អានតួអត្ថបទ
ចិន

អតីតមន្ត្រីជាន់ខ្ពស់ចិន​ម្នាក់ទៀត​ជាប់​ចោទ​ពី​បទ​ពុករលួយ​

នៅ​​ប្រទេស​ចិន​​លោក Liu Tienan ​អតីត​នាយក​នៃ​គណៈកម្មការ​ទទួល​បន្ទុក​ខាង​កំណែ​ទម្រង់​និង​អភិវឌ្ឍន៍ជាតិ​(NDRC) ជា​មន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ដែលត្រូវ​ចូល​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​​ក្នុង​​ភាគខាងជើងប្រទេសចិននៅ​ថ្ងៃ​ពុធ​ទី​២៤​កញ្ញា​នេះ ។​ការ​ចូល​ខ្លួន​នៅ​មុខ​តុលាការ​​ដោយ​មក​ពី​លោក​​ជាប់​ចោទពីបទ​ស៊ីសំណូក​សូក​ប៉ាន់ចំ​នួនទឹកប្រាក់ ​៤​លាន​៥​ម៊ីន​អឺរ៉ូ។​ 

លោក​លៀវជាញាន​​អតីត​មន្ត្រី​ជាន់​ខ្ពស់​ចិន​​​ខាង​កំណែ​ទម្រង់​និង​អភិវឌ្ឍន៍​ជាតិ​​ចូល​មុខ​តុលាការ​នៅ​ថ្ងៃ​ពុធ​​២៤​កញ្ញា​២០១៤​
លោក​លៀវជាញាន​​អតីត​មន្ត្រី​ជាន់​ខ្ពស់​ចិន​​​ខាង​កំណែ​ទម្រង់​និង​អភិវឌ្ឍន៍​ជាតិ​​ចូល​មុខ​តុលាការ​នៅ​ថ្ងៃ​ពុធ​​២៤​កញ្ញា​២០១៤​
ផ្សាយពាណិជ្ជកម្ម

លោក Liu Tienan ​អតីត​មន្រ្តី​ជាន់​ខ្ពស់​ចិន​ម្នាក់​ទៀត​​ដែលមានតួ​នាទី​ស្មើ​នឹង​អនុ​រដ្ឋមន្ត្រី​ដែរ​​ ត្រូវ​​បាន​ចូលខ្លួននៅមុខតុលាការ​ចិននៅ​ថ្ងៃ​ពុធ២៤កញ្ញា​នេះ​ពី​បទ​ជាប់​ចោទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ 

ម្យ៉ាងទៀត​ ជាបទ​ចោទ​ប្រកាន់​​ច្រើន​ករណីយ​ដែលរដ្ឋអាជ្ញាបានដាក់បន្ទុក​លើ​​លោក​ ​Liu ​នឹង​ជំរុញ​ឲ្យ​អតីត​មន្ត្រី​ជាន់​ខ្ពស់​នេះ រង​ទោស​ឧក្រិដ្ឋ​​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត-នេះ​បើ​យោង​តាម​​​សេចក្តី​ជូន​ដំណឹង​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​តុលាការ​នៅ Langfang ​ខេត្ត​ហេបី​ ​​(Hebei)​ ភាគ​ខាង​ជើង​ប្រទេស​ចិន។

នៅ​លើ​ microblogs របស់ខ្លួន តុលាការចិន បាន​ផ្សព្វផ្សាយ​រូបថត​របស់លោក Liu ​អតីត​មន្ត្រី​ជាន់​​ខ្ពស់​ចិននេះ ឈរនៅក្នុងសាលសវនាការ អម​ដោយ​​បូលិស​ពីររូប។ ក្រៅ​ពី​មុខ​តំណែង​ជា​អតីត​​នាយក​នៃ​គណៈកម្មការ​ទទួល​បន្ទុក​ខាង​កំណែ​ទម្រង់​និង​អភិវឌ្ឍន៍ជាតិ​(NDRC)ដែល​ជា​ស្ថាប័ន​​សម្រេច​អារកាត់​លើ​គម្រោង​ឧស្សហកម្ម​​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​ចិន​ លោក Liu ក៏​ជា​អ្នក​​ដឹកនាំ​ផងដែរទីភ្នាក់ងារ​ជាតិ​ទទួល​បន្ទុក​ផ្នែក​ឋាមពល។

លោក Liu ​ត្រូវ​ជាប់​ចោទ​ប្រកាន់​ពី​បទ រំលោភ​លើ​អំណាច​​ដោយ​បាន​ប្រគល់​កុងត្រា​ការងារ​រដ្ឋ​នានា​​ឲ្យ​ដល់​មនុស្ស​ជំនិត​ខ្លួន។ បើ​យោង​តាម​តុលាការ សំណូក​សូកប៉ាន់ទាំងនោះ មាន​​ជា​លុយ​​​សុទ្ធ អំណោយ​ផ្សេងៗ​សំរាប់​កូន​ប្រុស​លោក ​ផ្ទះ​មួយ​នៅ​ទីក្រុង​ប៉េកាំង និង​ រថយន្ត​​ធុន​ថ្លៃ​ម៉ាក Porsche​ជា​ដើម។

ស្ថិតនៅក្រោមការស៊ើបអង្កេត​របស់តុលាការតាំងពីឆ្នាំមុន​ពី​បទពុករលួយ  លោក Liu ត្រូវ​បាន​គេ​ហូត​​តំណែង​លោកទាំងអស់​​នៅ​ខែ​ឧសភា​ឆ្នាំ​២០០១៣ ព្រម​ទាំង​ដក​ចេញ​ពី​ជួរ​គណៈបក្ស​កុម្មុយនិស្ត​​ចិន​នៅ​ដើម​ខែ​សីហា។

គួររំលឹកថា អំពើពុករលួយ​នៅ​តែ​ជា​រោគ​រាតត្បាត​យ៉ាងត្រាំត្រែង​មួយ​នៅ​ក្នុង​សង្គមចិន ​ដែល​ត្រូវ​​បាន​អ្នក​ជំនាញនានាមើល​ឃើញ​ថា ទោះបី​ជាមានការប្រឹងប្រែង​ពីសំណាក់​អាជ្ញាធរ​ចិន​ក្នុង​​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយយ៉ាងណាក្តី ជំងឺពុករលួយនេះ ក៏វាពិបាកនឹង​​ជា​សះ​ស្បើយ​ភ្លាមៗ​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ