អានតួអត្ថបទ
កម្ពុជា

លោក​គង់ គាំ​បរាជ័យ​ក្នុង​ការ​សុំជួប​លោក​ជា ស៊ីម

លោក​គង់ គាំ ប្រធាន​ស្តី​ទី​គណបក្ស​សម រង្ស៊ី បាន​ស្នើ​សុំ​ជួប​លោក​ជា ស៊ីម​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង ក្នុង​គោលបំណង​សួរសុខទុក្ខ​អំពី​សុខភាព​​របស់​លោក។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​បដិសេធ​ ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​ខុទ្ទកាល័យ​របស់​លោក​ជា ស៊ីម។

លោក គង់ គាំ ប្រធាន​ស្តីទី​គណបក្ស​សមរង្ស៊ី
លោក គង់ គាំ ប្រធាន​ស្តីទី​គណបក្ស​សមរង្ស៊ី ©Channa/rfi
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ទី​ចន្ទ​ទី​២០​សីហា​ម្សិលមិញ នាយ​ខុទ្ទកាល័យ​ប្រធាន​ព្រឹទ្ធសភា គឺ​លោក ម៉ម សារិន​បាន​ធ្វើ​លិខិត​ឆ្លើយ​តប​ជា​អវិជ្ជមាន​ចំពោះ​សំណើ​របស់​លោក​គង់ គាំ ប្រធាន​ស្តីទី​គណបក្ស​សម រង្ស៊ី ដែល​ស្នើសុំ​ដឹកនាំ​ប្រតិភូ​គណបក្ស​៥​នាក់​ ដើម្បី​ជួប​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា។

សំណើ​របស់​លោក​គង់ គាំ ​ដែល​ត្រូវ​បាន​សរសេរ​នៅ​លើ​លិខិត​មួយ​នោះ បញ្ជាក់​អំពី​គោលបំណង​នៃ​ការសុំ​ជួប​​​នេះថា​ ដើម្បី​សួរសុខទុក្ខ​អំពី​ស្ថានភាព​សុខភាព​របស់​លោក​ជា ស៊ីម។ ប៉ុន្តែ​លិខិត​ឆ្លើយ​តប​ពី​នាយខុទ្ទកាល័យ​ប្រធាន​ព្រឹទ្ធសភា​នោះ​បាន​សរសេរ​ថា លោក ជា ស៊ីម មិន​អាច​ទទួល​ជួប​លោក គង់ គាំ និង​ប្រតិភូ​គណបក្ស​សម រង្ស៊ី​បាន​ឡើយ ដោយសារ​តែ​លោក​ប្រធាន​ព្រឹទ្ធសភា​ជាប់​រវល់​នឹង​ការងារ​ច្រើន។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ លោក​គង់ គាំ​មាន​ប្រសាសន៍​ថា លោក​បាន​អស់​ចិត្ត​ហើយ​ បើទោះជា​សំណើ​របស់​លោក​ត្រូវ​បាន​បដិសេធ​យ៉ាងនេះ​ក៏​ដោយ។ លោក​គង់ គាំ​បញ្ជាក់​ថា ការ​ឆ្លើយតប​ពី​ខុទ្ទកាល័យ​របស់​លោក​ជា ស៊ីម​យ៉ាង​នេះ​ក៏​បាន​បង្ហាញ​អំពី​សុខភាព​របស់​ប្រធាន​ព្រឹទ្ធសភា​ ដែល​លោក​ចង់​ដឹង​នោះ​ដែរ។

លោក​គង់ គាំ បាន​ច្រានចោល​នូវ​មតិសង្ស័យ​ខ្លះ ដែល​​ថា សំណើ​របស់​ប្រតិភូ​ជាន់ខ្ពស់​របស់​គណបក្ស​សម រង្ស៊ី​ សុំ​ជួប​លោក ជា ស៊ីម ​អាច​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ ពិសេស​ បញ្ហា​ពិរុទ្ធភាព​របស់​លោក​សម រង្ស៊ី​។ ចំពោះ​លោក​គង់ គាំ បំណង​ជួប​ជាមួយ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មាន​តែ​ការ​សួរសុខទុក្ខ​អំពី​សុខភាព​របស់​លោក​តែ​ប៉ុណ្ណោះ។

គួរ​រម្លឹក​ថា កាល​ពី​ដើម​ឆ្នាំ​២០១២​នេះ នៅក្រោយ​ការ​បោះឆ្នោត​ព្រឹទ្ធសភា លោក​គង់ គាំ​ធា្លប់បាន​​សរសេរ​លិខិត​​សុំ​ជួប​លោក ជា ស៊ីម ​ដើម្បី​ចរចា​អំពី​ការ​បែងចែក​ការ​ទទួល​ខុសត្រូវ​នៅ​ក្នុង​ព្រឹទ្ធសភា ប៉ុន្តែ​សំណើនោះ​​ក៏​ត្រូវ​បាន​ច្រានចោល​ដូចគ្នា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ