៅ​​ភូមិ​​កោះ​​ស្រឡៅ ​ឃុំ​កោះ​កាពិ​ ខេត្ត​កោះកុង​។ ​ប៉ុន្តែ​ អ្នក​នាំពាក្យ​​ក្រសួង​​រ៉ែ​​និង​​ថាមពល ​លោក ឌិ​ត ទីណា ​ធ្លាប់​បាន​​អះអាងថា ​ការ​ធ្វើ​​អា​ជី​កម្ម​​បូម​ខ្សាច់​​របស់​​ក្រុម​ហ៊ុន​​ខាង​លើ មាន​ការ​​អនុញ្ញាត​​ពី​​ក្រសួង​​ពាក់​ព័ន្ធ​​ត្រឹម​ត្រូវ​។​

គួរ​​កត់​សម្គាល់​ថា​ អាជ្ញាធរ​​ក្រុង​ភ្នំពេញ​​រាប់​រយ​​នាក់ ​ត្រូវ​បាន​​ពង្រាយ​​នៅ​តាម​​ចំណុច​​ជា​ច្រើន​​នៅ​តាម​​ផ្លូវ​​ទៅ​​រដ្ឋសភា ​ខណៈដែល​​ចរាចរណ៍​​នៅ​មុខ​​រដ្ឋសភា​​បាន​​បិទ​​ទាំង​ស្រុង ​តាំង​ពី​ព្រឹក​​ព្រលឹម​​អុល​​មក​​ម្លេះ ​ដើម្បី​​រារាំង​​ក្រុម​យុវជន​​ដែល​មាន​​គ្នា​​មិន​​ដល់​២០​នាក់​​ផង​​នេះ ​ដាក់​​ញត្តិ​​ទៅ​​រដ្ឋសភា៕​   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ