អានតួអត្ថបទ
ចិន-អាមេរិក

ចិន​ចោទ​អាមេរិក​ថា ជា​អ្នក​ចិញ្ចឹម​ភាពតានតឹង​នៅ​ក្នុង​សមុទ្រចិន

នៅ​ថ្ងៃ​សុក្រ ទី១០ ឧសភា ក្រសួង​ការបរទេស​ចិន​បាន​ចោទ​សហរដ្ឋអាមេរិក​ថា ជា​អ្នក​ដែល​បាន​យក​សំាង​ទៅ​ចាក់​លើ​ពំនូក​ភ្លើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង តាម​រយៈ​សេចក្តីថ្លែង​មួយ​ចំនួន​ដែល​គ្មាន​លក្ខណៈ​ទទួល​ខុស​ត្រូវ។ ការ​ចោទ​របស់​ទីក្រុង​ប៉េកំាង​លើ​ទីក្រុង​វ៉ាស៊ីនតោន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ភាព​តានតឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​ឡើង​ខ្លំាង​រវាង​ចិន ហ្វីលីពីន​និង​ចិន វៀតណាម។

លោកស្រីហួរ ជុនយីង អ្នកនំាពាក្យ​របស់​ក្រសួង​ការបរទេសចិន
លោកស្រីហួរ ជុនយីង អ្នកនំាពាក្យ​របស់​ក្រសួង​ការបរទេសចិន
ផ្សាយពាណិជ្ជកម្ម

 

« យើង​បាន​ស្នើ​សហរដ្ឋអាមេរិក​ឲ្យ​បញ្ចេញ​ប្រតិកម្ម និង​និយាយ​ស្តី​អ្វី​ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង​បន្តិច ពិសេស​ត្រូវ​បញ្ឈប់​ការ​ថ្លែង​ទំាង​ឡាយ​ណា​ដែល​គ្មាន​លក្ខណៈ​ទទួល​ខុសត្រូវ និង​គួរ​តែ​ធ្វើ​កិច្ចការ​អ្វី​ដែល​មាន​គោលដៅ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​ហួរ ជុនយីង អ្នក​នំាពាក្យ​របស់​ក្រសួង​ការបរទេស​ចិន។ កាល​ពី​សប្តាហ៍​កន្លង​ទៅ ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​បញ្ជូន​ស្ថានីយបូមប្រេង​បន្តែត​លើ​ទឹក​មួយ​ទៅ​កាន់​តំបន់​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ខ្លួន​កំពុង​មាន​ជម្លោះ​ប្រទាញប្រទង់​ជាមួយ​ប្រទេស​អាស៊ាន​មួយ​ចំនួន ពិសេស​វៀតណាម។ គឺ​ការ​ប្រកាស​របស់​ទីក្រុង​ប៉េកំាង​ពេល​នោះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​រវាង​ប៉េកំាង និង​ហាណូយ​ដែល​កំពុង​តានតឹង​ស្រាប់​រឹត​តែ​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត។ សម្រាប់​អាមេរិក​ឯណោះ ទីក្រុង​វ៉ាស៊ីតោន​ក៏​បាន​ចាត់​ទុក​ជា​ការ​ប្រកាស​របស់​ប៉េកំាង​ថា ជា​ការ​បង្ក​រឿង។

សូម​ជម្រាប​ជូន​ថា នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តំបន់​នៅ​ជុំវិញ​កន្លែង​ដែល​ចិន​គម្រោង​បញ្ជូន​ស្ថានីយបូមប្រេង​បន្តែត​លើ​ទឹក​ទៅ​ដាក់​នោះ​បាន​ក្លាយ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លំាង រហូត​ដល់​មាន​ការ​បើក​បុក​គ្នា​ទៀត​ផង​រវាង​នាវា​វៀតណាម និង​នាវា​ចិន និង​ដែល​ប៉េកំាង និង​ហាណូយ​បាន​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៨ ឧសភា មន្រ្តីការទូត​ចិន​ម្នាក់​បាន​បញ្ជាក់​ថា ចិន​មិន​ដែល​បាន​បង្ក​រឿង​អ្វី​ទំាង​អស់ គឺ​វៀតណាម​ទេ​ដែល​តែង​តែ​បាន​បង្ក​រឿង​មុន​គេ​ជានិច្ច។ ចំណែក​អ្នក​នំា​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ហួរ​បាន​បន្ថែម​ថា ចិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​វៀតណាម។

តែ​យ៉ាង​ណា​ក៏​ដោយ ការ​ថ្លែង​បញ្ជាក់​របស់​ចិន​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ខ្លះ​ជឿ​នោះ​ទេ ពិសេស​ជប៉ុន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ទាក់ទង​នឹង​ទីប្រជុំ​កោះ​សេនកាគុ​ដែល​កំពុង​ស្ថិត​ក្រោយ​ការ​គ្រប់គ្រង​របស់​តូក្យូ តែ​ត្រូវ​បាន​ប៉េកំាង​កំពុង​ទាមទារ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ សម្រាប់​ទីក្រុង​តូក្យូ ចិន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទំាង​ស្រុង​ចំពោះ​ស្ថានការណ៍​ធ្លាក់​ចុះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទាក់ទង​នឹង​ទីប្រជុំកោះ Paracels និង Spratleys ជាមួយ​វៀតណាម​ពេល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ