អានតួអត្ថបទ
កម្ពុជា

រដ្ឋ​សភា​កម្ពុជា​ចាត់​ទុក​លិខិត​របស់​លោក​សម រង្ស៊ី ថា​ប៉ះពាល់យ៉ាង​​ធ្ងន់ធ្ងរ ចំពោះ​ព្រះ​រាជ​បល្ល័ង្ក​និង​រដ្ឋសភា

រដ្ឋសភា​កម្ពុជា បាន​ចាត់​ទុក​លិខិត​របស់​លោក​សម រង្ស៊ី ថា​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ចំពោះ​ព្រះ​រាជ​បល្ល័ង្ក និង​រដ្ឋ​សភា ហើយ​មិន​អាច​អត់ឱនឲ្យបានឡើយ។ សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋ​សភា​​នេះ កាល​ពី​ថ្ងៃ​ទី៤ ខែមេសា បាន​ធ្វើឡើង​ពីរថ្ងៃ ក្រោយ​ពី​លោក សម រង្ស៊ី បាន​​សរសេរ​លិខិត​​ទូល​​ថ្វាយ​ព្រះ​មហាក្សត្រ​ថា រដ្ឋ​សភា​បច្ចុប្បន្ន មិន​មែន​ជា​រដ្ឋ​សភា ដែល​​តំណាង​​ឲ្យ​ប្រជា ពល​រដ្ឋ​​​ខ្មែរ​​​ទាំង​​​មូល​​ឡើយ តែ​ជា​រដ្ឋ​សភា ដែល​​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​តែ​មួយ​​​ប៉ុណ្ណោះ។

រដ្ឋសភាជាតិ​កម្ពុជា
រដ្ឋសភាជាតិ​កម្ពុជា RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

រដ្ឋសភាកម្ពុជា នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៤​មេសា បាន​ចាត់ទុក​លិខិត​របស់​លោក​សម រង្ស៊ី ថា​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ចំពោះ​ស្ថាប័ន​ព្រះ​មហាក្សត្រ និង​រដ្ឋសភា ហើយ​មិន​អាច​អន់​ឱន​ឲ្យ​បាន​ឡើយ​។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី ដែល​ថា​រដ្ឋសភាបច្ចុប្បន្ន មិន​តំណាងឲ្យប្រជាពលរដ្ឋខ្មែរ​ទាំង​មូលនោះ រដ្ឋសភា​កម្ពុជា បាន​អះអាង​ថា រដ្ឋសភា​នីតិកាល​ទី​៥ បាន​កើត​ចេញ​ពី​ឆន្ទៈរបស់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើ​ភាព ដោយ​ចំពោះ និង​ជា​សម្ងាត់ ហើយ​មាន​ភាព​រលូន គ្មាន​អំពើ​ហិង្សា​។

ស្ថាប័ន​នីតិ​បញ្ញត្តិ​នេះ ​បាន​បញ្ជាក់​ថែម​ទៀត​ថា ខ្លួន​បាន​ដំណើរ​ការ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា ហើយ​មាន​នីត្យានុកូលភាព​ពេញ​លេញ ក្នុង​ការ​អនុវត្តន៍​​ការងារ​។ រដ្ឋសភា​ដែល​មាន​តែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា បាន​បោះ​បង់​តួនាទី និង​ភារកិច្ច ដែល​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​ប្រគល់​ឲ្យ​​។

សូម​ជម្រាប​ជូន​ថា សេចក្តី​ថ្លែង​ការណ៍​របស់រដ្ឋសភា​នេះ បានធ្វើឡើង ​ពីរថ្ងៃ ក្រោយពីលោក សម រង្ស៊ី បានសរសេរលិខិតទូលថ្វាយព្រះមហាក្សត្រ​​ថា រដ្ឋសភា​បច្ចុប្បន្ន ដែល​ត្រូវ​បាន​បង្កើត​​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣​កញ្ញា ឆ្នាំ​២០១៣ មិន​មែន​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល​នោះ​ទេ​។ មិនតំណាង​ដោយ​សារ ​ពុំ​មាន​តំណាង​រាស្ត្រ​គ្រប់​ចំនួន​១២០​រូប ចូល​រួម​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ ដូច​ដែល​តម្រូវ​ដោយ​មាត្រា​៧៦ នៃ​រដ្ឋធម្មនុញ្ញ​។ ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ លើក​ឡើង​ថា រដ្ឋសភា​កម្ពុជា​បច្ចុប្បន្ន គឺ​ជា​សភា​ឯកបក្ស ដែល​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​​កម្ពុជា​​តែ​មួយ​​ប៉ុណ្ណោះ។

ពាក់​ព័ន្ធ​នឹង​ខ្លឹម​សារ​នៃ​មាត្រា​៧៦ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែង​ថា រដ្ឋ​សភា​​មាន​សមាជិក​​តំណាងរាស្ត្រ​យ៉ាង​តិច​​១២០​រូប​នោះ លោក​សុខ សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ឲ្យ​ដឹង​ថា មាត្រា​នេះ ​មិន​គួរ​ត្រូវ​បាន​បក​ស្រាយ​តាម​ការ​យល់​ឃើញ​របស់​បុគ្គល​ម្នាក់​ៗ​នោះ​ទេ។ លោកបន្ត​ថា មាន​តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​តែ​មួយ​គត់ ដែល​អាច​បក​ស្រាយ​ពី​ខ្លឹម​សារ​ពិត​ប្រាកដ ​នៃ​រដ្ឋធម្មនុញ្ញ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ