អានតួអត្ថបទ
ចិន

ចិន​ដកតំណែង​មន្ត្រីជាន់ខ្ពស់​សភា​ប្រជាជន​ខេត្ត​ហ៊ូណាន​ ៥៦នាក់​

នៅថ្ងៃ​សៅរ៍​នេះ សភា​ប្រជាជន​ខេត្ត​ហ៊ូណាន ជា​ខេត្ត​ស្ថិត​នៅភាគកណ្តាល​ប្រទេស​ចិន បាន​ប្រកាស​ថា បាន​ដកតំណែង​មន្ត្រីជាន់ខ្ពស់​​របស់​ខ្លួន​៥៦នាក់។ មន្ត្រី​ទាំងនេះ​ជាប់ចោទ ពីបទ​សូកប៉ាន់​​សមាជិ​ក​ក្រុមប្រឹក្សា​សាលាក្រុង​ហេងយ៉ាង ដោយ​ផ្តល់ជាទឹកប្រាក់​សំណូក​ដល់ពួកគេ​ប្រមាណ​១៣លានអឺរ៉ូ។

តាំង​ពី​លោក ស៊ី ជិនពីង​ឡើងកាន់​តំណែង​ប្រធានាធិបតី​ចិន​មក រដ្ឋាភិបាល​ចិន​បើក​យុទ្ធនាការ​កំចាត់​អំពើពុករលួយ​ គួរអោយ​កត់សម្គាល់​ក្រៃលែង
តាំង​ពី​លោក ស៊ី ជិនពីង​ឡើងកាន់​តំណែង​ប្រធានាធិបតី​ចិន​មក រដ្ឋាភិបាល​ចិន​បើក​យុទ្ធនាការ​កំចាត់​អំពើពុករលួយ​ គួរអោយ​កត់សម្គាល់​ក្រៃលែង REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

សភា​ប្រជាជន​ខេត្ត​ហ៊ូណាន ជា​ខេត្ត​ស្ថិត​នៅភាគកណ្តាល​ប្រទេស​ចិន បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ ​ថា​បាន​ដកតំណែង​មន្ត្រីជាន់ខ្ពស់​​របស់​ខ្លួន​៥៦នាក់ ក្នុង​ចំណោម​សមាជិក​សរុប​​ទាំងអស់​ ៧៦៣នាក់។

មន្ត្រី​ទាំង៥៦រូបនេះ​​ ជាប់ចោទ ពីបទ​​សូក​ប៉ាន់​​​សមាជិ​ក​ក្រុមប្រឹក្សា​ក្រុង​ហេងយ៉ាង ចំនួន​៥១៨នាក់។​ ក្រុងហេងយ៉ាង​ ជា​ក្រុងសំខាន់​ទីពីរ​នៃ​ខេត្ត​ហ៊ូណាន។ ទឹកប្រាក់​សំណូក​ដែល​មន្ត្រី​ទាំង​៥៦រូបនេះ​ផ្តល់ទៅ​អោយ​សមាជិក​ក្រុមប្រឹក្សា​សាលាក្រុងហេងយ៉ាង​ មាន​​​ប្រមាណ​១១០លានយ័ន ត្រូវ​នឹង​១៣លានអឺរ៉ូ។ បន្ទាប់​ពី​មានការ​ប្រកាស​នេះ​មក សមាជិក​​ក្រុមប្រឹក្សា​ក្រុង​ហេងយ៉ាង​៥១២នាក់ បាន​​លាចេញ​ពីតំណែង​របស់ខ្លួន។

ការ​ដែល​សភា​ប្រជាជន​ខេត្ត​ហ៊ូណាន​ ប្រកាស​ដកតំណែង​សមាជិក​ខ្លួន​នេះ ស​បង្ហាញ​ថា ខេត្ត​ហ៊ូណាន​បាន​ខិតខំ​សម្រប​ការដឹកនាំ​របស់​ខ្លួន​អោយស្រប​តាម​ការសំរេច​របស់​គណបក្ស​កុម្មុយនិស្ត​ចិន ដើម្បី​ធ្វើ​យុទ្ធនាការ​កំចាត់​អំពើ​ពុករលួយ​ក្នុង​ប្រទេស។ យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ គឺ​ជា​យុទ្ធនាការ​ផ្តួចផ្តើម​ដោយ​ប្រធានាធិបតី​​ ស៊ី ជិនពីង តាំង​ពី​លោក​បានឡើង​កាន់អំណាច នៅ​កំឡុង​ចុងឆ្នាំ​២០១២មក។

កាលពីថ្ងៃ​សុក្រ អាជ្ញាធរ​ចិន​ទើប​បាន​ប្រកាស​បើក​ការស៊ើបអង្កេត​​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​កំពូល​ទី២​នៃ​បក្ស​កុម្មុយនិស្ត​ នៅតំបន់​ស៊ីនជាំង។ បច្ចុប្បន្ន ​អ្នកទទួលខុសត្រូវ​ចិន​ដែល​មាន​ឋានៈ​​ស្មើ​រឺ​ក៏​ខ្ពស់ជាង​អនុរដ្ឋមន្ត្រី​ យ៉ាង​ហោច​ក៏​១៧រូប​ដែរ ដែល​បាន​​ធ្លាក់ពី​តំណែង​ដោយសារ​តែ​យុទ្ធនាការ​កំចាត់អំពើ​ពុករលួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ