ព្រះសង្ឃតស៊ូមតិលួន សូវ៉ាតទទួលពានរង្វាន់សិទ្ធិមនុស្ស នៅក្នុងប្រទេសស្វីស
បន្ទាប់ពីធ្វើការតស៊ូមតិជួយការពារសិទ្ធិជនរងគ្រោះដោយការបាត់បង់ដីធ្លី អស់រយៈពេលជាច្រើនឆ្នាំរួចមក ព្រះសង្ឃ លួន សូវ៉ាត គង់នៅក្នុងវត្តមួយ នៅខេត្តសៀមរាបទទួលបានពានរង្វាន់ស្តីពីសិទ្ធិមនុស្សពីប្រទេសស្វីស។ ព្រះសង្ឃនឹងនិមន្តទៅទទួលពានរង្វាន់នៅចុងឆ្នាំ២០១២ខាងមុខនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៩
ព្រះសង្ឃ លួន សូវ៉ាត ដែលគង់នៅក្នុងខេត្តសៀមរាបនឹងចាកចេញទៅទទួលពានរង្វាន់ស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសស្វីស នៅខែតុលាឆ្នាំ២០១២ខាងមុខនេះ។
ពានរង្វាន់របស់ប្រទេសស្វីសដែលមានឈ្មោះជាភាសាអង់គ្លេសថា Martin Ennals Award គឺជាពានរង្វាន់ដ៏សំខាន់មួយសម្រាប់ផ្តល់ជូនដល់បុគ្គលណាដែលបានចូលរួមការពារ និងលើកតម្កើងសិទ្ធិមនុស្ស។ សម្រាប់ឆ្នាំ២០១២នេះ ពានរង្វាន់ Martin Ennals Award ត្រូវបានគេប្រគល់ជូនអោយមនុស្សពីនាក់ និងស្ថាប័នមួយនៅក្នុងប្រទេសផ្សេងគ្នា។ មនុស្សទីមួយដែលត្រូវទទួលបានពានរង្វាន់នេះគឺ ព្រះសង្ឃ លួន សាវ៉ាត ជនជាតិខ្មែរ។ ព្រះសង្ឃ លួន សាវ៉ាត គឺជាព្រះសង្ឃមួយអង្គដែលបានចូលរួមចំណែកគាំទ្រជនរងគ្រោះដែលត្រូវបានអាជ្ញាធរខ្មែរបណ្តេញចេញដោយបង្ខំពីលំនៅឋានរបស់ពួកគេ។ ព្រះសង្ឃបានធ្វើការតវ៉ា និងតស៊ូមតិដោយអហិង្សាជួយជនរងគ្រោះ តាមរយៈខ្សែអាត់វីដេរអូ ចំរៀង និងកំណាព្យជាដើម។
មនុស្សទីពីគឺលោកស្រី Nasrin Sotoudeh មេធាវីជនជាតិអ៊ីរ៉ង់ដែលកំពុងជាប់ពន្ធនាគារដោយសារការឃោសនាប្រឆាំងនឹងរដ្ឋាភិបាលនិងទី៣គឺជាស្ថាប័នការពារសិទ្ធិមនុស្សនៅក្នុងប្រទេសបារ៉ែន។ The Bahrain Center for Human Rights គឺជាមជ្ឈមណ្ឌលចងក្រងឯកសារស្តីពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសបារ៉ែន។
ពិធីប្រកាសផ្តល់ពានរង្វាន់សិទ្ធិមនុស្សខ្នាតអន្តរជាតិមួយនេះនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី០២ខែតុលាឆ្នាំ២០១២នៅក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស។
ព្រះសង្ឃ លួន សាវ៉ាត ដែលជាជ័យលាភីពីប្រទេសកម្ពុជាបានមានសង្ឃដីកាប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសៅរ៍នេះថា៖«ការផ្តល់ពានរង្វាន់នេះគឺជាមោទនាភាពសម្រាប់ប្រជាជនខ្មែរនិងប្រជាជាតិខ្មែរទាំងមូល»។ ក្រៅពីទទួលបានពានរង្វាន់ជានិមិត្តរូប ព្រះសង្ឃ លួន សាវ៉ាត នឹងទទួលបានថវិកាពីម្ចាស់ពានរង្វាន់ចំនួនប្រមាណជា២ម៉ឺនដុល្លារអាមេរិកសម្រាប់ធ្វើសកម្មភាពក្នុងគម្រោងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០១២នេះ ឥស្សរជនខ្មែរចំនួនពីរនាក់ហើយដែលទទួលបានពានរង្វាន់ខាងសិទ្ធិមនុស្សខ្នាតអន្តរជាតិ។ ទីមួយគឺលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។ លោកទទួលបានពានរង្វាន់សិទ្ធិការងារពីប្រទេសន័រវែស ក្នុងខែមិថុនានេះ និងព្រះសង្ឃ លួន សូវ៉ាត ទទួលបានពានរង្វាន់សិទ្ធិមនុស្សពីប្រទេសស្វីសក្នុងខែតុលាខាងមុខនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ