អានតួអត្ថបទ
កម្ពុជា

ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាងទៅ​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ប៉េកាំង

ព្រះមហាក្សត្រ​ព្រះបាទ ព្រះនរោត្តម សីហមុនី និង​សម្តេចម៉ែ មុនីនាថ សីហនុ ​បាន​យាង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ទទួល​ការ​ពិនិត្យ​ព្រះរាជ​សុខភាព ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​ប្រទេសចិន។ ព្រះអង្គ​ទាំងទាំងពីរ​អាច​គង់​នៅ​ទីក្រុង​ប៉េកាំង​រយៈពេល​២​សប្តាហ៍។

ព្រះមហាក្សត្រ និង​សម្តេចម៉ែ ពេល​យាង​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង
ព្រះមហាក្សត្រ និង​សម្តេចម៉ែ ពេល​យាង​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​បាន​បញ្ចប់​ព្រះរាជពិធី​បុណ្យ​ព្រះបរម​សព​ព្រះ​បរម​រតនកោដ្ឋ​ ព្រះ​មហាក្សត្រ ព្រះបាទ​ព្រះ​បរម​នាថ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ នរោត្តម មុនីនាថ សីហនុ ​បាន​យាង​ចាកចេញ​ពី​ប្រទេស​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ទទួល​ការ​ត្រួត​ពិនិត្យ​ព្រះរាជ​សុខភាព​ នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​ប្រទេសចិន។

លោក​គង់​ សំអុល​ រដ្ឋមន្ត្រី​ក្រសួង​ព្រះបរម​រាជវាំង ព្រះអង្គម្ចាស់​ក្សត្រិយ ​នរោត្តម អារុណរស្មី និង​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ​គឺ​ជា​អ្នក​ដង្ហែ​ព្រះអង្គ​ទាំងពីរ ​ទៅ​ដល់​ទីក្រុង​ប៉េកាំង ដែល​នៅ​ទីនោះ បើ​តាម​បន្ទូល​របស់​ព្រះអង្គ​ម្ចាស់​ធម្មិកោ ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​អាច​គង់​នៅ​រយៈ​ពេល​២​សប្តាហ៍ ដើម្បី​ការ​ពិនិត្យ​ព្រះ​រាជសុខភាព​នោះ។

នៅ​ព្រឹក​មិញ​នេះ ការ​យាង​ចាកចេញ​របស់​ព្រះ​មហាក្សត្រ និង​សម្តេច​ម៉ែ​ត្រូវ​បាន​ជូន​ដំណើរ​ដោយថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ ​រួម​មាន​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន លោក​ហេង សំរិន ប្រធាន​រដ្ឋសភា ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ ប្រធាន​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​សមាជិក​រាជវង្ស​ជាច្រើន​ទៀត។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខាធិការ​ផ្ទាល់​សម្តេចឪបាន​មានបន្ទូល​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា នេះ​ជាការ​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​ជា​លក្ខណៈ​ឯកជន ដែលជា​ធម្មតា​ត្រូវធ្វើឡើង​រៀងរាល់៦ខែម្តង ពោលគឺ ​ពីរដង​ក្នុង​មួយឆ្នាំ។ ព្រះអង្គម្ចាស់បាន​បន្ថែមថា ប្រទេស​ចិន​មាន​បច្ចេកវិទ្យា និង​បច្ចេកទេស​ខ្ពស់ក្នុងការ​ត្រួតពិនិត្យ​សុខភាព ហើយថា មន្ត្រី​រាជរដ្ឋាភិបាល​មួយចំនួន រួមទាំង​លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ក៏​ទៅទទួល​ការ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ចិន​ដែរ។

គួរ​បញ្ជាក់ថា ការ​យាង​ចាកចេញ​ទៅ​ទទួល​ការ​ពិនិត្យ​ព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ ក្រោយ​ពី​រដ្ឋាភិបាល​បាន​រៀបចំ​ពិធី​ក្រុង​ពាលី​ចាប់ផ្តើម​សាងសង់​ស្តូប និង​ព្រះបរម​រូប​សម្តេច​ឪ​ នរោត្តម សីហនុ ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ទី​២០កុម្ភៈ។ ពិធី​ដែល​ត្រូវបាន​រៀបចំ​ធ្វើ​ក្រោម​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

សំណង់​ព្រះបរម​រូប​ធ្វើ​អំពី​ស្ពាន់បែរ​ព្រះភក្រ្ត​ទៅ​ទិសខាងកើតត្រូវបាន​សម្រេច​សង់​នៅ​លើសួន​ឧទ្យាន​សាធារណៈ​ខាង​កើត​វិមាន​ឯករាជ្យ។ សំណង់​នេះ​នៅ​មិន​ឆ្ងាយ​ពី​រាជដំណាក់​ទក្សិណ​ភារុណ​ ដែល​ជា​កន្លែង​ដែល​ព្រះអង្គ​ប្រសូត្រ កាល​ពី​ថ្ងៃ​ទី​៣១​ខែ​តុលា​ឆ្នាំ​១៩២២។ ដំណាក់​ទក្សិណ​ភារុណ​​សព្វថ្ងៃ ​គឺ​ជា​ស្ថានទូត​កូរ៉េខាងជើង​​ ស្ថិតនៅ​ក្បែរ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ