អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ចិន និង​អាមេរិក​ក្រោម​អាណត្តិ​ប្រធានាធិបតី​អូបាម៉ា(Obama)

ចុះផ្សាយ​នៅ​ថ្ងៃ៖

ហ្សង់-ហ្វ្រង់ស័រ តាន់​សូម​បន្ត​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ចិន​ត​ទៅ​ទៀត ដោយ​សូម​បន្ត​លើក​ឡើង​អំពី​ទំនាក់​ទំនង​រវាង​ចិន​និងសហរដ្ឋអាមេរិក។ នយោបាយ ​ការបរទេស​របស់​សហរដ្ឋអាមេរិក​ក្រោមការ​គ្រប់គ្រង​របស់​អូបាម៉ា នៅ​ចំពោះ​មុខ​ប្រទេស​ចិន​បាន​ឆ្លង​កាត់​ពីរ​ដំណាក់កាល ពី​ឆ្នាំ​២០០៩​មក​ទល់​សព្វ​ថ្ងៃ។ រហូត​ដល់​ដើម​ឆ្នាំ​២០១០ សេតវិមាន​បាន​ប្រកាស​អួតអាង​ថា ខ្លួន​ចាប់​ផ្តើម​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​ ប្រទេស​ចិន​មាន​លក្ខណៈ​ស្ថាបនា និង​ស្ងប់​ល្អ។ ក៏​ប៉ុន្តែ បន្តិច​ម្តង​ៗ ទាំង​សហរដ្ឋអាមេរិក ទាំង​ប្រទេស​ចិន បាន​និង​កំពុង​បន្ត​ដំឡើង​សំឡេង​ដាក់​គ្នា​ពីព្រោះ​ ចង់​ឬ​មិន​ចង់ មហា​អំណាច​ទាំង​ពីរ​ដែល​មាន​ប្រយោជន៍​ខ្វែង​គ្នា ជា​គូ​ប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ។

ប្រធានាធិបតី​អាមេរិក​អូបាម៉ា ជាមួយ​ប្រធានាធិបតី​ចិន ហ៊ូ ចិនតាវក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង នៅខែ​វិច្ឆិកា ឆ្នាំ ២០០៩
ប្រធានាធិបតី​អាមេរិក​អូបាម៉ា ជាមួយ​ប្រធានាធិបតី​ចិន ហ៊ូ ចិនតាវក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង នៅខែ​វិច្ឆិកា ឆ្នាំ ២០០៩ ©Reuters
ផ្សាយពាណិជ្ជកម្ម

រហូត​ដល់​ដើម​ឆ្នាំ​២០១០ រដ្ឋការ​អូបាម៉ា​បាន​ខ្នះខ្នែងយក​ចិត្ត​ទីក្រុងប៉េកាំង  ពីព្រោះ​ខុស​ផ្ទុយ​ពី​លោក​ប៊ូស​ ដែល​មាន​ជំហរ​ឯកតោ​ភាគី​និយម លោក​អូបាម៉ា យល់​ឃើញ​ថា ពិភពលោក​សព្វថ្ងៃ​ ជាពិភពលោក​ពហុប៉ូល ហើយ​ចង់​ឬ​មិន​ចង់ ចិន​ជា​មហាអំណាច​នៃ​ប៉ូល​មួយ​ស្រេច​បាត់​ទៅ​ហើយ។ នៅ​ក្នុង​បរិបទ​នេះ អាមេរិក​គ្មាន​ជម្រើស​អ្វី​ផ្សេងក្រៅតែ​ពី​ទទួល​ស្គាល់​តួនាទីដ៏​សំខាន់​របស់​ចិន​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​គឺ​នៅ​ក្នុង​បរិបទ​នេះ​ឯង ដែល​គេ​ចាប់​ផ្តើម​ឮ​ល្ហិចល្ហៀង​ថា ទីក្រុងវ៉ាស៊ីនតោន និង​ទីក្រុងប៉េកាំង​អាច​នឹង​បង្កើត​ជំនួប​កំពូល​ទ្វេ​ភាគី​G2 មួយ​ឡើង​ទៀត​ផង។

 
ក៏​ប៉ុន្តែ នៅ​ក្នុង​ឆ្នាំ​២០១០​ដដែល​នោះ បន្តិច​ម្តងៗ ស្រាប់​តែ​អាមេរិក​ប្តូរ​ឥរិយាបថ។ ជាក់ស្តែង លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកHillary Clinton បាន​ប្រកាស​គាំទ្រ​ក្រុមហ៊ុន​Google ដែល​កាលណោះ​កំពុង​មាន​ទំនាស់​ខ្លាំង​ជាមួយ​អាជ្ញាធរ​ចិន។ ជាក់ស្តែង​ដែរ អាមេរិក​បាន​សម្រេច​លក់​អាវុធ​តម្លៃ ជា​សរុប​ជាង​៦​ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ហើយ​លោក​អូបាម៉ាថែមទាំង​ទទួល​ជួប​ជាមួយ​សម្តេច​សង្ឃ​Dalaï Lama ​ទៀត​ផង។
 
តាម​ពិត ការដែល​អាមេរិក​ចាប់ផ្តើម​កាចដាក់​​ប្រទេស​ចិន​វិញនេះ​ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ។ អ្នកដឹកនាំ​កំពូលៗ​របស់​សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​គុំ​ទីក្រុង​ប៉េកាំង និង​ចាប់​ផ្តើម​លែង​ទុក​ចិត្ត​ទីក្រុង​ប៉េកាំង។ មូលហេតុ​មាន​ច្រើន​យ៉ាង។
 
ម្យ៉ាង គឺ​មក​ពី​លោក​អូបាម៉ា​អន់​ចិត្ត​ខ្លាំង ដោយ​ហេតុ​ថា កាល​ដែល​លោក​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសចិន ក្នុងខែ​វិច្ឆិកា​ឆ្នាំ២០០៩​ ថ្នាក់​ដឹកនាំ​ចិន​រារាំង​មិន​ឲ្យ​លោក​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​មួយ​ចំនួន ដែល​សេតវិមាន​បាន​ដាក់​ពាក្យ​ជា​មុន សុំ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិកាំង​ទៅ​បំពេញ​ទស្សនកិច្ច។
 
មូលហេតុ​ម្យ៉ាង​ទៀត ដែល​ធ្វើ​ឲ្យ​លោក​អូបាម៉ា​មិន​ពេញចិត្ត គឺ​ឥរិយាបថ​របស់​ប្រទេស​ចិន នៅ​ក្នុង​ជំនួប​កំពូល ​ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​Copenhagueក្នុងឆ្នាំ២០០៩។ កាលនោះ លោក​នាយក​រដ្ឋមន្ត្រី​ចិន​វេន យ៉ាបៅ(Wen Jiabao) មាន​វត្តមាន​នៅ​ទីក្រុង​Copenhague​មែន​ពិត តែ​បាន​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូបឲ្យ​មក​ចូល​រួម​ជំនួស​លោក ក្នុង​អង្គ​ប្រជុំ​សំខាន់ៗ​ដែល​មាន​សុទ្ធ​តែ​ប្រមុខ​រដ្ឋឬ​ប្រមុខ​រដ្ឋាភិបាល។
 
រីឯ​មូលហេតុ​ចុង​ក្រោយ​ និង​សំខាន់​ជាង​គេ​ដែល​ធ្វើ​ឲ្យ​លោក​អូបាម៉ា​មិន​ពេញ​ចិត្ត គឺ​ចិន​បន្ត​គាំទ្រ​ប្រទេសអៀរ៉ង់ ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ។
 
រហូត​ដល់​ដើម​ឆ្នាំ​២០១០ លោក​ប្រធានាធិបតី​អាមេរិក បាន​ពង្រឹង និង​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​ទីក្រុងប៉េកាំង បាន​សុខ​ចិត្ត​បិទ​ភ្នែក នៅ​ចំពោះ​មុខ​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន និង​នៅ​ចំពោះ​មុខ​នយោបាយ​វាយ​បង្ក្រាប​ទៅ​លើ​ជនជាតិអ៊ុយហ្គូរ​(Ouïgours) ព្រម​ទាំង​ទៅ​លើ​ជនជាតិ​ទីបេ(Tibet)។ ដោយ​ឡែក​ លោក​អូបាម៉ា ថែម​ទាំង​បាន​យល់ព្រម​ផ្តើម​កិច្ចសន្ទនា​ជាមួយភូមា​ដែល​ជា​ប្រទេស​មិត្ត​របស់​ចិន​ទៀត​ផង។ ជា​ថ្នូរ​វិញ លោកអូបាម៉ា​ចង់​ឲ្យ​ចិន​ជួយ​គាំទ្រ ការ​បង្កើន​ទណ្ឌកម្ម​អន្តរជាតិ​ទៅ​លើ​ប្រទេស​អៀរ៉ង់។ តែ​សម្រេចសម្រួច​ទៅ​ ចិន​ធ្វើ​មិន​ដឹង មិន​ព្រម​ធ្វើ​សម្បទាន។
 
មែនទែន​ទៅ ទាំង​អូបាម៉ា ទាំង​ថ្នាក់ដឹកនាំ​ចិន គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ពង្រឹង​គោល​ជំហរ របស់​ប្រទេស​គេរៀងៗខ្លួន ពីព្រោះ​មហា​អំណាច​ទាំង​ពីរ​មាន​ប្រយោជន៍​ខ្វែង​គ្នា ជា​គូប្រជែង​នឹង​គ្នា ​នៅ​លើ​ឆាក​អន្តរជាតិ។
 
នៅ​ក្នុង​ន័យ​នេះ ​សំណុំរឿង​ប្រទេស​ចិន​ក្នុង​នាម​ជា​មហាអំណាច​យោធាត្រូវ​បាន​គេ​លើក​ឡើង​ជាថ្មី នៅចុងឆ្នាំ២០០៩។ អ្នក​ដែល​បាន​និយាយ​ពី​បញ្ហា​នេះ​មុន​គេ គឺ​វិជ្ជាស្ថាន​សិក្សា​យុទ្ធសាស្រ្ត​អន្តរជាតិ​(IISS) នៅ​ទីក្រុងឡុងដ៏(​Londres)​ប្រទេស​អង់គ្លេស ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍​ឆ្នាំ​២០០៩​របស់​ខ្លួន។ បន្ទាប់​មក នៅចុងឆ្នាំ២០០៩ដដែលនោះ ដល់​វេន​ក្រសួង​ស៊ើបការ​សម្ងាត់​អាមេរិក​វិញ​ម្តង ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ។ របាយការណ៍​ដែល​គូស​បញ្ជាក់​ថា ចិន​ជា​ប្រទេស​ដែល​អាច​នឹង​គំរាម​ផល​ប្រយោជន៍​អាមេរិក​ខ្លាំង​ជាង​គេ។ ពីរបី​ថ្ងៃ​ក្រោយមក លោក​Robert Gates រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ផ្ទាល់​តែ​ម្តង បាន​អះអាង​ថា មិនយូរ​មិនឆាប់ កងទ័ព​ជើងទឹក និង​ជើងអាកាសរបស់​អាមេរិក នៅ​តំបន់​ប៉ាស៊ីហ្វិក​(Pacifique) នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ពីសំណាក់​ប្រទេស​ចិន​ជា​មិន​ខាន​ឡើយ។
 
រីឯចិនវិញ ​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​ថា អាមេរិក​ដែល​នៅ​តែ​មាន​គំនិត​ចាស់​គំរឹល​បន្សល់​មក​ពី​សម័យ​សង្គ្រាម​ត្រជាក់ ចេះ​តែ​និយាយ​បង្អើល និង​បំផ្លើស ឲ្យ​ពិភពលោក​ខ្លាច​ប្រទេស​ចិន។
 
តាមពិត ថវិកា​យោធា​នៃ​ប្រទេស​ចិន​កើន​ឡើង ជា​លំដាប់​មែន ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ទីក្រុង​ប៉េកាំង​មាន​គោលដៅ​សំខាន់ៗ​បី តាមរយៈ​ទំនើបកម្ម និង​ការអភិវឌ្ឍន៍​វិស័យ​យោធា​របស់​ខ្លួន។ ទីមួយ គឺ​បង្ការកុំ​អោយ​ប្រទេស​មហា​អំណាច​ ដូចយ៉ាង សហរដ្ឋ​អាមេរិក រុស្ស៊ី ឬ ក៏​ឥណ្ឌា វាយ​ប្រហារ​មក​លើ​ប្រទេស​ចិន។ ទីពីរ គឺ​ការពារ​ព្រំដែន​នៃ​ប្រទេស។ ទីបី គឺ ទប់ទល់នឹង​ពួក​ផ្តាច់ទឹកដី​និយម នៅ​ក្នុង​ប្រទេស ដូចជា​នៅ​ទីបេ និង​ស៊ីងជាំង​ជាដើម។
 
មាន​គោលដៅ​មួយ​ទៀត ដែល​របប​ទីក្រុង​ប៉េកាំង​ខ្លួនឯង​មិន​ដែល​និយាយ និង​មិន​ដែល​ទទួល​ស្គាល់ គឺ​ចិន​មាន​មហិច្ឆតា ចង់​ធ្វើ​អោយ​ជញ្ជីង​តុល្យភាព​ពិភពលោក ជា​ពិសេស ជញ្ជីង​តុល្យភាព​នៃ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ឈប់​ផ្អៀង​ទៅ​ខាង​សហរដ្ឋ​អាមេរិក​ខ្លាំង​ពេក។
ទាល់​តែ​មាន​កងទ័ព​ខ្លាំង បំពាក់​ទៅ​ដោយ​សព្វាវុធ​ទំនើប ជា​ពិសេស​ខាងជើង​អាកាស​និង​ខាង​ជើងទឹក ទើប​ប្រទេស​ចិន​អាច​ដាក់​គំនាប​ទៅ​លើ​អាមេរិក​បាន ឧទាហរណ៍ នៅ​ក្នុង​ដំណោះស្រាយ​នៃ​កោះ​តៃវ៉ាន់​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ