អានតួអត្ថបទ
ចិន-វៀតណាម

ចិន​ចាប់ខ្លួន​អ្នកនេសាទ​វៀតណាម​៦រូប​

អ្នកទទួលខុសត្រូវ​​វៀតណាម​​បានប្រកាស​នៅថ្ងៃសុក្រ​នេះថា កប៉ាល់​ល្បាត​ចិន​ច្រើនគ្រឿង​បាន​នាំគ្នា​ចាប់ខ្លួន​អ្នក​នេសាទ​វៀតណាម​​៦នាក់។ តែ​កាសែត​រដ្ឋវៀតណាម​ Tuoi Tre បាន​ចុះផ្សាយ​​ថា​​អ្នកនេសាទ​វៀតណាម​ទាំងនេះ​​ ត្រូវបានកប៉ាល់​ចិន​មួយគ្រឿង​ដែល​ត្រួតពិនិត្យ​សកម្មភាព​នេសាទ នៅ​ឈូងសមុទ្រ​តុងកឹង ​នៅ​សមុទ្រចិន​ខាងត្បូង ចាប់ខ្លួន។ រហូត​មកដល់​ពេលនេះ ​​​​​ក្រសួង​ការបរទេស​វៀតណាម នៅ​មិនទាន់​ចេញ​ប្រតិកម្ម​​អ្វី​ទាក់ទង​នឹង​ការ​ចាប់ខ្លួន​នេះទេ។

កប៉ាល់​នេសាទ​វៀតណាម
កប៉ាល់​នេសាទ​វៀតណាម Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​កប៉ាល់​ល្បាត​ចិន ចាប់ខ្លួនអ្នកនេសាទ​វៀតណាម​៦រូប នៅសមុទ្រចិន​​ខាងត្បូង​​ពេល​នេះ​​ ចៀស​មិនផុត​នឹង​ធ្វើ​​​អោយ​វៀតណាម​​និង​ចិន​ផ្ទុះ​កំហឹង​នឹង​គ្នា​ជាថ្មី​ទៀតនោះទេ។ ប៉ុន្តែ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​អះអាង​ថា ​​​ចិន​ចាប់ខ្លួន​អ្នកនេសាទ​ទាំងនោះ ដោយសារ​​តែ​ពួកគេ​បានធ្វើ​ប្រតិបត្តិការ​ខុសច្បាប់ ចូល​ក្នុង​ដែនទឹក​​របស់​ចិន នៅ​ភាគ​ខាងត្បូង​​​ កោះហៃណាន។ ​

​ក្រុង​ហាណូយ​តែង​ចោទ​ក្រុងប៉េកាំង​ ថា​បាន​ចាប់ខ្លួន​​​​ក្រុម​អ្នក​​នេសាទ​វៀតណាម​​រាប់រយ​​កប៉ាល់​មកហើយ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ​ប៉ុន្តែ​ ​​ការ​ចាប់ខ្លួន​អ្នកនេសាទ​វៀតណាម​៦រូប​ពេលនេះ ជា​​ហេតុការណ៍​គួរ​អោយ​កត់សម្គាល់ គិតចាប់ពី​ខែ​ឧសភា​មក ពេល​ចិន​ធ្វើ​សកម្មភាព​​ខួង​បូមប្រេង​នៅ​បាតសមុទ្រ​​ នៅ​​ដែនទឹក​ជម្លោះ​ជាមួយ​វៀតណាម ​ជិត​ប្រជុំកោះ​ប៉ារ៉ាសែល​​។

គួររំលឹក​ថា សកម្មភាព​បោះ​គ្រឿងចក្រ​ដើម្បី​ខួង​បូមប្រេង​របស់​ក្រុងប៉េកាំង​ បាន​​បង្ក​អោយ​មាន​បាតុកម្ម​ហិង្សា​បះបោរ​នៅវៀតណាម ប្រឆាំង​រោងចក្រ​ចិន និង​រោងចក្រ​បរទេស​ផ្សេងទៀត ធ្វើអោយ​មាន​មនុស្ស​ស្លាប់​និង​របួស ​បង្ខំអោយ​ក្រុងប៉េកាំងជម្លៀស​ពលរដ្ឋ​​ខ្លួន​រាប់ពាន់​នាក់ ​ចេញ​ពី​ទឹកដីវៀតណាម។ ក្រោយ​ហេតុការណ៍​ប៉ះទង្គិច​​នេះ​មក ​ក៏​មាន​ហេតុការណ៍ប៉ះទង្គិច​​រវាង​កប៉ាល់​ចិន និង​កប៉ាល់​វៀតណាម​​ជាង១០គ្រឿង​មកហើយ​ដែរ។ ក្រសួង​ការបរទេស​វៀតណាម​ប្រកាស​ថា នឹង​​ពិនិត្យ​មើល​ពី​លទ្ធភាព​ប្តឹង​ក្រុង​ប៉េកាំង​តាមផ្លូវច្បាប់ ទាក់ទង​នឹង​សកម្មភាពបូមប្រេង​របស់​ចិន។

ចិន​និង​វៀតណាមឈ្លោះ​គ្នា ​​ដណ្តើម​បូរណភាព​​ប្រជុំ​កោះប៉ារ៉ាសែល Paracels និង​សាប្រាតថ្លី Spartleys។​ ដែនទឹក​នៅតាម​ប្រជុំកោះ​ទាំងនេះ​ សម្បូរ​ដោយ​ធនធានប្រេង ហើយ​ទីកន្លែង​ទាំងនេះទៀតសោត​ ក៏​ជា​ផ្លូវ​ទឹក​​ដ៏​មាន​សារៈសំខាន់​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ