អានតួអត្ថបទ
កម្ពុជា

ក្រ​សួង​​ការ​​បរទេស​​កម្ពុជា​​បដិ​សេធ​​ព័ត៌​មាន ​​ដែល​​ថា ពល​​រដ្ឋ​​ខ្មែរ​​១៥​​នាក់ ត្រូវ​​ថៃ​​បាញ់​​សម្លាប់​

ក្រោយ​ការ​ផ្ទុះ​ព័ត៌​មាន​ស្តីពី​ការបាញ់​សម្លាប់​ពល​រដ្ឋ​ខែ្មរ​ចំនួន​១៥​នាក់ ដែល​ឆ្លង​ចូល​ទៅ​ព្រំ​ដែន​ថៃ​ខុសច្បាប់​កាល​ពី​ដើម​ខែ​មីនា​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ឱ្យ​ថា គ្មាន​ការ​បញ្ជាក់​ណាមួយ​ច្បាស់​លាស់​នោះ​ទេ​ស្តី​ពី​ការ​បាញ់​សម្លាប់​ពល​រដ្ឋ​ខ្មែរ​ដែល​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​នេះ។ ប៉ុន្តែ​សង្គម​ស៊ី​វិល​វិញ បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់ និង​ជំ​រុញឱ្យ​រដ្ឋា​ភិបាល​ថៃ​បើក​ការ​ស៊ើប​អង្កេត​ពី​ករណី​បាញ់សម្លាប់​ឃោរ​ឃៅ​នេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការបរទេស​កម្ពុជា បាន​បដិសេធថា​មិនមាន​ការ​បាញ់​សម្លាប់​ព​ល​រដ្ឋ​ខ្មែរ​ចំនួន​១៥​នាក់​កាលពីដើម ខែមីនា ពី​សំណាក់​ទាហាន​ព្រំដែន​ថៃ​ដូច​ការ​ចុះផ្សាយ​ព័ត៌មាន​នោះទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក កុយ គួ​ង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក កុយ គួង​បាន​បញ្ជាក់​ដូច្នេះ៖

 
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លោក កុយ គួង ដដែល បាន​ឱ្យ​ដឹង​ថា កាល​ពី​ដើម​ខែមីនា​កន្លង​ទៅ ពិត​ជាមាន​ពលរដ្ឋ​ខ្មែរ​ចំនួន​១៥​នាក់ បាន​លួច​ចូល​ទៅក្នុង​ទឹកដី​ថៃ​ខុសច្បាប់​មែន ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ចំនួន១១នាក់ ក្នុងចំណោម១៥បានគេច​ខ្លួន​ចូលក្នុង​ដី​ខ្មែរ​វិញ ហើយ ៤នាក់​ផ្សេងទៀត​ត្រូវបាន​ទាហាន​ថៃ​ចាប់បាន និង​បាន​ដោះ​លែងរួច​អស់ហើយ។ ទាក់ទង​នឹង​ការឆ្លើយបំភ្លឺ​ពី​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នេះដែរ ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ក៏បាន​ឆ្លើយ​បដិសេធ​ចំពោះ​ព័ត៌មាន​ស្តីពី​ការ​បាញ់​សម្លាប់​នេះ។ នេះ​បើតាម​លោក កុយ​គួង​ដដែល។ លោក កុយ គួ​ង បាន​សង្កត់ធ្ងន់ថា “ប្រសិនបើ​គ្រាន់តែ​ខ្មែរ​ចូលក្នុង​ទឺ​កដី​ថៃ​ខុសច្បាប ឬ​កាប់​ឈើ​ខុសច្បាប់​ត្រូវបាន​ទាហាន​ថៃ​បាញ់សម្លាប់​នោះ គឺ​ពលរដ្ឋ​ខ្មែរ​ស្លាប់​មិនតិច​នោះទេ។

ការ​ថ្លែង​បដិ​សេធ​របស់​ក្រសួង​ការបរទេស​កម្ពុ​ជា​បែបនេះ គឺ​បន្ទាប់ពី​មាន​សារព័ត៌មាន ក្នុងស្រុក និង​អន្តរជាតិ​កាលពីពេលថ្មីៗនេះ បាន​ចុះផ្សាយ​ពី​ការបាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ចំនួន១៥នាក់ កាលពីដើម​ខែមីនា​កន្ល​ង​ទៅនេះ។ ជាការ​ចុះផ្សាយ​ព័ត៌មាន​ដោយ​ផ្អែកលើ​សាក្សី​ដែលជា​យោធា​នៅ​តំបន់​ព្រំដែន​ខ្មែរ-ថៃ ក្នុង​ខែត្រ​ព្រះវិហារ។ សូមបញ្ជាក់ថា ទាក់ទង​នឹង​ការបាញ់សម្លាប់​ពលរដ្ឋ​ខែ្មរ​នេះ មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា កាលពី​ថ្ងៃទី១៧ មីនា បាន​សរសេ​លិខិត​ចំហរ​មួយ​ផ្ញើរ​ទៅកាន់​នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រី​យ៉ី​ង​ឡាក់ ដើម្បី​អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត និង​បញ្ឈប់​ការបាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​ចូលទៅ​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​ទឹកដី​ថៃ។

យ៉ាង​ណា​ក៏​ដោយ ព័ត៌មាន​ស្តីពី​ការ​បាញ់​ប្រហារ​របស់​ទា​ហាន​ថៃ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ចូល​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ​ខុសច្បាប់ គឺ​នៅតែ​បន្ត​កើត​មាន​ជា​រឿយ​ៗ។ លោក កុយ គួង ក៏បាន​ទទួល​ស្គាល់​ថា នៅ​ត្រឹម​ឆ្នាំ​២០១៣ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​១៣​នាក់​ត្រូវបាន​ទាហាន​ថៃ​បាញ់​ស្លាប់​ដោយ​សារ​ការចូល​កាប់​ឈើ​ខុសច្បាប់។ តួរ​លេខ​របស់​រដ្ឋាភិបាល​នៃ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​គឺជា​តួរ​លេខ​មួយ ប៉ុន្តែ​សង្គម​ស៊ីវិល​វិញ មាន​តួរ​លេខ​ផ្សេង​ពីនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ