ទស្សនៈ«ត្រីងៀតឆ្លៀតពង»ជាបញ្ញើក្អែកធ្វើឲ្យរដ្ឋក្រីក្រ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០១
នៅក្នុងសង្គមកម្ពុជា មនុស្សជាទូទៅ រាប់តាំងពីប្រជាពលរដ្ឋសាមញ្ញរហូតដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ហាក់ដូចជាកំពុងដិតដាមដោយទស្សនៈ«ត្រីងៀតឆ្លៀតពង» ពោលគឺឲ្យតែមានឱកាស ម្នាក់ៗនឹងឆ្លៀតរកផលចំណេញដាក់ហោប៉ៅជាមិនខាន។ ទស្សនៈនេះបានធ្វើឲ្យមនុស្សគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនកាន់តែខ្លាំងឡើងៗ និងក៏ជាអំណោយផលដល់អំពើពុករលួយផងដែរ។ ទស្សនៈ«ត្រីងៀតឆ្លៀតពង»បានធ្វើឲ្យរដ្ឋក្រីក្រប្រៀបបាននឹងរុក្ខជាតិដែលរួបរឹតដោយបញ្ញើក្អែក ។ តើគេគួរបណ្តោយស្ថានភាពនេះឲ្យអូសបន្លាយទៅមុខទៀតឬទេ?
នៅក្នុងសង្គមខ្មែរមានឧទាហរណ៍ច្រើនយ៉ាងណាស់ដែលបង្ហាញថា មនុស្សហាក់ដូចជារង់ចាំតែឱកាសដើម្បីរកផលចំណេញដាក់ហោប៉ៅផ្ទាល់ខ្លួន។ ទស្សនៈ«ត្រីងៀតឆ្លៀតពង» ឬក៏«មាន់ដែលពងលើស្រូវតែងតែស៊ីគ្រាប់ស្រូវ»បានចាក់ឫសកាន់តែជ្រៅទៅក្នុងផ្នត់គំនិតពលរដ្ឋខ្មែរជាពិសេសនៅក្នុងសម័យកាលសម្ភារៈនិយមដូចជាបច្ចុប្បន្ននេះ។ ទស្សនៈនេះបានដិតដាមទាំងនៅក្នុងចំណោមពលរដ្ឋសាមញ្ញរហូតដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។
ជាក់ស្តែង នៅរដូវបុណ្យទានម្តងៗ អ្នកលក់ដូរនៅតាមរមណីយដ្ឋានតែងតែឆ្លៀតកោរភ្ញៀវនៅពេលដែលមានអថិជនច្រើនសម្រុកប្រើប្រាស់សេវាកម្មរបស់ខ្លួន។ អ្នករត់រថយន្តឈ្មួលនិងអាជីវករផ្សេងទៀតក៏តែងឆ្លៀតឱកាសដើម្បីដំឡើងថ្លៃសេវាកម្មនិងទំនិញរបស់ខ្លួននៅ ពេលដែលមានមនុស្សច្រើននាំគ្នាជិះរថយន្ត និងទិញទំនិញចាំបាច់មួយចំនួន។ នៅក្នុងរដ្ឋបាលសាធារណៈវិញ មន្ត្រីរាជការ ឬអាជ្ញាធរមូលដ្ឋានតែងតែឆ្លៀតរកកម្រៃពីតួនាទីរបស់ខ្លួនតាមដែលអាចធ្វើទៅបាន ពោលគឺអ្នកកាន់ការអ្វីឆ្លៀតរកកម្រៃពីការងារនោះតាមលទ្ធភាពដែលអាចទៅរួចតាមរបៀប«តូចស៊ីតាមតូច ធំស៊ីតាមធំ»។
អ្នកខ្លះឆ្លៀតរកកម្រៃខាងក្រៅបន្តិចបន្តួចដើម្បីតែបង្គ្រប់ជីវភាព ប៉ុន្តែ អ្នកខ្លះទៀតឆ្លៀតទាញ យកផលប្រយោជន៍ពីតួណាទីដើម្បីបំពេញភាពមានបានមិនចេះឆ្អែតឆ្អន់របស់ខ្លួន។ នេះសបញ្ជាក់ថា ការឆ្លៀតឱកាសរកកម្រៃពីតួនាទីដើម្បីប្រយោជន៍ផ្ទាល់ខ្លួនមិនមែនគ្រាន់តែដើម្បីបង្គ្រប់ជីវភាពប៉ុណ្ណោះទេ តែវាជាទម្លាប់ទូទៅមួយទៅហើយ។ នៅពេលគេនិយាយពីមន្ត្រីរាជការ គេមិនដែលសួរអំពីប្រាក់ខែឡើយ តែគេច្រើនតែសួរថា តើការងារនោះរកប្រាក់បានច្រើនឬទេ? រកប្រាក់បានឬមិនបានអាស្រ័យទៅលើការងារនោះ«ចំកន្លែងខ្លាញ់»ឬក៏អត់? មានន័យថា អ្នកធ្វើការចំកន្លែងលុយអាចអាចក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។ បញ្ហានេះមិនពិបាកមើលទេពីព្រោះជាទូទៅ ទ្រព្យសម្បត្តិទាំង នោះត្រូវបានគេ សម្ញែង ដោយមិនលាក់លៀមឡើយ។
ជាការពិតណាស់ បើនិយាយពីជំនួញ ការឆ្លៀតឱកាសដើម្បីរកផលចំណេញមិនមែនជារឿងអ្វីចម្លែកទេនៅក្នុងសង្គមទីផ្សារសេរី។ ជាទូទៅមនុស្សដែលចេះក្តាប់ឱកាស និងចេះប្រើប្រាស់ឱកាសមិនខុសឡើយពីព្រោះឱកាសល្អមិនមែនមានគ្រប់ពេលនោះទេ។ ដូច្នេះ នៅពេលដែលឱកាសល្អហុចឲ្យគេមិនគួរនឹងបណ្តោយឲ្យឱកាសនោះកន្លងផុតទៅឡើយ។ ប៉ុន្តែ ការឆ្លៀតឱកាសមិនគួរនឹងធ្វើឡើងដើម្បីកេងចំណេញទៅលើអ្នកដទៃក្នុងកាលៈទេសៈដ៏លំបាកណាមួយឬធ្វើឲ្យខូចប្រយោជន៍សង្គមនោះឡើយ។
អ្នកបម្រើការនៅក្នុងរដ្ឋបាលសាធារណៈរឹតតែត្រូវចៀសវាងឲ្យផុតពីការកេងរកប្រយោជន៍ពី
តួនាទីរបស់ខ្លួនពីព្រោះអ្នកទាំងនោះធ្វើការបម្រើជាតិនិងបានទទួលប្រាក់ខែពីរដ្ឋ។ ប្រសិនបើពួកគេគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដោយទុកប្រយោជន៍ប្រទេសជាតិមួយឡែកគឺជារឿងធ្ងន់ធ្ងរ។ ប៉ុន្តែ ទស្សនៈ«ត្រីងៀតឆ្លៀតពង»ឬ«មាន់ពងលើស្រូវតែងតែស៊ីស្រូវ»បានក្លាយជារនាំងបិទបាំងអំពើពុករលួយ និងបានធ្វើឲ្យមនុស្សជាច្រើនភ្លេចគិតពីការខ្មាសអៀននៅពេលដែលពួកគេបិចបោចប្រយោជន៍ជាតិដើម្បីបំប៉នប្រយោជន៍ផ្ទាល់ខ្លួន។ ជាផលវិបាក នៅកម្ពុជា រដ្ឋគ្មានថវិកាតែមន្ត្រីហឺហារជាងប្រទេសអ្នកមានទៅទៀត។
ដូច្នេះ ដើម្បីធ្វើឲ្យប្រទេសចាកចេញពីភាពក្រីក្របានឆាប់រហ័ស ការកែតម្រូវរបៀបគ្រប់គ្រង និងកែទស្សនៈខុសឆ្គងមួយចំនួនគួរតែចាប់ផ្តើមពីពេលនេះទៅដោយមិនអាចបង្អង់បានឡើយ។ ជាបឋម រដ្ឋត្រូវធានាថា មន្ត្រីរាជការ គ្រូបង្រៀន ប៉ូលិសទាហាន ត្រូវតែមានប្រាក់ខែសមរម្យដែលអនុញ្ញាតឲ្យពួកគេរស់ដោយថ្នៃថ្នូរបាន។ ប៉ុន្តែ ការដំឡើងប្រាក់ខែតែមួយមុខក៏មិនគ្រប់គ្រាន់ដែរពីព្រោះមានមនុស្សច្រើនណាស់មិនមែនប្រព្រឹត្តអំពើពុករលួយដើម្បីតែជីវភាពប៉ុណ្ណោះ
ទេ តែគឺដើម្បីបំពេញការលោភលន់គ្មានព្រំដែនរបស់ខ្លួនមិនចេះស្កប់ស្កល់។
ក្នុងបរិបទនេះ ការអនុវត្តច្បាប់តឹងរ៉ឹងជាកិច្ចការដ៏សំខាន់មួយទៀត។ បន្ទាប់មកទៀត មនុស្សខ្មែរជាពិសេសមន្ត្រីរាជការដែលធ្វើការបម្រើជាតិត្រូវនាំគ្នាផ្លាស់ប្តូរទស្សនៈកេងចំណេញពីរដ្ឋ
ឲ្យទៅជាអ្នកចូលរួមចំណែកជួយរដ្ឋនិងជួយសង្គមជាតិវិញបើមិនដូច្នោះទេសេដ្ឋកិច្ចកម្ពុជានឹង
មានវាសនាមិនខុសពីរុក្ខជាតិមួយដើមដែលរួបរឹតដោយបញ្ញើក្អែកយ៉ាងជុំជិតនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ