អានតួអត្ថបទ
ស៊ីរី-រុស្ស៊ី-ចិន

ចិន និង​រុស្ស៊ី​ច្រាន​ចោល​ការ​ធ្វើ​អន្តរាគមន៍​យោធា​លើ​ប្រទេស​ស៊ីរី

នៅ​ថ្ងៃ​ពុធ ទី៣០ ឧសភា​នេះ ប្រទេស​រុស្ស៊ី និង​ចិន​បាន​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​ថា ខ្លួន​នឹង​មិន​យល់​ព្រម​ឲ្យ​មាន​អន្តរាគមន៍​យោធា​លើ​ប្រទេស​ស៊ីរី​ទេ។ សេចក្តី​បញ្ជាក់​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​បារំាង François Hollande ដែល​ថា លោក​គំាទ្រ​ឲ្យ​មាន​អន្តរាគមន៍​តាម​ផ្លូវយោធា​លើ​ប្រទេស​ស៊ីរី តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​យល់ព្រម​ពី​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។

ចិន និង​រុស្ស៊ី​ច្រាន​ចោល​ការ​ធ្វើ​អន្តរាគមន៍​យោធា​លើ​ប្រទេស​ស៊ីរី
ចិន និង​រុស្ស៊ី​ច្រាន​ចោល​ការ​ធ្វើ​អន្តរាគមន៍​យោធា​លើ​ប្រទេស​ស៊ីរី
ផ្សាយពាណិជ្ជកម្ម

« ទីក្រុង​ម៉ូស្គូ​ប្រឆំាង​ដាច់​ខាត​នឹង​គ្រប់​អន្តរាគមន៍​តាម​ផ្លូវ​យោធា​លើ​ប្រទេស​ស៊ីរី។ អន្តរាគមន៍​យោធា​ដែល​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ស៊ីរី​កាន់​តែ​ដុនដាប ព្រម​ទំាង​ជះ​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់ » នេះ​ជា​ការ​ថ្លែង​របស់​លោក Guennadi Gatilov អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី។ នៅ​ប្រទេស​ចិន​ឯណោះ អ្នក​នំាពាក្យ​ក្រសួង​ការ​បរទេស លោក Liu Weimin បាន​រម្លឹក​ជា​ថ្មី​ម្តង​ទៀត​ថា ទីក្រុង​ប៉េកំាង​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ទៅ​នឹង​គ្រប់​អន្តរាគមន៍​យោធា​លើ​ស៊ីរី និង​មិន​គំាទ្រ​ការ​ផ្លាស់ប្តូរ​ទំាង​បង្ខំ​ណា​មួយ​នៅ​ស៊ីរី​ទេ។

ការ​ដែល​រុស្ស៊ី និង​ចិន​បាន​បញ្ជាក់​ជា​ថ្មី​ពី​ជំហរ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ​ស៊ីរី​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​បារំាង François Hollande បាន​ថ្លែង​ថា លោក​គំាទ្រ​ឲ្យ​មាន​អន្តរាគមន៍​តាម​ផ្លូវយោធា​លើ​ប្រទេស​ស៊ីរី តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​យល់ព្រម​ពី​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។

គួរ​ជម្រាប​ជូន​ថា តំាង​ពី​វិបត្តិ​នៅ​ស៊ីរី​បាន​ចាប់​ផ្តើម​មក ចិន និង​រុស្ស៊ី​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​ដែល​មាន​សិទ្ធិ​វេតូ ធ្លាប់​បាន​បោះឆ្នោត​ប្រឆំាង ២លើក​ទៅ​នឹង​គម្រោង​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ថ្កោលទោស​អំពើហិង្សា​នៅ​ស៊ីរី។ តែ​ទន្ទឹម​គ្នា​នេះ ទីក្រុង​ប៉េកំាង និង​ម៉ូស្គូ​បាន​បោះឆ្នោត​គំាទ្រ​ឲ្យ​​បង្កើត​បេសកកម្ម​ត្រួតពិនិត្យ​របស់​សហប្រជាជាតិ​មួយ​នៅ​ស៊ីរី តាម​រយៈ​សេចក្តីសម្រេចចិត្ត​លេខ ២០៤៣ ដើម្បី​ឃ្លំាមើល​ការ​ឈប់បាញ់​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃទី ១២ មេសា​កន្លង​ទៅ។

ថ្មីៗ​នេះ និង​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នៅ Houla មក ចិន និង​រុស្ស៊ី​បាន​អនុម័ត​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​គ្មាន​លក្ខណៈ​ចាប់​បង្ខំ ដែល​បាន​ទិតៀន រិះគន់​​របប​ស៊ីរី​របស់​លោក​ប្រធានាធិបតី Bachar al Assad និង​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​បិទបញ្ចប់​អំពើ​ហិង្សា។ សម្រាប់​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី សេចក្តីថ្លែងការណ៍​របៀប​នេះ​ពិត​ជា​សញ្ញា​ព្រមាន​មួយ​ចំពោះ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ស៊ីរី និង​ក៏​ជា​ប្រតិកម្ម​គ្រប់គ្រាន់​ពី​សំណាក់​ក្រុមប្រឹក្សា​សន្តិសុខ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ