អានតួអត្ថបទ
ចិន-ជប៉ុន

ដំណើរ​ឆ្ពោះទៅ​រកការ​បើក​​ជំនួប​កំពូល​ចិន​-ជប៉ុន ឡើងវិញ

នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ និង​ប្រធានាធិបតី​ចិន ស៊ី ជិនពីង ទំនង​ជា​នឹង​អាច​ជួប​ពិភាក្សា​គ្នា​​ ក្នុង​ជំនួប​ទ្វេ​ភាគី​ ជា​លើក​ទី​មួយ នៅ​សប្តាហ៍​ក្រោយ នៅ​ទីក្រុង​ប៉េកាំង នា​ឱកាស​ដែល​ចិន​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ទទួល​រៀប​ចំ​​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ឬ​ហៅ​ថា APEC។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ជប៉ុន​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី ៧ វិច្ឆិកា ២០១៤។

នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe និង​ប្រធានាធិបតី​ចិន Xi Jinping នៅ​ជំនួប​G២០ ប្រទេស​រុស្ស៊ី
នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe និង​ប្រធានាធិបតី​ចិន Xi Jinping នៅ​ជំនួប​G២០ ប្រទេស​រុស្ស៊ី Montage RFI/Reuters
ផ្សាយពាណិជ្ជកម្ម

មហាអំណាច​សេដ្ឋកិច្ច​ប្រចាំ​​តំបន់​អាស៊ី ទាំង​ពីរ​ ចិន​ និង​ជប៉ុន បែរ​ខ្នង​ដាក់​គ្នា​​ តាំង​ពី​ចុង​ឆ្នាំ ២០១២មក ដោយ​ហេតុ​តែ​គំនិត​ជាតិនិយម ប្រជែង​គ្នា​ក្នុង​ជម្លោះ​ដែន​ដី និង​ប្រវត្តិសាស្ត្រ។ ឡើងកាន់​តំណែង​ជា​អ្នក​ដឹកនាំ​ប្រទេស​រៀង​ខ្លួន ក្នុង​ពេល​ទន្ទឹម​គ្នា ម្នាក់​នៅ​ចុង​ឆ្នាំ​២០១២ ម្នាក់​ទៀត​នៅ​ដើម​ឆ្នាំ​២០១៣ លោក​ស៊ីនហ្សូ អាបេ និង​លោក ស៊ីជិនពីង មិន​បាន​រៀប​ចំ​ជំនួប​ទ្វេភាគី​ អស់​រយៈ​ពេល​បី​ឆ្នាំ​ហើយ។

 
ប៉ុន្តែ​នៅ​ថ្ងៃនេះ បើតាម​ទូរទស្សន៍​ជប៉ុន NHK មាន​ការ​រៀប​ចំ​ជា​លក្ខណៈ​ជាក់​ស្តែង​ហើយ​ ដើម្បី​​ឈាន​ដល់​ការ​បើក​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​ចិន-ជប៉ុន។ សូម​បញ្ជាក់​ថា​ លោក​ស៊ីនហ្សូ​ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន ធ្លាប់​បាន​បង្ហាញ​ចេតនា ចង់បើក​កិច្ច​ចរចា​ជាមួយ​ចិន​ ប៉ុន្តែ​ប៉េកាំង​​តែង​បដិសេធ​រហូតមក។ ​

នៅ​ពេល​នេះ ទាំង​រដ្ឋាភិបាលចិន និង​ទាំង​រដ្ឋាភិបាល​ជប៉ុន មិន​បាន​បញ្ជាក់​ព័ត៌មាន​ស្តី​អំពី​ជំនួប​ទ្វេ​ភាគី​ចិន​ជប៉ុន​ទេ។ មាន​តែ​សេចក្តី​ថ្លែង​ការណ៍​ដាច់​គ្នា​ពីរ តែ​មាន​ខ្លឹម​សារ​ក្នុង​ទិស​តែ​មួយ​​ថា តូក្យូ​និង​ប៉េកាំង​​​ព្រម​ព្រៀង​ ​បើក​ឱ្យ​មាន​ការចរចា​នយោបាយ ការទូត និង​សន្តិសុខ​ ឡើង​វិញ​បន្តិច​ម្តងៗ។

ជំនួប​ជាន់​ខ្ពស់​ចុងក្រោយ​បង្អស់​រវាង​ចិន​និង​ជប៉ុន បាន​ប្រព្រឹត្ត​ទៅ​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១១ រវាង​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន សម័យ​នោះ គឺ​​លោក យូស្ហ៊ីហ៊ីកូ ណូដា ជាមួយ​ប្រធានាធិបតីចិន លោក ហ៊ូ ជីនតាវ បន្ទាប់​មក​ម្តង​ទៀត នៅ​ខែ​ឧសភា ឆ្នាំ​២០១២​ រវាង​នាយករដ្ឋមន្ត្រី​ជប៉ុន​ដដែល​ជាមួយ​សមភាគី​ចិន លោក វេន ជាប៉ាវ។

ទំនាក់​ទំនង​ជប៉ុន​ជាមួយ​ប្រទេស​ជិត​ខាង មិន​ដែល​ល្អ ដោយ​ហេតុ​តែ​ប្រវត្តិសាស្ត្រ​ ​ជប៉ុនធ្លាប់​ឈ្លាន​ពាន ចិន​ ពី​ឆ្នាំ​១៩៣១-១៩៤៥​ និង​ឧបទ្វីបកូរ៉េ ពី​ឆ្នាំ ១៩១០-១៩៤៥។ ដើម្បី​ប្រារព្ធ​ខួបមួយ​ឆ្នាំ​នៃ​ការ​វិល​មក​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី លោក ស៊ីនហ្សូ អាបេ បាន​​អញ្ជើញ​ទៅ​វិហារ​យ៉ាស៊ូគូនី ដែល​មានកប់​សព​​ឧក្រិដ្ឋជន​​ក្នុង​សម័យ​​សង្គ្រាម និង​ដែល​បាន​បញ្ចេះ​កំហឹង​ ប៉េកាំង​និង​សេអ៊ូល ឱ្យ​ដុត​រោល និង​ច្រាន​ទម្លាក់​ទំនាក់​ទំនង​ជប៉ុន​ជាមួយ​ប្រទេស​ជិត​ខាង​ទាំង​នេះ​ឱ្យ​ធ្លាក់​ស្ទើរ​ដល់​បាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ