អានតួអត្ថបទ
ចិន

ស្ថានីយ៍​យាន​អវកាស​លើក​ទីមួយ​របស់​ចិន

ប្រទេស​ចិន​នឹង​បាញ់​បង្ហោះ​យាន​អវកាសមួយ​ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ​ ចេញ​ពីតំបន់​វាលខ្សាច់​មួយ​ដែល​ស្ថិតនៅ​ភាគពាយ័ព្យ​ប្រទេស។ យាន​អវកាស​គ្មាន​មនុស្ស​បើក ឈ្មោះ វិមាន​អាកាស ​នឹង​ទៅ​បោះទីតាំង​មុនគេ​ ក្នុង​គំរោង​សាងសង់​ស្ថានីយ៍​យាន​អវកាស ចិន ដែល​នឹង​ចេញជារូបរាង នៅ​ឆ្នាំ ២០២០។

ទាហាន​ចិន​ឈរ​យាម​កន្លែង​ដែល​យាន​អវកាសចិនទម្ងន់ ៨​តោន ​​ត្រូវ​បាញ់​បង្ហោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៨ កញ្ញា
ទាហាន​ចិន​ឈរ​យាម​កន្លែង​ដែល​យាន​អវកាសចិនទម្ងន់ ៨​តោន ​​ត្រូវ​បាញ់​បង្ហោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៨ កញ្ញា ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ចិន​ប្រជាមានិត​ចាប់ផ្តើម​អភិវឌ្ឍ​បច្ចេកវិទ្យា​ផ្នែកអវកាស​របស់ខ្លួន តាំងពីឆ្នាំ ១៩៩០។ ជា​បន្តបន្ទាប់ ចិន​បាន​សាកល្បង​បញ្ជូន​យាន​របស់ខ្លួន ទៅក្នុង​អវកាស។ នៅឆ្នាំ ២០០៣ ចិន​បាន​សម្រេច​ជោគជ័យ​ក្នុង​ការបញ្ចូន​យាន​អវកាស​ដែល​មាន​ដឹក​អ្នកបើកបរ​បី​នាក់។ ក្នុង​មួយ ទសវត្សរ៍​ចុងក្រោយនេះ ចិន​បាន​បញ្ជូន​ជា​ទៀងទាត់ គឺ​រាល់​ពីរឆ្នាំ​ម្តង ​អវកាស​យានិក​របស់ខ្លួន ទៅក្នុង​អវកាស។
 
ចិន​អភិវឌ្ឍ​ផ្នែកអវកាសវិទ្យា​របស់ខ្លួន​ដោយ​បាន​ចំណាយ​ប្រមាណ ជាង ២ពាន់ ៥​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ លើ​ផ្នែក​នេះ។ គម្រោង​របស់ចិនលើ ផ្នែកអវកាសនេះ មាន​តម្លៃ​តិចតួច បើប្រៀបធៀប​នឹង​រុស្ស៊ី ដែល​ឈានមុខ​គេខាងផ្នែកអវកាស និង​ប្រទេស​អាមេរិក ដែល​មាន​ថវិកា​សម្រាប់​ផ្នែកនេះ ដល់​ទៅ ៣២ពាន់​លាន​ដុល្លារ។ ប៉ុន្តែ ចិន​ធ្វើ​ដំណើរ​យឺត​ដូច​អណ្តើក​វារ ប៉ុន្តែ ថេរ និង​បោះជំហាន​ទៅមុខ​ដោយ​ប្រសិទ្ធិភាព។ ការបាញ់​បង្ហោះ​យានអវកាស​គ្មាន​មនុស្ស​បើក ឈ្មោះ​វិមាន​អាកាស នៅថ្ងៃ​ស្អែក​ជា​ឧទាហរណ៍​ស្រាប់។
 
យានអវកាស”វិមាន​អាកាស” នឹង​ទៅហោះ​អណ្តែត​ជុំវិញ​ផែនដី រយៈពេល​ពីរឆ្នាំ ដើម្បី​ទៅ​រង់ចាំ​ទទួល​ភ្ជាប់​យានអវកាស​បី​ផ្សេង​ទៀត ដែល​ចិន​នឹង​បាញ់បង្ហោះ​ចាប់ពីឆ្នាំ ក្រោយទៅ។ យាន​អវកាស​ដែល​មាន​ផ្ទុក​អវកាសយានិក​បីនាក់ នឹង​ចេញ​ដំណើរ​នៅឆ្នាំ ២០១២ ចំណែក​យាន​សម្រាប់​ធ្វើ​ពិសោធន៍ ស្រាវជ្រាវ​ពិភព​អវកាស នឹង​បាញ់បង្ហោះ នៅមុន ឆ្នាំ ២០១៦ ដើម្បី​ទៅ​ពង្រីក​ស្ថានីយ៍យាន​អវកាស។
 
នៅ ៤០​ឆ្នាំ ក្រោយ​ដែល​រុស្ស៊ី និង​អាមេរិក បាន​សម្រេច​បញ្ជូន​មនុស្ស​របស់ខ្លួន​ទៅ​ដល់​ឋាន​ព្រះចន្ទ និង​បង្កើត​ស្ថានីយ៍​យានអវកាស​ក្នុងទសវត្សរ៍​ទី ៦០ ចិន​ទើប​សម្រេច​ជោគជ័យ​បច្ចេកវិទ្យា​ផ្នែកអវកាស​របស់​ខ្លួន។ ចិន​បាន​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​អាច​ រៀនសូត្រ​ ដកស្រង់​បច្ចេកវិទ្យា ដែល​ពីមុន​ជា​រុស្ស៊ី។
 
ក្នុង​ពេល​អនាគត​ខាងមុខ ចិន​នឹង​មាន​ស្ថានីយ៍​អវកាស​ផ្ទាល់ខ្លួន ជាលើកទីមួយ ក្នុង​ប្រវត្តិសាស្រ្ត​របស់ខ្លួន ដែល​នឹង​ធ្វើ​ឲ្យ​ចិន​ឈរ​នៅចំណាត់​ថ្នាក់​លេខ​បី បន្ទាប់ពី​រុស្ស៊ី និង​អាមេរិក។
 
ទោះបីជា​មាន​ការយឺតយ៉ាវ ប៉ុន្តែ ជោគជ័យ​លើកនេះ​របស់ចិន បង្ហាញ​ពី​សមត្ថភាព​ថ្មី​របស់ចិន​ខាងផ្នែក​អវកាស។ ជំនាញ​ខាងផ្នែក​អវកាស គឺ​មាន​ន័យថា ប្រជាជន​ចិន​ស្វែងយល់​ចេះដឹង ពី​ជំនាញ​ជា​យុទ្ធសាស្រ្ត​ជាច្រើន ដូចជា​រូបវិទ្យា ការប្រើ មនុស្សយន្ត និង​ផ្នែក​ទំនាក់ទំនង​ព័ត៌មានវិទ្យា។ ចិន​បាន​ពង្រឹង​ផ្នែក​យោធា។ ចិន​នៅពេលនេះ បាន​សម្រេច​ជោគជ័យ​របស់ខ្លួន ខាងផ្នែក​បច្ចេកវិទ្យាទៀត។ ជោគជ័យ​មិនឈប់ឈរ​របស់ចិន គឺ​ជា​ក្តីព្រួយបារម្ភ​របស់​ប្រទេស​ដែល​ជា​គូប្រជែង ដូចជា​អាមេរិក​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ