អានតួអត្ថបទ
កម្ពុជា-ផ្សារមូលប័ត្រ

ផ្សារភាគហ៊ុនកម្ពុជាចេញដំណើរហើយ

មន្ត្រី​​តំណាង​​រដ្ឋាភិបាល​​កម្ពុជា​ និង​​តំណាង​​ភាគី​​កូរ៉េ​​ បាន​​ជួបជុំ​គ្នា​​នៅ​​ជាន់​ទី​​២៧​​នៃ​​អគារ​​ពាណិជ្ជកម្ម​​កាណាឌីយ៉ា​​នៅ​​ព្រឹក​​ថ្ងៃ​​ពុធ​​ទី​១៨​​មេសា​​ដើម្បី​​សម្ពោធ​​​ការ​ជួញដូរ​​មូលបត្រ​​​ជា​​​ផ្លូវ​ការ។​​ លោក​​នាយក​​រដ្ឋមន្ត្រី ​​ហ៊ុន សែន​​បាន​​ថ្លែង​​សារ​​និង​​គោះ​​ជួង​​តាម​​វីដេអូ​​ដើម្បី​​សម្ពោធ​​បើក​​ផ្សារ​​មូលបត្រ​​នេះ​​ដែល​​មាន​​ក្រុមហ៊ុន​​លក់​​មូលបត្រ​​ដំបូង​​គឺ​​រដ្ឋាករ​ទឹក​​​ស្វយ័ត​​រាជធានី​​ភ្នំពេញ​​ដែល​​ប្រកាស​​លក់​​ហ៊ុន​​១៥​​ភាគរយ​​នៃ​​មូលធន​​សរុប​​របស់​​ខ្លួន។​  

មន្ត្រី​តំណាងរដ្ឋាភិបាល​កម្ពុជា​និង​តំណាង​ភាគីកូរ៉េ​​ជួបជុំគ្នានៅថ្ងៃពុធ១៨មេសានេះ​សម្ពោធការជួញដូរ​មូលបត្រ​ជាផ្លូវការ​
មន្ត្រី​តំណាងរដ្ឋាភិបាល​កម្ពុជា​និង​តំណាង​ភាគីកូរ៉េ​​ជួបជុំគ្នានៅថ្ងៃពុធ១៨មេសានេះ​សម្ពោធការជួញដូរ​មូលបត្រ​ជាផ្លូវការ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ផ្សារ​ភាគហ៊ុន​កម្ពុជា​បាន​ចេញ​ដំណើរ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៨​មេសា​នេះ។ ចេញ​ដំណើរ​ជាមួយ​ក្រុមហ៊ុន​លក់​មូលបត្រ​តែ​មួយ​គឺ រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ។ រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​បាន​ប្រកាស​លក់​ភាគហ៊ុន​ចំនួន​១៥​ភាគរយ​នៃ​មូលធន​សរុប​របស់​ខ្លួន ដែល​ត្រូវ​ជា​១៣​លាន​ហ៊ុន ឬ​មូលបត្រ។ តម្លៃ​មក​ដល់​ទីផ្សារ​ដំបូង​របស់​រដ្ឋាករ​ទឹក​គឺ​៦៣០០រៀល​ក្នុង​មួយ​ហ៊ុន។ជាង​១​ម៉ោង​ក្រោយ​មក ហ៊ុន​នេះ​បាន​ឡើង​ដល់​៩៤០០រៀល​ក្នុង​មួយ​ហ៊ុន។

មន្ត្រី​រដ្ឋាភិបាល​​និង​មន្ត្រី​ទីផ្សារ​មូលបត្រ​ភាគី​កូរ៉េ​សុទ្ធ​តែ​ថ្លែង​កត់​សម្គាល់​ថា ថ្ងៃ​នេះ​គឺ​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​សារ​និង​គោះជួង​បើក​ផ្សារ​ភាគហ៊ុន​នេះ​ជា​ផ្លូវការ ដោយ​មាន​ប្រសាសន៍​ថា ផ្សារ​មូលបត្រ​នេះ​នឹង​ជា​កាលានុវត្តភាព​ថ្មី​ក្នុង​ការ​កៀរគរ​ទុន និង​ធនធាន​ហិរញ្ញវត្ថុ​ទាំងពីរ​គឺ​ទីផ្សារ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​យក​មក​ជំរុញ​ការ​អភិវឌ្ឍន៍​សហគ្រាស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ពិធី​សម្ពោធ​ផ្សារ​មូលបត្រ​កម្ពុជា​នៅ​ថ្ងៃ​នេះ លោក​Yoo, Jae Hoon ស្នងការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​សេវាកម្ម​ហិរញ្ញវត្ថុ​នៃ​សាធារណៈរដ្ឋ​កូរ៉េ​បាន​អត្ថាធិប្បាយ​ថា ផ្សារ​ភាគហ៊ុន​គឺ​ជា​បេះដូង​របស់​ប្រទេស​មួយ​សម្រាប់​ការ​អភិវឌ្ឍ។ ប្រទេស​មួយ​ដែល​មាន​ការ​ផ្សារ​មូលបត្រ​ជឿន​លឿន វា​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​នោះ​អោយ​ជឿនលឿន​ដែរ។

ទន្ទឹមនឹង​ការ​អបអរ​វត្តមាន​ផ្សារ​ភាគហ៊ុន​របស់​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី​គាត ឈន់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ដែល​បាន​ចាត់ទុក​ថ្ងៃ​១៨​មេសា​ជា​ថ្ងៃ​បោះជំហាន​ទៅមុខ​ដ៏​ធំ​នៃ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា បាន​អំពាវនាវ​ដល់​សហគ្រាស​សាធារណៈ​២​ទៀត គឺ​ទូរគមនាគមន៍​កម្ពូជា និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​អោយ​ស្ថាប័ន​ទាំងនេះ​រៀបចំ​និង​បោះផ្សាយ​ជួញដូរ​មូលបត្រ​អោយ​បាន​ឆាប់​ក្នុង​ពេល​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ